តើ​យុវជន​បែបណាដែល​​កម្ពុជា​ស្រមៃ​ចង់បាន​?
គំនិតមួយ
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
តើ​យុវជន​បែបណាដែល​​កម្ពុជា​ស្រមៃ​ចង់បាន​?
01, Aug 2020 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ យុវជន​ជា​គ្រឹះ​ចូលរួម​កសាង ចូលរួម​រៀបចំ​សង្គម កសាង​ជាតិ​មាតុភូមិ ពីព្រោះ​យុវជន ជា​កម្លាំង​ស្នូល​ក្នុងការ​ការពារ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការកសាង​សង្គមជាតិ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​។ ចុះ​តើ​យុវជន​ត្រូវ​ធ្វើខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​បែបណា ទើប​អាច​ឲ្យ​ខ្លួនឯង​ក្លាយជា​ក្ដីសង្ឃឹម​ចំពោះ​ជាតិ​?



ខាងក្រោម​នេះ គឺជា​ចំណុច​សង្ខេប​ខ្លី​មួយចំនួន ដែល​យុវជន​គ្រប់រូប​ត្រូវតែ​យកមក​ពិចារណា​ដើម្បី​កំណត់​វាសនា​ប្រទេសជាតិ​៖
 
១/. យុវជន​ដែលមាន​ភាពរឹងមាំ រហ័សរហួន ក្លាហាន៖  ភាពក្លាហាន​របស់​យុវជន​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្មារតី​រស់​ឡើងវិញ​នៃ​ផ្នត់គំនិត​ស្នេហា​ជាតិ​ដែល​បាន​បាត់បង់​ទៅជា​ច្រើន​សម័យកាល​។ ភាពរឹងមាំ​របស់​យុវជន បង្ហាញ​ពី​ជំហរ​ជាតិ​ថា​មិនអាច​ដួល​បានទេ​។​
 
២/. យុវជន​ដែលមាន​ភាព​ស្អាតស្អំ ការពារ​សច្ចធម៌​សង្គម៖ ការប្រកាន់​ខ្ជាប់នូវ​សច្ចធម៌ និង​មាគ៌ា​ស្អាតស្អំ បង្ហាញ​ឲ្យ​ឃើញ​ការ​រស់​ឡើងវិញ​នូវ​យុត្តិធម៌​សង្គម ដែល​នឹងមាន​ការប្រែប្រួល​តាមរ​យៈ​ចរន្ត​សច្ច​ថ្មី​នៃ​ស្មារតី​យុវជន​។
៣/. យុវជន​ដែល​ចេះ​សាមគ្គី​៖ សាមគ្គី​មោះមុត ដើម្បី​បុព្វហេតុ​សង្គមជាតិ ចេះ​លះបង់​គំនិត​អត្តទត្ថ អាត្មានិយម ជំងឺ​តួឯក និង​ការគិត​បែប​ទុទិដ្ឋិនិយម មក​រស់នៅ​ជាមួយគ្នា​ក្នុងនាម​ជា​បង ជា​ប្អូន ក្នុងនាម​ជា​ឈាមជ័រ​កូន​ខ្មែរ​អង្គរ​។​
 
៤/. យុវជន​ប្រកបដោយ​គុណធម៌៖ នៅពេលដែល​យុវជន​ខ្មែរ​អាច​បង្រៀន​ខ្លួនឯង​ក្លាយជា​បុគ្គល​ដែលមាន​គុណធម៌​នៅក្នុង​ខ្លួន​បាន នោះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រស់​ឡើងវិញ​នូវ​សេចក្ដី​ល្អ​របស់​មនុស្ស​ខ្មែរ​។​
 
៥/. យុវជន​ដែលមាន​ភាព​ខ្ពង់ខ្ពស់​ផ្នែក​ប​ញ្ញា៖ កត្តា​នេះ​ជា​ក្ដីសង្ឃឹម​សម្រាប់​ជាតិ ដោយ​ផ្ដើមចេញពី​ការចូលរួម​ស្វែងយល់ វែកញែក ដឹងខុសដឹងត្រូវ ដឹង​សដឹង​ខ្មៅ ដឹង​ល្អ​ដឹង​អាក្រក់ និង​រក​ដំណោះស្រាយ​ល្អៗ សម្រាប់​សង្គម នាំ​ជាតិ​ឆ្ពោះទៅរក​ភាព​រីកចម្រើន រុងរឿង គង់វង្ស​។​
 
៦/. យុវជន​ប្រកបដោយ​មនសិការ ឧ​ត្ត​ម​គតិ សម្បជញ្ញ៖ ចូលរួម​ការពារ យុត្តិធម៌​សង្គម ដែលជា​គ​ន្លឺះ​នាំមក​នូវ​ស្ថិរភាព សន្តិភាព​។​
 
៧/. យុវជន​ដែលមាន​ចំណេះ​ជំនាញ​ពិតប្រាកដ៖ ផ្ដើមចេញពី​ជំនាញ​ជា​លក្ខណៈ​បុគ្គល អភិវឌ្ឍន​ខ្លួន​ក្នុងនាម​ជា​ភាវៈ​សង្គម ជួយ​សង្គម​តាមរយៈ​ការជួយ​ខ្លួនឯង​។ ចំណុច​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​មមា​រញឹក​របស់​កូន​ខ្មែរ ដែលមាន​កិច្ចការផ្ទាល់ខ្លួន​ត្រូវធ្វើ មិនមែនជា​យុវជន​ទំនេរ​ឥត​បានការ​។​
 
៨/. យុវជន​ដែលមាន​សេចក្ដី​មេត្តា ការគោរព នៅក្នុង​ខ្លួន៖ យុវជន​បែប​មាន​កាន់តែច្រើន បង្ហាញ​ឲ្យ​ឃើញ​ពីរ​ស់​ឡើងវិញ​នូវ​សេចក្ដី​ល្អ ភាព​ស្ងប់​សុខ និង​ការរស់នៅ​ក្នុងសង្គម​មា​ន​តម្លៃ​ដូចគ្នា​ក្នុងនាម​ជាម​នុស្ស​ផ្ដើមចេញពី​ការគោរព និង​មេត្តាធម៌​។​
 
៩/. យុវជន​ដែលមាន​ក្រមសីលធម៌​ទាំង​ការ​ដេក​ដើរ ឈរ អង្គុយ និយាយស្ដី កាយវិការ​គ្រប់បែបយ៉ាង ដែល​នឹងចូលរួម​ធ្វើ​ឲ្យ​សកម្មភាព​សង្គម​មើលទៅ​គ្មាន​ទង្វើ​ណាមួយ​ដែល​អាច​បង្ករ​ជា​អំពើហិង្សា ឬ​ភាពចលាចល​សង្គម​។​
 
​ជារួម ប្រាំបួន​ចំណុច​ខាងលើ វា​មិនបាន​បង្ហាញ​ឲ្យ​អស់ពី​ចំណុច​ល្អៗ​ដែល​យុវជន​គ្រប់រូប​ត្រូវប្រកាន់យក​នោះទេ​មក​ប្រតិបត្តិ​នោះទេ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​ទាំងឡាយ​ដែល​យុវជន​គ្រប់គ្នា​ត្រូវតែ​ប្រកាន់​យកមកអនុវត្ត​ដើម្បី​កសាង​ខ្លួនឯង​ឲ្យ​ក្លាយជា​ភាវៈ​សង្គម​មួយ​ដែលមាន​ប្រយោជន៍ និង​មានតម្លៃ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com