ជាតិ
ជប៉ុន​ប្ដេជ្ញា​ជួសជុល​ស្ពាន​ហាល​ខាងលិច​អង្គរវត្ត​ឲ្យ​ល្អ​បំផុត​
09, May 2016 , 3:46 pm        
រូបភាព
​សៀមរាប​៖ ស្ពាន​ហាល​ខាងលិច​អង្គរវត្ត បានចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​ជំហាន​ទី​២ នៅ​ព្រឹក​ថ្ងៃទី​៩ ឧសភា​នេះ​។ ក្រុម​អ្នកជំនាញ​ជួសជុល​ប្រាសាទបុរាណ​របស់​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ជប៉ុន ដែល​បាន​សហការគ្នា​នឹង​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ប្ដេជ្ញា​ថា នឹង​ជ្រោមជ្រែង កា​ជួសជុល​ស្ពាន​ហាល​នេះ​ដោយ​យកចិត្តទុកដាក់ និង​ឲ្យ​បានល្អ​បំផុត​។​




​ស្ពាន​ហាល​ខាង​លិ​ខ​អង្គរវត្ត នឹងត្រូវ​ចាប់ផ្តើម​ជួសជុល​ជំហាន​ទី​២​ចាប់ពី​ថ្ងៃនេះ​តទៅ​។ ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ បាននិងកំពុង​ស្រុត​មួយ​ចំហៀង​ខាងជើង និង​ដែល​ត្រូវការ​ការជួយ​ជុស​ជាបន្ទាន់​។​

​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ជំហាន​ទី​២ នៅ​ព្រឹក​មិញ​នេះ លោក​សាស្ត្រាចារ្យ Toshiaki Koso ប្រធាន​គ្រឹះស្ថាន​អប់រំ​សាលា​សូ​ហ្វី​យ៉ា បាន​អរគុណ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានជ្រើសរើស​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ជា​ដៃគូ​ក្នុង​ដំណើរការ​ជួសជុល​។



​ក្រោយពី​រម្លឹក​ពី​ទំនាក់ទំនង​រវាង​ស្ថាប័ន​ខ្លួន ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​ហើយ​នោះ លោក Toshiaki Koso មាន​ភាព​សុទិដ្ឋិនិយម​ថា ការជួសជុល​ស្ពាន​ហាល​ជំហាន​ទី​២​នេះ នឹង​ល្អប្រសើរ​។ បើតាម​ការ​លោក​សាស្ត្រាចារ្យ Toshiaki Koso គ្រឹះស្ថាន​របស់លោក ធ្លាប់បាន​បណ្តុះបណ្តាល​អ្ន​ក​ជំនាញ​ខ្មែរ​បាន​យ៉ាង​ស្ទាត់ជំនាញ​ក្នុង​ការងារ​ជួសជុល​កាលពី​លើក​ទី​១ ហើយ​លោក​រំពឹងថា វា​កាន់តែ​ល្អប្រសើរ​ទឿ​ត​ចំពោះ​ការងារ​ជំហាន​ទី​២​នេះ​។ ក្នុងនោះដែរ មាន​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​មួយចំនួន បាន​បញ្ជូនទៅ​សិក្សា​បន្ថែម​នៅ​ប្រទេស​ជប៉ុន ក្នុងនោះ​មាន​ទាំង​ថ្នាក់បណ្ឌិត និង​ថ្នាក់អនុបណ្ឌិត​។​

​លោក Toshiaki Koso បាន​ឲ្យ​ដឹង​បន្ថែមថា ការងារ​ជួសជុល​ស្ពាន​ហាល​នេះ គឺត្រូវធ្វើ​ការស្រាវជ្រាវ​ពី​កំណាយ​បុរាណ ការស្វែងយល់​ពី​គ្រឹះ​នៃ​សំណង់​ក្នុង​ទឹក បូករួម​នឹង​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ​ផងដែរ​។ លោក​បន្តថា ចំណេះដឹង​នៃ​ការស្រាវជ្រាវ​នេះ នឹងត្រូវ​តបស្នង​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ តាមរយៈ​ការ​ចងក្រង​ឯកសារ​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

