ពីនេះ ពីនោះ
ល្បិច​«​សម្លាប់​មាន់​បំភ័យ​ស្វា​» គឺ​ដូច​វិធានការ​ច្បាប់​ដែល​តឹងរឹង​
10, May 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ល្បិច មិន​ប្រាកដថា អាក្រក់​ទាំងអស់ ហើ​យក៏​មិន​ប្រាកដថា​ល្អ​ទាំងអស់​។ ប្រសិនបើ​យើង​ប្រើល្បិច​ដើម្បី​ទទួលបាន​ផល​ល្អ ហើយ​កម្ចាត់​ទង្វើ​អាក្រក់​គឺជា​រឿង​ល្អ តែបើ​ប្រើល្បិច​បំផ្លាញ​ប្រយោជន៍​មនុស្ស​ទូទៅ ហើយ​មាន​ប្រយោជន៍ ទៅលើ​មនុស្ស​មួយក្រុម​នោះ​គឺ​ការប្រើ​ល្បិច​អាក្រក់ ទោះ​វា​មាន​បទដ្ឋាន​អនុវត្ត​ល្បិច​ដូចគ្នា​ក៏ដោយ​។ ចុះ​តើ​ល្បិច​«​សម្លាប់​មាន់​បំភ័យ​ស្វា​» វិញ​គេ​អនុវត្ត​របៀប​ណា​?



​មនុស្ស​ជាទូទៅ​តែងតែ​ដឹងថា​សត្វ​ស្វា​គឺជា​សត្វ​មួយ​ប្រភេទ​ដែល​ខ្លាច​ឈាម​។ នៅពេលដែល​គេច​ង់​បង្ហា​ត់វា គឺ​គេ​ត្រូវ​អាករ​មាន់​នៅមុខ​វា​ដើម្បី​បំភ័យ​វា​មុននឹង​ចាប់ផ្ដើម​បង្ហា​ត់វា​។ នៅពេលដែល​វា​បានឃើញ​ហើយ​មិន​ថា​ស្វា​នោះ​ជា​ស្វា​ដែល​រឹងរូស​ប៉ុណ្ណា​ឲ្យ​តែ​ឮ​សម្លេង​មាន់​ស្រែក​(​កាក​)​ឈាមមាន់​បាញ់​វូ ស្វា​ឃើញ​ហើយ ពិតជា​ទន់​ខ្លួន​ជាក់​ជាមិនខាន​។​

​ចំពោះ​«​ល្បិច​សម្លាប់​មាន់​បំភ័យ​ស្វា​»​នេះ បើ​និយាយ​ពី​យុទ្ធសាស្ត្រ​គេ​ហៅថា សម្លាប់​មួយ​បំភ័យ​មួយរយ​។ ល្បិច​នេះ គេ​ប្រើ​ក្នុងន័យ​គំរាមកំហែង នេះ​ជា​យុទ្ធវិធី ជា​មធ្យោបាយ​គ្រប់គ្រង​សមូហភាព​។ ព្រោះថា​នៅពេល​មាន​យោបល់​ខ្វែងគ្នា ការងារ​ត្រូវ​រាំងស្ទះ​ដោយ​ឧ​ប​ស្គ​ដើម្បី​ឈានទៅដល់​ការឯកភាព ត្រូវអនុវត្ត​តាមច្បាប់​ជាដាច់ខាត ត្រូវ​ប្រើ​វិធី​ដាច់ខាត​បំផុត​ដើម្បី​ដោះស្រាយ ដូច​ពាក្យ​មួយ​ឃ្លា​និយាយថា «​បើ​មិន​ប្រើ​វិធី​ឃោ​ឃៅ​ម្ដេច​និង​សម្ដែង​ឲ្យ​ឃើញ​នូវ​ចិត្ត​ត្រា​ប្រណី​របស់​ព្រះ​ពោធិសត្វ​»?

