ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ឧស្សាហ៍​រាគរូស​អឺ​ចឹ​ង​?
21, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក ធ្លាប់មាន​បញ្ហា​រាគរូស ច្រើនជាង​បី​ដង​ក្នុង​មួយថ្ងៃ អ្នកមាន​អាកា​រៈ​ជំងឺរាគ​ស្រួចស្រាវ​ហើយ​។ ការ​រាគ​ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​កើតមាន​ជា​ញឹកញាប់​។ យ៉ាងណាមិញ ជំងឺរាគ​នេះ មិនមែន​មានន័យថា មាន​អ្វី​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ឡើយ​។

 
​ការ​រាគ មិន​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ៖
​វីរុស​
​បាក់តេរី​
​ឈឺក្រពះ​
​ព្រូន ឬ​សត្វល្អិត​ក្នុង​ពោះវៀន​
​ពុល​អាហារ​
​ការប្រើប្រាស់​ថ្នាំ​.
​មាន​ជំងឺ​មួយចំនួន ក៏​អាចធ្វើ​ឲ្យ​កើត ជាការ​រាគរូស​ជា​ញឹកញាប់​ដែរ ដូចជា ជំងឺ​រលាក​ពោះវៀន ជំងឺ​រលាក​ពោះវៀនធំ ជំងឺ Celiac និង​រលាក​និង​ដំបៅ​ពោះវៀន (Ulcerative Colitis)​។ 
 
​ការ​រាគ ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ ៖
 
​ការផ្លាស់ប្តូរ​របប​អាហារ​
​ស្ត្រី​ជាច្រើន បាន​ផ្លាស់ប្តូរ​របប​អាហារ​យ៉ាង​ខ្លាំងក្លា នៅពេល​ពួកគេ​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​។ ការផ្លាស់ប្តូរ​ភ្លាមៗ​បែបនេះ អាច​នឹងធ្វើ​ឲ្យ​ក្រពះ​មាន​បញ្ហា និង​បង្ក​ជាការ​រាគទៅ​។ 
 
​ញ៉ាំ​អាហារ​ថ្មី​មិនបាន​
​ក្រៅពី​ពោះធំ​ហើយ​នោះ ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹងមាន​ការប្រែប្រួល រាងកាយ​ច្រើន​បន្ថែមទៀត​។ ការ​ញ៉ាំ​អាហារ​ថ្មី​មិនបាន ក៏​អាច​កើតមាន​ដែរ​។ អាហារ​ដែល​អ្នក​មិន​ធ្លាប់​ញ៉ាំ​ពីមុន ហើយ​បែរជា​ញ៉ាំ​ក្នុងពេល​មាន​ផ្ទៃពោះ នឹងធ្វើ​ឲ្យ​កើតជា​ខ្យល់ ច្រើន​ក្នុង​ពោះវៀន ឈឺក្រពះ និង​រាគ​ថែម​ទៀតផង​។ 
 
​ការប្រើ​វីតាមីន ក្នុងពេល​មាន​ផ្ទៃពោះ​
​ការប្រើ​ថ្នាំ​វីតាមីន ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់​សម្រាប់​សុខភាព និង​ការលូតលាស់​របស់​ទារ​ក​។ យ៉ាងណាមិញ វីតាមីន​ទាំងនេះ អាច​នឹងធ្វើ​ឲ្យ​ក្រពះ​ឈឺ និង​បង្ក​ការ​រាគរូស​ដែរ​។ 
 
​បម្រែបម្រួល​អ័រម៉ូន​
​អ័រម៉ូន ប្រហែលជា​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើការ​យឺត​ជាង​មុន ដូច្នេះ ការ​ទល់លាមក អាចជា​បញ្ហា​មួយ​ក្នុង​រឿងនេះ​ដែរ​។ អ័រម៉ូន ក៏​អាច​បង្កើនល្បឿន ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ បង្ក​ជាការ​រាគរូស​តែម្តងទៅ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការ​រាគរូស​នេះ ភាគច្រើន កើតឡើង​នៅក្នុងពេល​ត្រីមាស​ទី​បី នៃ​ការ​មាន​ផ្ទៃពោះ​។ 
 
​ករណី​រាករូស​ក្នុងពេល​មាន​ផ្ទៃពោះ​នេះ ភាគច្រើន គឺ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ ព្រោះថា​មូលហេតុ​របស់​វា ច្រើនតែ​ទាក់ទង​នឹង​ការពុល​អាហារ បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​។ ដូច្នេះ គួរតែ​ធ្វើយ៉ាងណា​ញ៉ាំ​ទឹក ឲ្យ​បាន​គ្រប់គ្រាន់​។ 
 
​បើសិន​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក កំពុងតែ​បង្ក​ជាការ​រាគ រាងកាយ​នឹង​ផ្លាស់ប្តូរ​ទៅតាម​គ្នា ដើម្បី​បញ្ឈប់​ការ​រាគ​វិញ នៅពេល​អ្នក​ប្តូរ​ថ្នាំ​ផ្សេង​។ តែ​បើសិនជា​ប្តូ​រហើយ នៅតែ​មិន​បាត់​ទៀត វា​គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ 
 
​មាន​អាហារ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ការ​រាគ​កាន់តែ​ធ្ងន់ធ្ងរ ដូចជា អាហារ​សម្បូរ​ខ្លាញ់ អាហារ​ចៀន អាហារ​ហឹរ ទឹកដោះគោ និង​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​។ ដូច្នេះ បើសិនជា​អ្នកមាន​អាកា​រៈ​រាគ​ហើយ អ្នក​គួរតែ​ចៀសវាង អាហារ​ទាំងនេះ​សិន​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com