ពីនេះ ពីនោះ
រឿង​ខ្លី​គួរ​ពិចារណា​៖ ហង្ស និង​ក្ងោក​ (​ភាគ​១)
07, May 2016 , 4:34 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​កប៌ូរ​ទ្វីប មាន​ស្រះ​មួយ​ឈ្មោះ​ប​ទ្ម​កេ​លិ​។ នៅក្នុង​ស្រះ​នោះ មាន​រាជហង្ស​មួយ ឈ្មោះ​ហិរណ្យ​គ​ក៌​អាស្រ័យ​នៅ​។ បក្សី​ដែល​ចរ​ទាំងអស់ នៅ​ស្រះ​នោះ បាន​ព្រមព្រៀងគ្នា​អភិសេក​ហិរណ្យ​គ​ក៌ លើក​ឲ្យ​ធ្វើជា​ស្តេច​បក្សី ព្រោះថា​៖



២- បើ​មិនមាន​ព្រះ​នរបតី​ជា​អ្នកគ្រប់គ្រង​ដឹកនាំ​ដោយ​ប្រពៃ​ទេ ប្រជាជន​ទុកដូចជា​នាវា​មិនមាន​អ្នក​កាន់ចង្កូត និង​វង្វេង​លិចលង់​ក្នុង​ជលធី​។ 

៣-
ព្រះ​នរបតី​គ្រប់គ្រង​រក្សា​ប្រជាជន ប្រជាជន​ធ្វើ​ឲ្យ​រីកចម្រើន​ព្រះ​នរបតី​
​ក្នុង​ថ្ងៃមួយ រាជហង្ស កំពុង​សម្រាកកាយ​លើ​បល្ល័ង្ក​ឈូក ដ៏​ពិសាល​មាន​បរិពារ​ចោមរោម​គាល់​ត្រៀបត្រា​។ កាលនោះ កុក​ឈ្មោះ ទី​ឃ៌​មុខ ត្រឡប់​មកដល់​ពី​បរទេស ចូលទៅ​ជិត​ហើយ​អង្គុយ​ប្រ​ណ​ព្យ​។ រាជហង្ស​សួរថា​៖«​ហៃ​ទី​ឃ៌​មុខ​! អ្នក​ទើប​មកពី​បរទេស ចូរ​និយាយ​រឿង​អ្វី​ប្លែក​ឲ្យ​យើង​ស្តាប់​បន្តិច​មើល​!»​។ កុក​ឆ្លើយ​ប្រាប់ថា​៖«​ទេវៈ​! មានរឿង​ប្លែក​ចម្លែក​ធំ​ណាស់ ព្រោះហេតុនោះ ទើប​ខ្ញុំបាទ​វិលត្រឡប់​មក​ដោយ​រហ័ស​ដើម្បី​ជម្រាប​ដំណឹង សូម​លោក​ម្ចាស់​ស្តាប់​ដូច​សេចក្តី​តទៅ​នេះ​៖

នៅក្នុង​ជម្ពូទ្វីប មានប​ពិត​មួយ​ឈ្មោះ វិ​ន្ធ្យៈ ជាទី​អាស្រ័យ​នៅ​របស់​ក្ងោក ជា​ស្តេច​បក្សី​ជលចរ​ឈ្មោះ​ចិត្រ​ពណ៌​។ កាល​ខ្ញុំបាទ​ហើរ​ត្រាច់​ស្វះ​ស្វែងរក​ចំណីអាហារ​នៅក្នុង​ព្រៃ​ភ្លើង​ឆេះ​មួយកន្លែង​។ ខ្ញុំ​បាន​ជួប​បរិវារ​ស្តេច​ក្ងោក​នោះ​។ បរិវារ​ស្តេច​ក្ងោក​សួរ​ខ្ញុំបាទ​ថា​៖ «​អ្នកជា​អ្វី​? អ្នក​មានការ​អ្វី​? ទៅណា​បានជា​មកកាន់​ទីនេះ​?»​។ កាលនោះ ខ្ញុំបាទ​ឆ្លើយ​ប្រាប់​ទៅវិញ​ថា​៖«​ខ្ញុំ​ជា​បរិវារ​រាជហង្ស ឈ្មោះ​ហិរណ្យ​គភ៌ ជា​ស្តេច​ចក្រពត្រាធិរាជ​នៃ​កប៌ូរ​ទ្វីប​។ ខ្ញុំ​មកនេះ​ដើម្បី​ដើរ​មើល​ក្រុង​នានា​នៃ​ប្រទេស​ទាំងឡាយ​»​។ បក្សី​ជា​បរិវារ​ស្តេច​ក្ងោក​បាន​ស្តាប់​ពាក្យ​ខ្ញុំបាទ​ហើយ សួ​រត​ទៀតថា​៖ «​ចុះ​ប្រទេស​ទាំងពីរ គឺ​ប្រទេស​អ្នក និង​ប្រទេស​ខ្ញុំ តើ​ប្រទេស​មួយណា​គ្រាន់បើ​ជាង​? ស្តេច​ណា​គ្រាន់បើ​ជាង​ស្តេច​ណា​?»​។