​ចំពោះ​ល្បិច​មួយ​នេះ​គឺ​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​បំផុត នៅក្នុង​ការផ្លាស់ប្ដូរ​ស្ថាន​ការ​សង្គម​ដែល​ច្របូកច្របល់ បង្ក្រាប​កងទ័ព​ដែលមាន​វិន័យ​ធូរ​លុង គឺ​ត្រូវតែ​ប្រើ​ច្បាប់​តឹងរឹង  និង​ត្រូវតែ​ប្រើ​ទណ្ឌកម្ម​យ៉ាង​ម៉ឹងម៉ាត់​ជាដើម​។

​ឧទាហរណ៍ នៅ​សម័យ​ប្រវត្តិសាស្ត្រ​ចិន ខុង​ជឺ ខណៈពេល​លោក​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ក្នុង​រាជវាំង​បានសម្លាប់​សាវ​ចិន​យី​ង មួយ​កាំបិត ហើយ​បានធ្វើ​ឲ្យ​មន្ត្រី​ទាំង​ធំ​ទាំង​តូច​បាក់​ស្មារតី លែង​ហ៊ាន​បង្ក​ភ្លៀង បង្កើត​ព្យុះ ហើយ​ប្រជារាស្ត្រ​រស់នៅ​យ៉ាង​សុខសាន្ត​។ នេះហើយ​ជា​យុទ្ធវិធី​បង្ក្រាប​ភាពចលាចល ជា​ល្បិច​សម្លាប់​មាន់​បំភ័យ​ស្វា​ដ៏​អស្ចារ្យ​។​

​យ៉ាងណាមិញ មនុស្ស​គឺជា​ភាវៈ​ដែល​អាថ៌កំបាំង​ណាស់ ហើយ​នៅពេលដែល​សង្គម​មួយ​កាន់តែ​ជើ​ន​លឿន ភាព​ក្រឡិចក្រឡុច​របស់​មនុស្ស​កាន់តែ​សំបូរ​ណ៍​បែប ម្នាក់ៗ​មានគំនិត​រៀងៗ​ខ្លួន មាន​ផ្លូវ​ដើរ​ទីទៃ​ពីគ្នា ប្រសិនបើ​មិន​ធ្វើការ​កំណត់ព្រំដែន​ឲ្យ​បានច្បាស់លាស់​ទេ ប្រាកដជា​បែងចែក​មិន​ច្បាស់ នូវ​អ្វីដែល​ល្អ ត្រឹមត្រូវ និង​អ្វីដែល​មិន​ត្រឹម​ត្រូវបាន​នោះទេ ហើយ​មនុស្ស​និង​កាន់តែ​អាក្រក់​ឡើងៗ​។​

​ហេតុនេះ​ដើម្បី​រក្សា​សង្គម​ឲ្យ​មាន​របៀបរៀបរយ ផ្ដល់​សេចក្ដីសុខសាន្ត​ដល់​ប្រជារាស្ត្រ ចំពោះ​មនុស្ស​ដែល​បង្ករ​ចលាចល​របៀបនេះ ត្រូវតែ​ប្រ​ទណ្ឌកម្ម​ឲ្យ​ធ្ងន់ធ្ងរ​ជាទីបំផុត ពេលខ្លះ​រហូត​ត្រូវ​ខ្ចី​ក្បាលមនុស្ស​មួយចំនួន​ផ្ដល់​ជា​មេរៀន ដែល​គេ​ហៅថា មិនឃើញ​ក្ដាម​ឈូស មិន​ស្រក់​ទឹកភ្នែក​។ នេះ​គឺជា​អត្ថន័យ​របស់​ល្បិច​«​សម្លាប់​មាន់​បំភ័យ​ស្វា​»​។​

​ល្បិច​ខាងលើ នៅពេល​អនុវត្ត​គេ​ស​ង្គេ​ត​ឃើញថា មាន​លក្ខណៈ​ឃោ​ឃៅ​។ ប៉ុន្តែ​បើតាម​ការសង្កេតមើល​ក្នុងសង្គម ល្បិច​នេះ​មាន​អ្នក​យកមកអនុវត្ត​ច្រើន ជាពិសេស​ក្នុង​វិស័យ​នយោបាយ​។ គ្រាន់តែ​ពេលខ្លះ​យុទ្ធវិធី​នេះ គេ​មិនបាន​សម្លាប់​មនុស្ស​ដូច​សម្លាប់​មាន់​ទេ ប៉ុន្តែ​គេ​ប្រើ​ប្រព័ន្ធ​ច្បាប់​សម្រាប់​ដាក់បន្ទុក ទៅលើ​ជន​សំខាន់ៗ ឬ​វិធី​បង្ក្រាប​ជាក់ស្ដែង​តែម្ដង ដើម្បី​បំបាក់ស្មារតី​អ្នក​ដែល​ដើរ​តាម​ចលនា​អ្វីមួយ​៕

​ដកស្រង់​ពី​សៀវភៅ​៖ ល្បិច​ទល់​មេឃ​, រៀបរៀង​ដោយ គីម ឃាង​


© រក្សាសិទ្ធិដោយ thmeythmey.com