ពីនេះ ពីនោះ
កំណាព្យ៖ ភ្លៀង​ខុស​រហូត​!
10, May 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
(​បទ​កាកគតិ​) 
​កំណាព្យ​៖ ថ្មីៗ 


 
​ខ្ញុំ​គឺ​ទឹកភ្លៀង
អ្នកខ្លះ​រាំច្រៀង
ចង់បាន​រូបខ្ញុំ​
​ព្រោះតែ​រាំងស្ងួត​
គ្រប់​ស្រុកភូមិ​ឃុំ
ខ្លះ​អង្វរ​សុំ​
​អារក្ស​ឡើង​ទន់​។ 
 
​ពេល​ដល់​ភ្លៀង​ធ្លាក់
ខ្លះ​រងា​ញាក់
ត្រជាក់​ចង់​គ្រុន​
​ខ្លះ​មិន​សប្បាយ
ព្រោះ​ទឹកជំនន់
​ខ្លះទៀត​រិះគន់​
លិច​ផ្ទះ​សំណ​ប់​។ 
 
​ខូច​សម្ភារ
សម្លៀកបំពាក់​
គេ​ខឹង​គេ​ស្អប់​
​ខ្លះ​លួច​ជេរ​មេឃ
​ព្រោះ​ចិត្ត​មិន​គាប់
ខ្លះ​ឈឺ​ចង់​ងាប់​
ព្រោះ​ភ្លៀង​នេះ​ណា​។​
 
​ឯ​អ្នកលក់ដូរ
​តាម​ផ្សា​រហែ​ហូរ
​បាន​និយាយថា​
​ដោយសារតែ​ភ្លៀង
​ទើប​គ្មាន​ម៉ូយ​ណា
ដើរចូល​ក្នុង​ផ្សារ​
​លក់​សល់​ទំនិញ​។ 
 
​អ្នកស្រែ​សប្បាយ
អ្នកក្រុង​សោកស្តាយ​
ព្រោះ​មិន​ចំណេញ​
​ចំណែក​អ្នកស្រែ
មានទឹក​ពោរពេញ
បើ​ដាំ​ស្រូវ​វិញ​
​បាន​ផល​ប្រសើរ​។

ទឹកភ្លៀង​មួយ​សោះ
គេ​តែង​បន្ទោស
គេ​តែង​សរសើរ​
​អ្នក​បាន​ប្រយោជន៍
គេ​ថា​គ្រាន់បើ
ឯ​ខ្លះ​វិញ​ភ្លើ​
​ជេរ​ភ្លៀង​ធម្មជាតិ​៕   
 
  និពន្ធ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ 
  
  
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com