ខ្ញុំបាទ​ឆ្លើយថា​៖«​អា​! ដូចម្តេច​ក៏​ហ៊ាន​សួរ​ដូច្នេះ​?​ផ្សេង​ខុសគ្នា​ធំ​ណាស់​! ប្រទេស​ស្តេច​ខ្ញុំ ល្អ​ហើយ​ធំ​ណាស់​ផង ព្រោះ​កប៌ូរ​ទ្វីប​ទុកដូចជា​ស្ថានសួគ៌ រាជហង្ស​ទុក​ដូច​ព្រះ​ឥន្ទ្រាធិរាជ​ជា​ស្តេច​ឋានសួគ៌​ទី​ពីរ​។ អ្នក​ទាំងឡាយ​នៅក្នុង​នេះ ដី​ក្រៀមក្រោះ​ឥត​ជីជាតិ មានតែ​ដី​ភ្លើង​ឆេះ​រលីងធេង​ហេងហាង​យ៉ាងនេះ​នៅ​ម្តេច​កើត​? មក​!​ចូរ​ទៅ​នៅក្នុង​ប្រទេស​យើង​ជាមួយ​យើង​ទៅ​»​។ បក្សី​បរិវារ​ស្តេច​ក្ងោក​បានឮ​ពាក្យ​ខ្ញុំបាទ​ហើយ ទាំងអស់គ្នា​ក៏​ក្រេវក្រោធ​ក្រឡោត​ខឹង​ក្រៃលែង ព្រោះថា​៖

៤- ការ​ឲ្យ​ភុជង្គនាគ​ផឹកទឹក​ដោះ បាន​នាំ​ឲ្យ​ចម្រើន​ពិស​កាច​បន្ថែម​ឡើង​ទៀត​តែប៉ុណ្ណោះ​។ ឧបទេស​ដែល​គេ​ឲ្យ​ដល់​មនុស្ស​ល្ងង់​ក្រេវក្រោធ​ច្រើន មិនបាន​សេចក្តី​ស្ងប់​ទេ បានតែ​ក្រោធ​ថែមទៀត​។

៥- មានតែ​អ្នកប្រាជ្ញ​ទេ បុគ្គល​គប្បី​ឲ្យ​ឧបទេស​បាន សត្វ​បក្សី​កាល​ឲ្យ​ឧបទេស​ដល់​ស្វា​ល្ងង់ ត្រូវ​ស្វា​បោចរោច​សម្បុក​ចោល​ហិនហោច​អស់​។​
​រាជហង្ស​សួរថាៈ «​ចុះ​រឿង​នោះ តើ​ដូចម្តេច​?»​។ កុក​ទី​ឃ៌​មុខ​និយាយ​រឿងរ៉ាវ​នោះ​ប្រាប់ថា​៖(​តាមដាន​ភាគ​បន្ត​)
  
ប្រភព​៖ «​ស្រី​ហិ​តោ​បទេស​ភាគ​៣» បកប្រែ​ពី​ភាសាសំស្ក្រឹត​ដោយ ភិក្ខុ ប៉ាង ខាត់    


Tag:
 ស្រី​ហិ​តោ​បទេស​
© រក្សាសិទ្ធិដោយ thmeythmey.com