ជាតិ
ក្រសួងមហាផ្ទៃ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាយុ​១៥​ឡើង ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​
17, May 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​សង្កេតឃើញ​ការស្នើសុំ​បែបបទ​សុំ​អត្តសញ្ញាណប័ណ្ណ​របស់​ប្រជាពលរដ្ឋ​មានការ​ថយចុះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីអំពាវនាវ​ដល់​ព​ល​រដ្ឋ ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ ឲ្យ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី នៅតាម​ស្ថានីយ៍​ចល័ត​ក្នុងភូមិ​ឃុំ​ដែល​ខ្លួន​រស់នៅ ឬ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខ័​ណ្ឌ​។



​សេចក្តីអំពាវនាវ​រប​ស់អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ចុះផ្សាយ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ បានសរសេរថា ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​កន្លងមក ធ្វើ​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បានធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ពលរដ្ឋ ប្រមាណ​៨​លាន​២​សែន​អត្តសញ្ញាណប័ណ្ណ ប៉ុន្តែ ក្នុងពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សង្កេតឃើញ មានការ​ថយចុះ​នៃ​ចំនួន​ពលរដ្ឋ​ក្នុងការ​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ​។

​សេចក្តីអំពាវនាវ​ដដែល​សរសេរថា​«​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​អំពាវនាវ​ដ៏​ទ​ទួ​ច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី មេត្តា​សុំ​អញ្ជើញ​ទៅ​បំពេញបែបបទ​សុំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី នៅតាម​ស្ថានីយ៍​ចល័ត​ក្នុងភូមិ​ឃុំ​ដែល​ខ្លួន​រស់នៅ ឬ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​ឬ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខ័​ណ្ឌ តាម​ការជូនដំណឹងរ​បស់​អាជ្ញា​ធរមាន​សម​ត្ថ​កិច្ច​ឲ្យ​បាន​គ្រប់ៗ​គ្នា​»​។ 

​ចំពោះ​ករណី អ្នកមាន​អត្តសញ្ញាណប័ណ្ណ​ថ្មី តែ​របក​ខូច សូម​ទាក់ទង​ទៅ​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ឬ​អធិការដ្ឋាន​ក្រុង​ស្រុក​ខ័​ណ្ឌ​ដែល​ខ្លួន​រស់នៅ ឬ​អាច​អញ្ជើញ​មក​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយផ្ទាល់ ដើម្បី​បោះពុម្ព​ថ្មី​ដោយ​មិន​យក​កម្រៃ​សេវា​នោះទេ​។

​សូមបញ្ជាក់ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​បំពេញបែបបទ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួច ហើយ​លើសពី​៣០​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ តែ​នៅ​មិនទាន់​ទទួលបាន​អត្តសញ្ញាណប័ណ្ណ អាច​ស្វែងរក​ព័ត៌មាន​តាមរយៈ​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម ដែលមាន​អាសយដ្ឋាន www.idc.gdi.gov.kh ឬ​ហ្វេ​ស​ប៊ុ​ក www.facebook/gdi.gov.kh ឬ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១២២៥៨៨៥៨/០១២៨៨០៩៩០/០១៦៨០៨០២០៕  


Tag:
 មហាផ្ទៃ​
 ​ អត្តសញ្ញាណប័ណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com