អន្តរជាតិ
លោក ប្រា​យុទ្ធ អាច​នឹង​បន្ត​កាន់តំណែង បើ​ប្រជាមតិ​រដ្ឋធម្មនុញ្ញ បរាជ័យ​
18, May 2016 , 9:39 pm        
រូបភាព
ដោយ:
​តាម​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ អូ​ចា ថៃ នឹង​រៀបចំ​ការបោះ ឆ្នោត​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០១៧​ខាងមុខ​។ តែ​ការបោះឆ្នោត​នេះ ត្រូវបាន​របប​សឹក​អះអាង​ជាថ្មី​ថា អាច​នឹង មាន​លើក​ពេល​ម្តងទៀត ប្រសិនបើ ការធ្វើប្រជាមតិ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី បរាជ័យ​។​



​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក ប្រា​វីដ វង់​ស៊ូ​វ៉ាន់ (Prawit Wongsuwon) នៅ​ថ្ងៃទី​១៧ ខែឧសភា​ម្សិលមិញ បានលើកឡើង​ពី​សេចក្តីថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ច័ន្ទ អូ​ចា ថា «​ប្រសិនបើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​បរាជ័យ​ក្នុង​ដំណាក់​ការ​នៃ​ការធ្វើប្រជាមតិ លោក (​លោក​ប្រា​យុទ្ធ​) នឹង​បន្ត​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការធ្វើ​រដ្ឋធម្មនុញ្ញ និង​ការបោះឆ្នោត​សកល​»​។ នេះ​បើ យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីដ បាន​បន្ថែមថា នៅពេលដែល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀង​ដោយ​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ដែលមាន​លោក មី​ឆៃ រួ​ជូ​ផាន់ ជា​ប្រធាន ត្រូវបាន​បោះឆ្នោត​ប្រឆាំង នៅក្នុង​ប្រជាមតិ នាយករដ្ឋមន្ត្រី​នឹង​ប្រើប្រាស់​អំណាច​របស់លោក​ក្នុងនាម​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់​។

​នៅ​ថ្ងៃ​ចន្ទ​ទី ១៦ ខែឧសភា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​បញ្ជាក់ដែរថា​ដំណើរការ​នៃ​ការធ្វើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ នឹងត្រូវ​ត្រលប់​ក្រោយ​វិញ ប្រសិនបើ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​បរាជ័យ​ក្នុង​ការធ្វើប្រជាមតិ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ដែរ​ថា លោក បាន​បន្ថែមថា «​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ចុះ​ចេញពី​តំណែង​? ខ្ញុំ កំពុងតែ​បំពេញ ការងារ​ដើម្បី​ផលប្រយោជន៍​ជាតិ​។ ខ្ញុំ មិនមែន​គំរាម​ក្នុង​ការបន្ត​កាន់អំណាច ប្រសិន​សេចក្តីព្រាង​រដ្ឋ​ធម្ម នុ​ញ្ញ​ត្រូវបាន​ច្រានចោល​»​។

​គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ បានប្រកាសថា ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​ជាតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខនេះ​ដើម្បី​ស្ទង់​មតិ​ប្រជាជន​ថៃ​ថា​តើ​សេចក្តីព្រាង​នោះ​សមស្រប និង​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬ​យ៉ាងណា​។​

​សូម​រម្លឹក​ដែរ​ថា កាលពី​ខែកុម្ភៈ កន្លងទៅ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ពី​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​យោធា​ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​បញ្ជាក់ថា « គឺ​ឆ្នាំ​២០១៧  ដែល​ការបោះឆ្នោត​នឹងត្រូវ​រៀបចំឡើង​»​។ ការអះអាង​បែបនេះ ធ្វើឡើង​ដើម្បី​បញ្ជាក់ ពី​គោលជំហរ​របស់​រដ្ឋាភិបាល​យោធា​បន្ទាប់ពី​មានការ​រិះគន់​ជាច្រើន​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​។ ហើយ លោក ក៏​ធា្ល​ប់​បាន​អះអាង​នៅ​ថ្ងៃទី​២៦​ខែមករា​កន្លងទៅ​ដែរ​ថា ការបោះឆ្នោត​សកល នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​ជាដាច់ខាត បើទោះបីជា​រដ្ឋធម្មនុញ្ញ មិនអាច​ឆ្លង​ផុតពី​ដំណាក់​ការ​នៃ​ការធ្វើប្រជាមតិ​ក៏ដោយ​៕


Tag:
 ថៃ​
  សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com