ពីនេះ ពីនោះ
ពេលណា​អ្នកនយោបាយ​ព្រម​ទទួលស្គាល់ថា​ពលរដ្ឋ​គឺជា​កញ្ចក់​សម្រាប់​ខ្លួន​?
11, May 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងសង្គម​ប្រជាធិបតេយ្យ មនុស្ស​គ្រប់គ្នា​ដឹង​ហើយ ឃើញ​ហើយ ឮ​ហើយ ថា ប្រជាពលរដ្ឋ​ជា​អ្នកសម្រេចចិត្ត ក្នុងការ​ជ្រើសរើស តំណាង​របស់ខ្លួន សម្រាប់​ដឹកនាំ​ប្រទេស​។ ប៉ុន្តែ​ហេតុអ្វី​នៅពេលដែល​ពលរដ្ឋ​ប្រាប់ថា តំណាង​ឯង មន្ត្រី​ឯង ឬ​ថ្នាក់ដឹកនាំ​ឯង​បានធ្វើ​ខុស​ហើយ បែរជា​កម្រ​ឃើញ​មាន​មន្ត្រី អ្នកតំណាង ថ្នាក់ដឹកនាំ​ទាំងនោះ​ចេញមុខ​ទទួលស្គាល់​ការពិត​បែបនេះ​ទៅវិញ​?



​រហូតមកដល់​ពេលនេះ ប្រហែល​ជាមាន​ប្រជាពលរដ្ឋ​ច្រើនណាស់ នៅតែមាន​ចម្ងល់​ក្នុង​ចិត្ត ដែល​មិនទាន់​បានទទួល​ចម្លើយ ថា ហេតុអ្វី​បានជា មន្ត្រីរាជការ​មួយចំនួន អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ​មួយចំនួន​មិនចេះ​ទទួលស្គាល់​អ្វីដែល​សច្ចភាព​ពិត​នៃ​កំហុស​របស់ខ្លួន​?

​យ៉ាងណាមិញ ក្នុងពេល​បច្ចុប្បន្ននេះ មានការ​លើក​ជា​ទស្សនៈ គំនិត​យោបល់ ពាក្យ​សន្ទនា​តាម​ទីសាធារណៈ របស់​ប្រជាពលរដ្ឋ រិះគន់​មន្ត្រី ថ្នាក់ដឹកនាំ​ប្រទេស​ស្ទើរ​គ្រប់​លំដាប់ថ្នាក់​ក្នុងន័យ​ស្ថាបនា ចំពោះ​ទង្វើ​ខ្វះ​ខាត់​របស់​មន្ត្រី​ទាំងនោះ​។ ប៉ុន្តែ​ពេលខ្លះ​គេ​សង្កេតឃើញថា ពាក្យសម្ដី​របស់​ពួកគាត់​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​ទៅវិញ​។

​គេ​ថា​រាស្ត្រ និង​រដ្ឋ​ត្រូវមាន​ទំនាក់ទំនង​គ្នា ចំណែកឯ​មន្ត្រី និង​ប្រជាជន​គឺជា​បណ្ដាញ​ទំនាក់ទំនង​ដែល​មិនអាច​កាត់ផ្ដាច់​បាន​។ បើ​បែបនេះ នោះ​គឺ​មានន័យថា រាស្ត្រ​ត្រូវ​ស្ដាប់​រដ្ឋ ចំណែកឯ​រដ្ឋ​ត្រូវ​ទទួលយក​ការរិះគន់​ពី​រាស្ត្រ​វិញ​ដូចគ្នា​។ ប៉ុន្តែ​ពេល​រាស្ត្រ​និយាយ ហេតុអ្វី​រដ្ឋ​មិន​ចង់​ស្ដាប់ មិន​ចង់​ដោះស្រាយ​? តើ​អាច​ទេ ប្រសិនបើ​គ្មាន​រឿង​អ្វី​សោះ​មាន​រាស្ត្រ​ចេញមុខ​រិះគន់​? តើ​មាន​ទេ រាស្ត្រ​គ្មាន​ទុក្ខ បែរជា​មក​ស្រែកថា​ខ្លួន​កំពុងមាន​បញ្ហា​? តើ​គួរ​ទេ ដែល​រាស្ត្រ​គ្មាន​បញ្ហា មក​ប្រាប់​រដ្ឋ​ថា​កំពុង​ខ្លួន​ជួប​ទុក្ខ​ធំ​? តើ​ទំនង​ទេ ដែល​រាស្ត្រ​កំពុង​រស់​ដោយ​សេចក្ដីសុខ មក​ប្រាប់​រដ្ឋ​ថា ខ្ញុំ​រស់​វេទនាណាស់​?...​។​ល​។

