ពីនេះ ពីនោះ
កម្ពុ​ជាមាន​អ្វី​គ្រប់យ៉ាង​តែ​នៅ​ខ្វះ​បុគ្គល​ប្រាំ​ប្រភេទ​ដើម្បី​មក​រៀបចំ​សង្គម​!
11, May 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​បរិបទ​សង្គម​បច្ចេកវិទ្យា​នេះ ប្រសិនបើ​ចង់​បំផ្លាញ​ជាតិ​មួយ​ប្រហែលជា​មិន​ពិបាក​ទេ ប៉ុន្តែ​ប្រសិន​ចង់​រៀបចំ​សង្គម​មួយ​ឲ្យ​មានការ​រីកចម្រើន និង​អភិវឌ្ឍន៍​វា​ពិតជា​រឿង​ដែល​លំបាក ដែល​មនុស្ស​គ្រប់គ្នា​ត្រូវតែទទួលស្គាល់​។​



​ប្រសិនបើ​និយាយ​ក្នុងន័យ​ទូលាយ សង្គម​មួយ​ដែលមាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍន៍ គឺ​គេ​ត្រូវ​មើលទៅ​លើ​ប្រភព​សក្ដានុពល​នានា ដែលមាន​នៅក្នុង​ប្រទេស​នោះ​ថា សំបូរ​អ្វី​? និង​មាន​អ្វី ដែលជា​ប្រភពធនធាន​សំខាន់​សម្រាប់​ប្រទេសមួយ​នោះ​?

​សម្រាប់​ប្រទេស​កម្ពុជា មានទឹក មាន​ដី​កសិកម្ម មានព្រៃ មាន​តំបន់ភ្នំ ជ្រោះ សមុទ្រ ទឹកធ្លាក់ ប្រាសាទបុរាណ ទីឋាន​សម្រាប់​វិស័យ​ទេសចរណ៍ ដ៏​សម្បូរបែប​។ កម្ពុ​ជាមាន​កម្លាំង​ពេញវ័យ​ដែលមាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍន​ជាតិ ដែលមាន​សក្តានុពល​ពេញលេញ សមត្ថភាព​ពិតប្រាកដ ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ ផ្នែក​ជំនាញ ផ្នែក​បច្ចេកទេស ដែល​កើតចេញពី​ការបណ្ដុះបណ្ដាល​ពី​ប្រព័ន្ធ​អប់រំ​ទាំង​នៅក្នុង​ស្រុក និង​មកពី​ក្រៅ​ស្រុក ក្នុង​ចំនួន​ច្រើន​សមរម្យ​អាចជា​សរសរ​ទ្រូង​ជាតិ​។ ប្រភព​សក្ដានុពល​ទាំងនេះ​អាច​និយាយបានថា ជា​ប្រភព​ដែល​អនុគ្រោះ​ដល់​មធ្យោបាយ​អភិវឌ្ឍន​ជាតិ ឆ្ពោះទៅរក​សង្គម​ទំនើប​។​

​ទោះបីថា គេ​សង្កេតឃើញ​ក្នុង​រូបភាព​ជាក់ស្ដែង កម្ពុ​ជាមាន​អ្វី​ទាំងឡាយ​ដែល​បាន​រៀបរាប់ ប៉ុន្តែ​វា​នឹងមិន​អាច​ឲ្យ​ជាតិ​រីកចម្រើន​ទៅមុខ​បាន​លឿន​បានទេ ប្រសិនបើ​សង្គម​មួយ​នេះ​មាន​ចំនួន​បុគ្គល​អត្តទត្ថ​ច្រើន​។​

​រហូតមកដល់​ពេលនេះ គេ​អាច​និយាយបានថា​កម្ពុជា​មាន​ហើយ​សក្ដានុពល​សម្រាប់​នាំ​ជាតិ​ទៅរក​ការរីកចម្រើន​។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​កម្ពុជា​នៅ​ខ្វះ​បុគ្គល​ប្រាំ​ប្រភេទ ដែល​អាច​នាំ​ជាតិ​ឲ្យ​រុងរឿង​បាន​។ នោះ​គឺ​នៅត្រង់ថា កម្ពុជា​នៅ​ខ្វះ​នៅឡើយ​បុគ្គល​ដែល​គិត​ជាតិ​ពិតប្រាកដ​, បុគ្គល​ជួយ​ជាតិ​ពិតប្រាកដ​, បុគ្គល​ស្មោះត្រង់​ជាមួយ​ជាតិ​ពិតប្រាកដ​, បុគ្គល​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​, និង​បុគ្គល​ដែល​បារម្ភ​ជាតិ​ពិតប្រាកដ​។​

​ការលើកឡើង​បែបនេះ មិនមែន​មានន័យថា ក្នុងសង្គម​ទាំងមូល​គ្មាន​បុគ្គល​ទាំងនេះ​ទេ​។ ប៉ុន្តែ​គឺ​ដោយសារ​ជន​ទាំងនោះ​នៅមាន​ចំនួន​តិច ហើយ​នៅ​មិន​ហ៊ាន​ចេញមុខ​ក្នុង​បុព្វហេតុ​ជាតិ​។ ជា​សំណួរ​សួរថា តើ​មកពី​មូលហេតុ​អ្វី​? វា​ពិតជា​ពិបាក​ក្នុងការ​កំណត់ថា​មកពី​មូលហេតុ​អ្វី​ណាស់ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​នៅត្រង់ថា ទោះបីជា​ប្រទេសមួយ​មាន​ប្រភពធនធាន​គ្រប់បែបយ៉ាង យ៉ាងណាក៏ដោយ ប្រសិនបើ​សង្គម​នោះ​គ្មាន​ជន​ស្នេហា​ជាតិ​ពិតប្រាកដ​ទេ កុំថាឡើយ​អភិវឌ្ឍន៍​ទៅមុខ សូម្បីតែ​រក្សា​អ្វី​ដែលមាន​ស្រាប់​ក៏​មិនអាច​រក្សា​ឲ្យ​បាន​គង់វង្ស​ណាស់​៕


© រក្សាសិទ្ធិដោយ thmeythmey.com