ជាតិ
គួរប្រើ​ទង់ជាតិ​ខ្មែរ​ឲ្យ​មានការ​ឯកភាព​ជាតិ​!
21, May 2016 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
លិខិត​មិត្ត​អ្នកអាន លោក រ​ត្ន័ សណ្ដាប់​
​ទង់ជាតិ គឺជា​ទង់​តំណាង​ឲ្យ​ជាតិ​ដែល​បញ្ជាក់​ពី​អធិបតេយ្យ បូរណភាព​ទឹកដី  វប្បធម៌ ប្រពៃណី សាសនា​របស់​ជាតិ​សាសន៍​នីមួយៗ ដើម្បី​ឲ្យ​ចងចាំ និង​ការពារជាតិ​កំណើត​របស់ខ្លួន​ឲ្យ​បាន​គង់វង្ស​តរៀង​ទៅ​។​

 
​ព្រោះតែ​ហេតុនេះហើយ​ទើប​ទង់ជាតិ​ដែល​ត្រូវ​យកមក​គោរព គឺ​ចាំបាច់​ត្រូវមាន​ក្បួនខ្នាត​ត្រឹមត្រូវ​ហ្មត់ចត់​ណាស់ ពីព្រោះ​ជា​គ្រឿង​សម្គាល់​ដ៏​ឧត្ដុង្គឧត្ដម​ចំពោះ​ជាតិ  អ៊ីចឹង​ហើយ​ទើប​ទង់ជាតិ ត្រូវបាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ប្រទេស បានន័យថា គឺ​គេ​មិន​ត្រូវយក​ទង់ជាតិ មក​កែច្នៃ​ឬ​ធ្វើ​អ្វី​ឲ្យ​ខុសពី​ទម្រង់​ដើម​ដែល​បានកំណត់​ក្នុង​រដ្ឋធម្មនុញ​ទ្បើ​យ​។​
​ស្ថិតក្នុង​បរិ​ការ​នេះ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ទង់ជាតិ​ដែល​បានកំណត់ ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ ដែល​សព្វថ្ងៃ​បាន​នឹង​កំពុង​បោះ​ពុ​ម្ភ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ យើង​ឃើញថា មាន​ចំនួន​ច្រើន​ទ្បើងៗ ហាក់​មាន​ទម្រង់​មិន​ដូចគ្នា​សោះ​។ ក្នុងនោះ​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅត្រង់ថា រូប​ប្រាសាទ​អង្គរវត្ដ​ខ្លះ​គេ​ឃើញ​មាន​កាំជណ្ដើរ រូប​ប្រាសាទ​អង្គរវត្ដ​ខ្លះទៀត​អត់​កាំជណ្ដើរ រូប​ប្រាសាទ​អង្គរវត្ដ​ខ្លះ​មាន​ឆ្នូត​ពណ៌​ខ្មៅ និង​រូប​ប្រាសាទ​អង្គរវត្ដ​ខ្លះទៀត​មាន​ឆ្នូត​ពណ៌​ក្រហម ជាដើម​។​
 




​ឆ្លើយតប​និង​បញ្ហា​នេះ ខ្ញុំ​(​រ​ត្ន័ សណ្ដាប់​) ជា​អ្នកស្រាវជ្រាវ​និង​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​ស្ដីពី ប្រ​វ​ត្ដិ​ទង់ជាតិ ភ្លេងជាតិ នគររាជ សូមបញ្ជាក់ថា ទង់ជាតិ​ខ្មែរ​គឺមាន​ស​ណ្នា​ន​បួន​ជ្រុង​ទ្រវែង​តាម​ខ្នាត​អន្ដរជាតិ ហើយ​មាន​ពណ៌​ខៀវ​អម​ពណ៌​ក្រហម ឆួ​ត​បណ្ដោយ​ស្របគ្នា​លើ​ផ្ទៃ​ទង់ គឺ​ពណ៌​ខៀវ​ឆួ​ត​លើ​គែម​សង្ខាង ដោយ​ទំហំ​នីមួយៗ ប្រមាណ​១​ភាគ​៤ អម​ពណ៌​ក្រហម ដែលមាន​ទំហំ​ប្រមាណ​២​ភាគ​៤ នៅ​កណ្ដាល​។ នៅលើ​ផ្ទៃ​ពណ៌​ក្រហម​នេះ មាន​រូប​ប្រាសាទ​អង្គរវត្ដ​កំពូល​បី ពណ៌​ស និង​ឆួ​ត​ពណ៌​ខ្មៅ នៅ​ចំ​កណ្ដាល​។     ក្នុង​បណ្ដាល​ពណ៌​ទាំងបី​នេះ មាន​អត្ថន័យ​ដូចតទៅ​៖ ពណ៌​ខៀវ តាង​សេចក្ដី​រុងរឿង​ថ្លៃថ្នូរ សុចរិត យុត្ដិធម៌​ស្មោះត្រង់​របស់​ជាតិ រីឯ​ពណ៌​ក្រហម តាង​សេចក្ដី អង់អាច​ក្លាហាន ឆន្ទៈ​មោះមុត​របស់​ជាតិ ហ៊ាន​ប្រយុទ្ធ​និង​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​ការពារជាតិ មាតុភូមិ ដែល​តាង​ដោយ​ប្រាសាទ​អង្គរវត្ដ​កំពូល​បី ពណ៌​ស ជា​និ​មិ​ត្ដ​រូប​នៃ​សេចក្ដី​បរិសុទ្ធ បញ្ញាញាណ​ទេពកោសល្យ ត្រ​ដុម​ត្រដោម អរិយធម៌ ត្រ​ចេះ​ត្រចង់​បូរណភាព​ទឹកដី ឯករាជ្យ អធិបតេយ្យ​របស់​ជាតិ​។​
 

 
​ជារួម​បើ​និយាយ​ពី​ការប្រើប្រាស់ និង​ការគោរព​ទង់ជាតិ​គឺជា​ការបញ្ជាក់​ប្រាប់​ពី​ការគោរព​ដឹងគុណ​ដល់​បុព្វបុរស​ដែល​បាន​ការពារ​ទឹកដី​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ ហេតុនេះ ខ្ញុំ (​រ​ត្ន័ សណ្ដាប់​) ក៏​សូម​អំពាវនាវ​ឲ្យ​អ្នក​បោះ​ពុ​ម្ភ​និង​ប្រើប្រាស់​ទង់ជាតិ ទាំងអស់​ត្រូវគោរព​តាម​ក្បួនខ្នាត​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បង្ហាញ​ពី​ការឯកភាព​ជាតិ​៕ 
 
​សូមបញ្ជាក់ថា រូប​ទី​១ និង​ទី​២ គឺជា​រូប​ទង់ជាតិ​ដែល​គ្មាន​ក្បួនខ្នាត​ត្រឹមត្រូវ ហើយ​រូប​ទី​៣ គឺជា​រូប​ត្រឹមត្រូវ។

Tag:
 ទង់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com