ជាតិ
ព័ត៍មានសុខភាព
ក្រសួងសុខាភិបាល ណែនាំ​ពលរដ្ឋ​ក្នុង​ការបង្ការ​គ្រោះថ្នាក់​ពី​បាតុភូត​ផ្គរ​រន្ទះ​
02, May 2016 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​(CDC) នៃ​ក្រសួងសុខាភិបាល នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការយល់ដឹង​ខ្ពស់​ទាក់ទង​ការបង្ការ​គ្រោះថ្នាក់​ពីរ​ន្ទះ នៅក្នុង​រដូវភ្លៀង​។​ដើម្បី​ការពារ​នឹង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​បាតុភូត​ផ្គរ​រន្ទះ​នេះ ក៏មាន​វិធានការណ៍​ក្នុងការ​ការពារ​ផងដែរ​។​



​បើតាម CDC នៃ​ក្រសួងសុខាភិបាល រដូវភ្លៀង​នេះ អាច​បណ្ដាល​ឲ្យ​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ក្នុងការ​ការពារ​សុវត្ថិភាព​ពី​បាតុភូត​ផ្គរ​រន្ទះ ពលរដ្ឋ​មិនត្រូវ​ស្ថិតនៅ​ទីតាំង​ខ្ពស់​ជាងគេ នៅក្រោម​ដើមឈើ នៅ​ជិត​ឬ​កៀក​ធាតុ​លោហៈ នៅ​ពីលើ​ឬ​កៀក​យាន្ត​យន្ត នៅ​ទីលានកីឡា សួនច្បារ នៅក្នុង​ឬ​ក្បែ​ង​ស្រះ បឹង អាង​ហែល​ទឹក និង​ឆ្នេរ មិនត្រូវ​ក្រាប​លើ​ឥដ្ឋ​បាត ឬ​ផ្អែកលើ​ជញ្ជាំង​អាគារ​ខ្ពស់ និង​មិនត្រូវ​កាន់​ឆ័​ត្រ​។​

​យ៉ាងណាក៏ដោយ បើទោះបីជា​នៅក្នុង​ផ្ទះ​ឬ​អាគារ​អ្នក​មិនគួរ​ប្រើ​កុំព្យូទ័រ លេង​ហ្គេម ឬ​ឧបករណ៍​គ្រឿងអគ្គិសនី មិនត្រូវ​ងូតទឹក លាងចាន ឬ​ការងារ​ទាំងឡាយ​ប៉ះពាល់​ទឹក និង​មិនត្រូវ​សាក​ទូរ​សព្ទ តែ​អ្នក​អាច​ប្រើ​ទូរ​សព្ទ​បាន​ដោយ​គ្មាន​ភ្ជាប់​ខ្សែ​សាក​ទូរ​សព្ទ​។​

​ដើម្បី​ការពារ​នឹង​បង្ការ​គ្រោះថ្នាក់​ពីរ​ន្ទះ ពលរដ្ឋ​ត្រូវអនុវត្ត​វិធានការណ៍​មួយចំនួន​ដូចជា​៖

១. បង្កើន​ការយល់ដឹង ដោយ​ស្ដាប់​នឹង​តាមដាន​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក នឹង​ឧតុនិយម​មុន​ចេញទៅ​ក្រៅ បើ​មាន​ភ្លៀង​ផ្គរ​ត្រូវ​ពន្យា​ពេល ឬ​អ្នក​ត្រូវមាន​ជម្រក​ត្រឹមត្រូវ​។​

២. រក​ជម្រក​ពេលឮ​ផ្គរលាន់​ត្រូវ​រក​ជម្រក​សុវត្ថិភាព​ដូចជា នៅក្នុង​ផ្ទះ នៅក្នុង​អាគារ នៅក្នុង​ការិយាល័យ នៅក្នុង​ទីផ្សារ នៅក្នុង​យាន្ត​យន្ត​មាន​ដំបូល​រឹង​។​

៣. អង្គុយ​ចោងហោង និង​នៅ​ដាច់ចេញ​ពីគ្នា បើ​កំពុង​នៅ​ទីវាល​ត្រូវ អង្គុយ​ចោងហោង ដៃ​គ្រប​ត្រចៀក និង​រក្សា​ជំហ​ឲ្យ​ទាប នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​ប្រមាណ ៦០​ម៉ែត្រ​៕


Tag:
 ផ្គរ​រន្ទះ​
  ក្រសួងសុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com