​ក្នុង​ហេតុផល​បែបនេះ គេ​អាច​និយាយបានថា រាល់​ការបង្ហាញ​របស់​ពលរ​ដ្ឋ វា​គឺ​មិនមែន​មានន័យថា​មួលបង្កាច់ ជេរប្រមាថ​រដ្ឋ​នោះទេ​។ ប៉ុន្តែ​គួរតែ​ក្លាយជា​ប្រធានបទ​តូចៗ តាម​ផ្នែក តាម​ប្រភេទ​នៃ​បញ្ហា ដែល​មន្ត្រី​រដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋ​ត្រូវ​ពិចារណា​និង​ដោះស្រាយ ហើយ​យកមក​ឆ្លុះបញ្ចាំង​ទៅលើ​សកម្មភាព​របស់ខ្លួន​វិញ ថា​ពិត​ឬ​មិន​ពិត​? ដូចនេះ គឺ​ត្រូវតែ​យក​រាស្ត្រ មក​ធ្វើជា​កញ្ចក់​ឆ្លុះ​កែលម្អ ឲ្យ​ទៅជា​វិជ្ជមាន​ល្អប្រសើរ​ឡើងវិញ​ចំពោះ​ភាពខ្វះខាត​របស់ខ្លួន​។​

​ក្នុងន័យនេះ រដ្ឋ​ត្រូវ​កំណត់​គោលដៅ​ឲ្យ​ជាក់លាក់ មាន​គោលនយោបាយ​ផ្សាភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ តម្កល់​ផលប្រយោជន៍​រាស្ត្រ​ជាធំ ផ្ដល់​ភាពកក់ក្ដៅ ជំនឿ​ទុកចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​។ ហើយ​ដើម្បី​សម្រេចបាន​កិច្ចសហប្រតិបត្តិការ​នេះ​បាន  ល្គឹកណា​រដ្ឋ​ធ្វើ​ការរៀបចំ​សេវាសាធារណៈ និង​រដ្ឋបាល​មូលដ្ឋាន​ឲ្យ​បាន​រឹងមាំ ដែល​តម្រូវ​ឲ្យ​យើង​មាន​គោលនយោបាយ វិមជ្ឈការ​អំណាច​ដល់​មូលដ្ឋាន​។​

​ចំណែកឯ ក្រុមមន្ត្រី​ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្ហាញ​តម្លាភាព សម្រាប់​ការដឹកនាំ និង​កិច្ចការ​របស់ខ្លួន ដើម្បី​ទទួលបាន​នូវ​ទំនុក​ទុកចិត្ត និង​ការគោរព​គ្នា​ទៅវិញទៅមក​រវាង​រាស្ត្រ និង​រដ្ឋ​។ មន្ត្រី និង​ថ្នាក់ដឹកនាំ​ត្រូវ ឈរលើ​គោលការណ៍​តម្លាភាព គណនេយ្យភាព និង​ភាពជិតស្និទ្ធ ស្មោះស្ម័គ្រ យុត្តិធម៌ ក្នុង​គោលដៅ​រួម ប្រសិទ្ធភាព​ការងារ ចេញមុខ​ដោះស្រាយ ហ៊ាន​ទទួលស្គាល់​ការពិត ព្រមយក​កា​រិះគន់​របស់​រាស្ត្រ​មក​កែប្រែ​ស្ថានភាព ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជាតិ​យើង​ទាំងមូល​។ ធ្វើបែបនេះ​បាន រាស្ត្រ​មិន​ត្រឹមតែ​មិន​ស្អប់ តែ​ថែមទាំង​សប្បាយ​នៅក្នុង​ការផ្ដល់​ព័ត៌មាន​ពិត​ជូន​រដ្ឋ​ថែមទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com