ពីនេះ ពីនោះ
បញ្ឆោត​ខ្លា​ចេញពី​ភ្នំ ជា​ល្បិច​ក្នុងការ​ដណ្ដើម​អំណាច​
06, May 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ល្បិច បញ្ឆោត​ខ្លា​ចេញពី​ភ្នំ អាច​ធ្វើការ​ពន្យល់បាន​ពីរបែបៈ មួយ​គឺ បញ្ឆោត​ខ្លា​ឲ្យ​ចាក​ចេញពី​ព្រៃ​ជ្រៅ ដេញ​ឲ្យ​ចេញ​វាល ហើរ​ធ្វើការ​បាញ់ប្រហារ​តែម្ដង​។ ចំណែក​ទី​ពីរ គឹ​ដេញ​ខ្លា​ឲ្យ​រត់ចេញ​ឆ្ងាយ ទើប​ទៅ​ចាត់ការ​ពពួក​ឆ្កែចចក ដែល​សំអាង​អំណាច​ខ្លា​ដើរ​រាតត្បាត​គេឯង​រាល់​ថ្ងៃនោះ​។



​បើ​អនុវត្ត​ចំពោះ​មនុស្ស​វិញ គឺ​ត្រូវ​បញ្ឆោត​មនុស្ស​ដែលមាន​គ្រោះថ្នាក់ និង​សំខាន់បំផុត​ចេញ​ឲ្យ​ផុតពី​មូលដ្ឋាន​ដែលជា​ទីតាំង​ឫសគល់​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​គេ​បាត់បង់​លទ្ធភាព​តបត ទើប​ចាត់ការ​គេ​ជា​បណ្ដើរ ឬមួយ​ក៏​បំបែក​មនុស្ស​ដែល​សំខាន់ៗ ដែល​នៅក្បែរ​ខ្លួនគេ​ឲ្យ​ឃ្លាត​ចេញ​ឆ្ងាយ កាត់បន្ថយ​កម្លាំង​ពិត ទើប​ឈានទៅ​ចាត់ការ​បណ្ដើរៗ​។​
 
​ល្បិចកល​នេះ ប្រើប្រាស់​ក្នុងការ​ដណ្ដើម​អំណាច ប្រជែង​យក​ផលប្រយោជន៍ ច្រើន​បំផុត អាច​និយាយបានថា មាន​តាំងពី​អតីតកាល​មក​ម្លេះ ចំណែក​បច្ចុប្បន្ន​រឹតតែ​ខ្លាំងក្លា​ពីមួយ​ជំនាន់ ខ្លាំង​ជាង​មួយ​ជំនាន់ និង​កាន់​តែមាន​ភាព​អស្ចារ្យ​។​
 
​ការដណ្ដើម​អំណាច គឺជា​មធ្យោបាយ​ដើម្បី​ទាញយក​ផលប្រយោជន៍ ហើយ​ផលប្រយោជន៍​ទើប​ជា​គោលបំណង​ពិត​នៃ​ការដណ្ដើម​អំណាច​។ មិន​ដែលមាន​មនុស្ស​ភ្លើ​ល្ងើ​ពកថ្ងាស់​ណា​ដែល​មិនមែន​ដើម្បី​ផលប្រយោជន៍ ហើយ​ទៅ​ដណ្ដើម​អំណាច​នោះទេ ក៏​ពុំដែល​ជួបប្រទះ​ថា ផលប្រយោជន៍ ណា​ដែល​គ្មាន​ការ​គាំពារ​ពី​អំណាច អាច​នៅ​ថិ​ត​ថេរ​បានយូរ​អង្វែង​ដែរ​។ ដើម្បី​សម្រេច​គោលបំណង​របស់ខ្លួន​ឲ្យ​បាន ចាំបាច់​ត្រូវតែ​ដណ្ដើម​អំណាច​ឲ្យ​បាន​នៅក្នុង​ដៃ បើ​គ្មាន​អំណាច​សម្រាប់​ប្រើ ទោះបី​មាន​អាវុធ​ពិសេស​បែបណា​ក៏​គ្មាន​ទី​សម្រាប់​ប្រើ​វា​ដែរ​។ បើ​គ្មាន​អំណាច ពេល​ជួបប្រទះ​រឿង​ក្ដៅក្រហាយ តើ​មានលទ្ធភាព​ឯណា​ទៅ​បញ្ចេញ​កំហឹង​បាន​? ពេលដែល​មានអំណាច​នៅក្នុង​ដៃ​ទើប​អាច​សម្លាប់ អាច​ប្រទាន​សក្តិ​តាមចិត្ត​ចង់ ពេលដែល​គ្មាន​អំណាច​គ្រាន់តែ​ជា​កូន​ឈ្មួញ​លក់​អំបិល​តូច​មួយ​នាក់​ប៉ុណ្ណោះ​។​
 
​នៅលើ​លោក​យើង​នេះ មនុស្ស​សាមញ្ញ​ជាច្រើន​ដែលមាន​អំណាច គ្រាន់តែ​ស្លាប់មាន់​របស់គេ​បានក្លាយ​ទៅជា​ព្រួញ ផ្ទុយទៅវិញ អ្នក​ក្លាយ​ហាន​ជាច្រើន​ដែល​ថ្លោះធ្លោយ ដាវ​ទិព្វ​របស់គេ បានក្លាយ​ទៅជា​កាំបិត​ពេជ្ឈឃាត​ទៅវិញ ហេតុនេះ ម្នាក់ៗ​អាង​អំណាច​ក៏​ដណ្ដើម​រាល់​កិច្ចការ​តែង​យក​ភាពខ្លាំង​ដើម្បី​ប្រឡងប្រជែង គេង​ចិត្ត​ប្រវ័ញ្ច​ថ្លើម និយាយដើម វាយប្រហារ ក្រឡុក​ទាល់តែ​ម្នាក់ៗ​ក្លាយជា​សត្វ​ខ្លា ម្នាក់​ក្លាយជា​ព្រានព្រៃ​។​
 
​ល្បិចបញ្ឆោត​ខ្លា​ចេញពី​ភ្នំ គឺជា​វិធី​មួយ​នៃ​ការសម្លាប់​ខ្លា គោលបំណង​របស់​វា​នៅត្រង់​ធ្វើ​ឲ្យ​មាន​ភាពកម្សោយ​កម្លាំង​តបត​របស់​សត្រូវ និង​បន្ថយ​នូវ​ភាពគ្រោះថ្នាក់​ចំពោះ​ខ្លួនឯង​។​
 
​ដកស្រង់​ពី​សៀវភៅ​៖ ល្បិច​ទល់​មេឃ​, រៀបរៀង​ដោយ គីម ឃាង​

© រក្សាសិទ្ធិដោយ thmeythmey.com