​ក្នុង​ពិធី​បើ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ថ្នាក់ដឹកនាំ​ជាច្រើន​ចូលរួម ក្នុងនោះ​ព្រះសង្ឃ អគ្គ​រដ្ឋ​ទូក​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អង្គការ​ដៃគូរ​ផ្សេងៗ មគ្គុទ្ទេសក៍​ទេសចរណ៍ បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរខេត្ត សិស្ស​និស្សិត​ច្រើន​រយ​នាក់​។​ល​។​



​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ជប៉ុន លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​។ លោក សុខ អាន បន្តថា ត្រឹម​ប្រាសាទអង្គរវត្ត​មួយ មាន​ប្រទេស​ចំនួន​២៣​ហើយ ដែល​ចូលរួម​ជួយ​ជុស​ជុល ក្នុងនោះ​ប្រទេស​ជប៉ុន និង​បារាំង ដែល​ជួយ​ច្រើនជាងគេ ក្នុងនោះ មាន​អង្គការ​អន្តរជាតិ​ជាង​៣០ ។

​តាម​ការរៀបចំ​ត្រួសៗ​របស់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទឹកប្រាក់​ដែល​បាន​ចំណាយ​លើ​ការជួសជុល​ប្រាសាទអង្គរវត្ត​រហូត​មកដល់​បច្ចុប្បន្ននេះ មាន​ចំនួន ជាង​៥០០​លាន​ដុល្លារ​ហើយ ក្នុងនោះ​ជប៉ុន​ជាង​២០​លាន​ដុល្លារ​។​

​អំឡុង​ទសវត្ស​ទី​៦០ សាលា​បារាំង​ចុង​បូព៌ា​ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​អភិរក្ស​តំបន់​អង្គរ​សម័យ​នោះ បាន​ជួសជុល​ស្ពាន​នេះ​មួយ​ចំហៀង​ខាងត្បូង​រួចរាល់​ជា​ស្ថាពរ​។ ចំណែក​ចំហៀង​ខាងជើង​មាន​ប្រវែង​១៩០​ម ទទឹង​៥,៥​ម​ទៀត គឺ​មិនទាន់បាន​ជួសជុល​នោះទេ​។ ទើបតែ​នៅ​ឆ្នាំ​១៩៩៦ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​ហ្សា​វ៉ា បាន​បន្ត​កិច្ចការ​ជួសជុល​លើ​ចំណែក​ដែល​នៅ​សេសសល់​បាន​មួយ​កំណាត់​ប្រវែង​៩០​ម​ទៀត ដែល​ចំណាយពេល​អស់​១២​ឆ្នាំ ដោយ​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកាជាតិ​តាមរយៈ​អាជ្ញាធរ​ជាតិ​អប្សរា​។ ហិរញ្ញប្បទាន​អនុវត្តន៍​គម្រោង​នេះ​មាន​៣ ទីមួយ គឺ​រដ្ឋាភិបាល​ជប៉ុន រដ្ឋាភិបាល​កម្ពុជា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​។​

​យោងតាម​ឯកសារ​ប្រវត្តិ​ស្ពាន​ហាល​ខាងលិច​អង្គរ ដែល​រៀបរៀង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​នេះ មាន​ប្រវែង ១៩០​ម៉ែត្រ ទទឹង ១១,៦០​ម៉ែត្រ និង​កម្ពស់ ៤​ម៉ែត្រ​។ ស្ពាន​នេះ​សង់​ពី​ថ្មបាយក្រៀម ក្រាល​ដោយ​កម្រាល​ថ្មភក់ និង​លម្អ​ដោយ​បង្កាន់ដៃ​នាគ​ដ៏​ល្អ​ឯក​៕


© រក្សាសិទ្ធិដោយ thmeythmey.com