ពីនេះ ពីនោះ
ហេតុផល​ដែល​ធ្វើ​ឲ្យ​ស្វាមីភរិយា​ប្រេះឆា និង​បែកបាក់​គ្នា
03, May 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការជួប ឬ​ព្រាត់​គឺជា​រឿង​ធម្មតា​។ មនុស្ស សត្វ រុក្ខជាតិ និយាយ​រួម គ្រប់​ភាវៈ​ដែលមាន​នៅក្នុង​ចក្រ​វា​ឡ​សុទ្ធតែ​មានការ​ប្រែប្រួល​។ ប៉ុន្តែ​ជីវិត​ជា​ប្ដី​ប្រពន្ធ​មិនអាច​ត្រូវ​ប្រឈម​ការព្រាត់ប្រាស់​គ្នា​ដោយ​ហេតុផល​មួយចំនួន ខាងក្រោម​នេះនោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​តែងតែ​នាំ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​បែកបាក់​គ្នា​៖



​ជាការ​ពិតណាស់ ជីវិត​ប្ដី​ប្រពន្ធ​និង​ឈានដល់​ផ្លូវបំបែក​ភ្លាម​នៅពេលដែល ប្ដី​ប្រពន្ធ​ខ្វះ​ភាពស្មោះត្រង់​ជាមួយគ្នា មិន​លើកតម្កើង​គ្នា មានចិត្ត​គំនិត​មិន​ដូចគ្នា ប្រមាថមើលងាយ​គ្នា ចូលចិត្ត​ចាប់កំហុស​គ្នា និង​មិន​គោរព​គ្នា​។ បន្ថែម​ពីនេះ​ទៅទៀត​ការ មិនចេះ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតមានឡើង​ក្នុង​គ្រួសារ មិន​ខិតខំ​ធ្វើ​ការងារ មិន​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ស្វាមីភរិយា និង​មាន​ភាព​ផ្ដាច់ការ​ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ ក៏​ជាដើម​ហេតុដែល​នាំ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​ត្រូវបាន​បញ្ចប់​ផងដែរ​។​

​យ៉ាងណាមិញ ការ​ប្រចណ្ឌ​ជ្រុល ការមិនយល់​ពី​បំណង​គ្នា ខ្វះ​ភាព​អំណត់ មិន​ផ្ដល់​ការស្រឡាញ់​ឲ្យ​គ្នា មើលឃើញ​មនុស្ស​ផ្សេង​ស្អាត​ជាង​ប្ដី​ឬ​ប្រពន្ធ​ខ្លួន និង​ភាព​គ្មាន​ចិត្តមេត្តា​ចំពោះ​គ្នា​ទៅវិញទៅមក​គឺជា​បុព្វ​ហេតុដែល​តែងតែ​នាំ​ឲ្យ​ស្វាមីភរិយា​បែកបាក់​គ្នា​ជា​រឿងៗ​។ រីឯ បញ្ហា​សម​សំវាស​មិន​សមស្រប ទំនាក់ទំនង​ញាតិមិត្ត​ទាំងសងខាង​មិនបាន​ល្អ ការ​ប្រឡូក​ក្នុង​រឿង​ល្បែងស៊ីសង​និង​អំពើ​ខុសច្បាប់ សេចក្ដី​ចង់មានចង់បាន​ឆាប់​ពេក ជីវភាព​ក​ខ្វះខាត ក៏បាន​ទាញ​ជីវិត​សុភមង្គល​ប្ដី​ប្រពន្ធ​ឲ្យ​ឃ្លាត​និង​បែកបាក់​គ្នា​។​

​ហេតុដូចនេះ គូ​ស្វាមីភរិយា ទាំងអស់​គួរ​គប្បី​ធ្វើយ៉ាងណា​គេច​ឲ្យ​ផុតពី​ហេតុផល​មួយចំនួន​ខាងលើ ដើម្បី​ឲ្យ​ជីវិត​ទំនាក់ទំនង ជា​ប្ដី​ប្រពន្ធ​របស់ខ្លួន អាច​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពស្រស់​បំព្រង​។ បន្ថែម​ពីនេះ គូ​ស្វាមីភរិយា គប្បី​ណាស់​បង្កើត​សាមគ្គីភាព អធ្យាស្រ័យ​ភាព ស្រឡាញ់គ្នា ផ្ដល់​ភាព​កក់​ក្ដី​ឲ្យ​គ្នា ផ្ដល់នូវ​ទំនុកចិត្ត​ឲ្យ និង​ភាពស្មោះត្រង់​ជាមួយគ្នា​ទៅវិញទៅមក​ឲ្យ​បាន​៕

​ដកស្រង់​ពី​សៀវភៅ​៖ ដៃគូ​ជីវិត​, រៀបរៀង​ដោយ​ភិក្ខុ  សុន ឌឿ​ន​


© រក្សាសិទ្ធិដោយ thmeythmey.com