ពីនេះ ពីនោះ
ឱ​ជីវិត​
02, May 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
ឱ​ជីវិត​


​បុរស​កំសត់ ថៃ ធី​ម

​កើតមក​មួយ​ជាតិ​ធាតុ​មួយ​ចាន     ​លំបាក​ឥត​ស្រាន្ត​មិន​ស្គាល់​សុខ​
​រក​ព្រឹក​ខ្វះ​ល្ងាច​ក្រ​ស្គាល់មុខ     ​ជីវិត​ជួប​ទុក្ខ​ប្រាណ​លំបាក​។​

​ត្រកូល​ក្រីក្រ​ត្រដររស់     ​រស់​គ្មាន​កិត្តិយស​សែន​កំសាក​
​ខ្ទម​កម្សត់​ជីវិត​តោកយ៉ាក     ​រយីក​រយាក​វេទនា​ក្រៃ​។​

​សម្លៀកបំពាក់​សុទ្ធ​បំណាស់     ​របស់​ប្រើប្រាស់​មិន​ស្គាល់​ថ្មី​
​ម្ហូបអាហារ​មិនដែល​ស្គាល់​ត្រី     ​សាច់​គោក​ក្របី​ជ្រូក​មាន់​ទា​។​

​ព្រលឹម​ទល់​យប់​ព្រលប់​ថ្ងៃ     ​ធ្វើ​មិន​ដាក់​ដៃ​កាយ​គ្រាំគ្រា​
​បាយ​នឹង​អំបិល​ឬ​ពង​ទា     ​មិន​ស្គាល់​ញាំ​ភ្លា​ម្ជូរ​ស្ងោរ​អាំង​។​

​ឱ​ជីវិត​អើយ​ថ្ងៃ​ណា​ទៅ     ​រួចផុត​ជ្រោះ​ជ្រៅ​ដែល​បិទបាំង​
​ផុតពី​រណ្ដៅ​លំបាក​ខ្លាំង     ​ខ្ញុំ​ប្រឹង​តតាំង​ក្រែង​មានភ័ព្វ​។​

​ចិត្ត​នៅ​សង្ឃឹម​ខំ​ដើរ​ឆ្ព​ស់     ​ជីវិត​នៅរស់​សង្ឃឹម​ជាប់​
​គង់​មាន​ថ្ងៃមួយ​ធូ​ធា​គាប់​    ​រស់នៅ​មានទ្រព្យ​គ្រប់គ្រាន់​ចាយ​។​

​សង្គម​ទេវតា​ស្គាល់​តែ​ក្រ     ​ទេវតា​ត្រេកអរ​ហ៊ោរ​សប្បាយ​
​ស្គាល់​តែ​នាយទុន​សើច​ក្អាកក្អាយ     ​អ្នកក្រ​សោកស្ដាយ​ទឹកភ្នែក​ហូរ​។​

​ដំរី​ជាន់ខ្លា ០៥ ០៤ ២០១៦


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com