ជាតិ
សេដ្ឋកិច្ច
ផលិតផល​«​ចាន​ធ្វើ​ពី​ស្រទបស្លា​» គ្រោង​ចូល​ទីផ្សារ​ក្នុងពេល​ឆាប់ៗ​
21, May 2016 , 10:20 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​អេ​ធី​យូ​នី​វើ​ស ដែលជា​ក្រុមហ៊ុន​ផលិត​«​ចាន​ធ្វើ​ពី​ស្រទបស្លា​»​ដំបូង​គេ​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​ចែកចាយ​ផលិតផល​របស់ខ្លួន​នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​។ លោក អុន បឿន ប្រធាន​គ្រប់គ្រង​ការផលិត មានប្រសាសន៍ថា ជំ​ហ៊ាន​ដំបូង ក្រុមហ៊ុន​នឹង​នាំ​ផលិតផល​របស់ខ្លួន​ចូល​ទីផ្សារ​ក្នុងស្រុក និង​ប្រទេស​កូរ៉េខាងត្បូង​។ លោក​អះអាងថា ចាន​ស្រទបស្លា​នេះ គឺជា​ផលិតផល​ធម្មជាតិ មិន​បង្ករ​ផលប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់​ឡើយ​។​


 
«​ចាន​ធ្វើ​ពី​ស្រទបស្លា​» ដែលជា​ផលិតផល​លើកដំបូង​នៅ​កម្ពុជា នឹង​ទៅដល់​ទីផ្សារ​ក្នុង​ចុងខែ​ឧសភា​ខាងមុខនេះ​។ ក្រៅពី​ទីផ្សារ​ក្នុងស្រុក ប្រទេស​កូរ៉េ គឺជា​ទីផ្សារ​ក្រៅប្រទេស​ទីមួយ ដែល​ក្រុមហ៊ុន​អេ​ធី​យូ​នី​វើ​ស គ្រោង​នាំចេញ​។ នេះ​បើតាម​លោក អុន បឿន ប្រធាន​គ្រប់គ្រង​ការផលិត​។ លោក​បន្ថែមថា ក្រុមហ៊ុន​អាច​ផ្គត់ផ្គង់​ចាន​ស្រទបស្លា​នេះ​ពី​ចំនួន ២​ពាន់ ទៅ ៣​ពាន់​ចាន​ក្នុង​មួយថ្ងៃ ដែលជា​ជំ​ហ៊ាន​ដំបូង​របស់​ក្រុមហ៊ុន​។ 
 
​លោក អុន បឿន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២០​ខែឧសភា​ថា ផលិតផល​ចាន​ស្រទបស្លា​នេះ មាន​៥​ប្រភេទ ដែល​អាច​ឲ្យ​អតិថិជន ប្រើ​សំរាប់​ដាក់​អាហារ​បាន​ច្រើនបែប​។ ចំពោះ​ការប្រើប្រាស់​ចាន​ស្រទបស្លា​នេះ លោក​បញ្ជាក់ថា ជាធម្មតា គេ​ប្រើប្រាស់​វា​តែ​ម្តងគត់ ព្រោះ​ថាបើ​គេ​លាង​វា​ទុក​ប្រើពេល​ក្រោយ នោះ​វា​នឹង​រីក​។ 
 


«​យើង​ច្នៃ​វត្ថុ​ដែល​គេ​បោះចោល ទៅជា​វត្ថុ​ដែលមាន​តម្លៃ​។ យើង​ជួយ​បង្កើត​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អុន បឿន អំពី​មូលហេតុ​នៃ​ការបង្កើត​សិប្បកម្ម​ផលិត​ចាន​ស្រទបស្លា​នេះ​ឡើង​។ លោក​បន្ត​យ៉ាង​ដូច្នេះ​ទៀតថា​៖«​យើង​ផ្តល់នូវ​ផលិតផល ដែល​មិន​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់​។ វា​ជា​ផលិតផល​ធម្មជាតិ​។ ពេល​ប្រើ​វា​រួច វា​នឹង​ក្លាយជា​ជី​ទៀតផង​»​។​
 
​ក្រុមហ៊ុន​អេ​ធី​យូ​នី​វើ​ស គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​វិនិយោគ​គិ​ន​ខ្មែរ និង​កូរ៉េ ដែលមាន​បុគ្គលិក​ចំនួន ២២ នាក់​។ ហើយ​ក្រុមហ៊ុន​នេះ មាន​រោងចក្រ​ផលិត​ចាន ដែលមាន​ទីតាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែលជា​កន្លែង​ផ្គត់ផ្គង់​វត្ថុធាតុដើម ពោលគឺ​ស្រទបស្លា​ដ៏​សំខាន់​។​
 


​ទោះយ៉ាងណា​លោក អុន បឿន ដែលជា​សហ​ស្ថាបនិក​មួយរូប​នៃ​ក្រុមហ៊ុន​អេ​ធី​យូ​នី​វើ​ស មិនបាន​បញ្ចេញ​ពី​តម្លៃ​ផលិតផល​របស់ខ្លួន​ឡើយ ដោយ​លោក​ប្រាប់ថា ខាង​ក្រុមហ៊ុន​នឹង​ចរចា​ពី​បញ្ហា​តម្លៃ​នេះ​ជាមួយ​អាជីវករ​ទៅតាម​ភាពជាក់ស្តែង​។ ជាមួយគ្នានេះ ចំនួន​ដើមទុន ដែល​ក្រុមហ៊ុន​បាន​បោះទុន ក៏​លោក​សុំ​មិន​បញ្ចេញ​ជា​សាធារណៈ​ផងដែរ​។​
 
​លោក អុន បឿន ឲ្យ​ដឹង​បន្ថែមទៀតថា ក្រៅពី​ទីផ្សារ​កម្ពុជា និង​កូរ៉េ ក្រុមហ៊ុន​របស់​លោកមា​ន​បំណង​នាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​ទីផ្សារ​បរទេស​មួយចំនួន​ទៀត បើសិនណា​ជាមាន​ការគាំទ្រ​។ លោក​សង្កត់ធ្ងន់ថា អតិថិជន​គោលដៅ​របស់​ផលិតផល​ចាន​ស្រទបស្លា​នេះ គឺ​អ្នក​ដែល​ស្រលាញ់​បរិស្ថាន​៕
 

Tag:
 ស្រទបស្លា​
  អុន បឿន
© រក្សាសិទ្ធិដោយ thmeythmey.com