ជាតិ
សង្គមជាតិ
ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា​ថា យុទ្ធនាការ​ពាក់អាវ​ខ្មៅ​កំពុង​បំភ័យ​តុលាការ ផ្ទុយ​ពី​សិទ្ធិមនុស្ស​
09, May 2016 , 5:13 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​យល់ថា ការរៀបចំ  និង​ការចូលរួម​យុទ្ធនាការ​ស្លៀកពាក់​ពណ៌​ខ្មៅ កំពុង​ជ្រែ​ត​ជ្រែកការងារ​តុលាការ​។ លោក​ចាត់ទុក​យុទ្ធនាការ​ទាមទារ​ឲ្យ​មានការ​ដោះលែង​មន្ត្រី NGO ចេញ​ពន្ធនាគារ​ព្រៃ​ស​ជា ការ​បំភ័យ​តុលាការ ហើយ​ផ្ទុយ​ពី​សិទ្ធិមនុស្ស​។​



​ប្រធាន​សិទ្ធិមនុស្ស​ថ្មី​របស់​រដ្ឋាភិបាល​រូបនេះ ចាត់ទុកថា សកម្មភាព​សង្គម​ស៊ីវិល​កំពុង​ជ្រែតជ្រែក​ចូល​នីតិវិធី​របស់​មន្ត្រី​យុ​តិ្ត​ធម៌ ព្រះរាជអាជ្ញា និង​តុលាការ​ ព្រោះ​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មន្ត្រី NGO​។ លោក​ថ្លែង​បែបនេះ ផ្អែក​តាម​ការបែងចែក​អំណាច​ក្នុង​រដ្ឋ​ប្រជាធិបតេយ្យ គឺ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាចតុលាការ និង​អំណាច​ទី​បួន គឺ​សារព័ត៌មាន​។​

​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក កែវ រ៉េមី បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ក្រោយ​លោក​ចូលកាន់​តំណែង​ប្រធាន​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែឧសភា​នេះ​។​

​លោក កែវ រ៉េមី បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ជម្រាបជូន​ថា ខាង​អង្គការ​សង្គម​ស៊ីវិល គាត់​ជ្រែ​ត​ជ្រែកចូល​ផ្ទៃក្នុង​ជ្រៅ​ទៅក្នុង​តុលាការ ជាការ​រំលោភបំពាន​អំណាច ទី​បី​របស់​តុលាការ​។ ឧទាហរណ៍ ដូចជា ការប្រមូល​ផ្តុំគ្នា រៀងរាល់ថ្ងៃ​ច័ន្ទ ត្រូវ​ស្លៀកពាក់​ខោអាវ​ខ្មៅ​ហើយ ស្រែក​ប្រកូក​ប្រកាស​រក​អ្នកចូលរួម​ឲ្យ​បាន​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ទាមទារ​ការដោះលែង​។ ប្រសិនបើ​យើង​ប្រមែប្រមូល​កាន់​ច្រើន​ទៅៗ​ហើយ​ដាក់​សំពាធ​លើ​តុលាការ គឺ​យើង​ដឹង​ហើយ​ថា គោលការណ៍​នីតិរដ្ឋ គឺ​ប្រទេស​ដឹកនាំ​ដោយ​ច្បាប់​»​។​

​លោក​បន្តថា​៖«​យើង​ដាក់​សំពាធ​លើ​តុលាការ​ហើយ ខ្ញុំ​ជម្រាបជូន​ថា តុលាការ ប្រព័ន្ធយុត្តិធម៌​របស់​យើង​នៅ​ក្មេងខ្ចី ដូចនេះ​ទាមទារ​យើង​មិន​អាចដាក់​សំពាធ​។ បើ​យើង​សង្កត់​លើ​គាត់ (​តុលាការ​) មុន​ការកាត់ក្តី ការសម្រេច​ក្តី​របស់គាត់ មានន័យថា យើង​ជ្រែ​ត​ជ្រែក​ដាក់​សំពាធ​លើ​គាត់ អាច​ឲ្យ​តុលាការ ធ្វើការ​វិនិច្ឆ័យ​ខុស​ទៅតាម​អ្វីដែល​គេ​ហៅថា អ​គិត​ទាំងបី ទាំង​បួន​ហ្នឹង ជៀសវាង​កាលណា​អគតិ​ហ្នឹង កុំ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​ភ័យខ្លាច កាលណា​យើង​ជ្រែ​ត​ជ្រែក ចឹ​ង ខ្ញុំ​យល់ឃើញថា មិន​ការប្រើប្រាស់​សិទ្ធិមនុស្ស​យើង​ទេ​»​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​៩​ឧសភា​នេះ មន្ត្រី NGO បាន​ផ្តើម​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ ស្របពេល​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​មានការ​ទប់ស្កាត់​ចលនា​គេ កៀរគរ​កម្លាំង ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​៕


Tag:
 កែវ រ៉េមី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com