ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក អេង ឆៃអ៊ាង​ ថា CPP អាង​អំណាច រីឯ CNRP ពឹង​ពលរដ្ឋ​
31, May 2016 , 1:46 pm        
រូបភាព
លោក អេង ឆៃអ៊ាង កំពុងថ្លែង នៅកណ្តាលគេ
លោក អេង ឆៃអ៊ាង កំពុងថ្លែង នៅកណ្តាលគេ
 
​ភ្នំពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​ស្ថាប័នរដ្ឋ ដើម្បី​ដាក់​សម្ពាធ លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែក គណបក្ស​សង្គ្រោះ​ជាតិ មានតែ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ដើម្បី​តស៊ូ​មតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​ជាការ​អះអាង​របស់លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង ដែល​ថ្លែង​ទៅកាន់​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន នៅ​ទី​ស្នាក់ការ​កណ្តាល នាពេល​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា​។


​លោក អេង ឆៃអ៊ាង លើកឡើងថា គណបក្សកាន់អំណាច បាន​យក​ស្ថាប័ន​មាន​សមត្ថកិច្ច ធ្វើជា​វិធានការ​ក្នុងការ​យី​យា​ទៅលើ​គណបក្សប្រឆាំង​។ លោក​បន្ថែមថា ដើម្បី​ទប់ទល់​ជាមួយ​ការ​រុកកួន​បែបនេះ បក្សប្រឆាំង ពុំមាន​មធ្យោបាយ​អ្វី ក្រៅពី​ការពឹង​ផ្អែកលើ​កម្លាំង​ប្រជាពលរដ្ឋ​នោះទេ​។ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ​បញ្ជាក់ថា​៖ «​បក្ស​កាន់អំណាច មាន​ស្ថាប័ន ដើម្បី​សង្កត់​យើង​។ [….] ឯ​យើង​តស៊ូ​មតិ ពឹង​លើ​ប្រជាពលរដ្ឋ​»​។  
 
​បើតាម​លោក អេង ឆៃអ៊ាង ក្រៅពី​សំឡេង​ប្រជាពលរដ្ឋ គណបក្សប្រឆាំង នៅមាន​សហគមន៍​អន្តរជាតិ និង​ស្ថាប័ន​ព្រះមហាក្សត្រ ដែលជា​បង្អែក​ដើម្បី​បញ្ចប់​ការជិះជាន់​ពី​សំណាក់​បក្ស​កាន់អំណាច​។ លោក​បន្តថា បណ្តា​ប្រទេស​ជា​មិត្រ​មួយចំនួន មាន​កាតព្វកិច្ច​ក្នុង​ការជួយ​ប្រទេស​កម្ពុជា ហើយ​ព្រះមហាក្សត្រ ទ្រង់​គង់​ជា​អាជ្ញាកណ្តាល ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណៈ ឲ្យ​មាន​ភាព​ទៀត​ទាត់​។  
 
​លោក អេង ឆៃអ៊ាង បាន​ផ្ញើ​សារ​នយោបាយ​ចាស់​ទៅកាន់​អ្នកគាំទ្រ​ជាថ្មី​ថា គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់​ឲ្យ​ស្ថានការណ៍​អាប់​អួល​នាពេល​បច្ចុប្បន្ន វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌​។ 
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន មិនអាច​ទទួលយកបាន​ទេ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​និង​សហគមន៍​អន្តរជាតិ​ខ្លះ ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា ស្ថាប័នរដ្ឋ ប្រើប្រាស់ស្ថាប័ន​តុលាការ​ ដើម្បី​ជិះជាន់​អ្នកនយោបាយ​បក្សប្រឆាំង ឬ​មន្ត្រី​សង្គម​ស៊ីវិល​។ អ្នកនាំពាក្យ​រូបនេះ អះអាងថា ករណី​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​បក្សប្រឆាំង រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួនទៀត ដែល​កំពុង​ជាប់ពន្ធនាគារ គឹជា​ដែន​សមត្ថកិច្ច​របស់​តុលាការ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ឡើយ​៕
 

Tag:
 CNRP
  CPP
  អេង ឆៃអ៊ាង​
  ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com