អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូបាម៉ា គាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន ជាផ្លូវការ ខណៈលោក សេនដឺត្រៀមចាកចេញ
10, Jun 2016 , 8:38 am        
រូបភាព
 ចុងក្រោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចេញមុខ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ខែមិថុនា។ លោក​ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​សមត្ថភាព​និង​លក្ខណៈសម្បត្តិ​ជា​ប្រធានាធិបតី ហើយ​លោក​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​និង​លោក​ផ្ទាល់​គាំទ្រ​លោកស្រី​ផងដែរ​។​


​បន្ទាប់ពី​លោក​ជួបពិភាក្សា​ជាមួយ​សមាជិកព្រឹទ្ធសភា​រដ្ឋ Vermont និង​ជា​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​របស់លោក​ស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន គឺលោក ប៊ែ​នី សេន​ដឺ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ចាប់ផ្តើម​ប្រកាសគាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ​ជា​សាធារណ​តែម្តង​។ តាំងពី​យូរ​មកហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​ហ៊ាន​ថ្លែង​គាំទ្រ​សមាជិក​ម្នា​ក់ណា​ពិតប្រាកដ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដូចគ្នា​។​
 
​យោងតាម​សារព័ត៌មាន Politico លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ថ្លែងថា​៖«​មើលចុះ ខ្ញុំ​ដឹងថា​ការងារ​ជា​ប្រធានាធិបតី​នេះ​អាច​លំបាក​ប៉ុណ្ណា​។ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ដឹងថា ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​អាចធ្វើ​វា​បាន​។ តាមពិតទៅ​ខ្ញុំ​មិន​គិតថា វា​មាន​អ្នកណាម្នាក់​មាន​លក្ខណៈសម្បត្តិ​ក្នុងការ​កាន់តំណែង​នេះ​ទេ​។ ប៉ុន្តែ​លោកស្រី ហ៊ី​ឡា​រី គី្លនតុន ប្រាកដជាអាច ព្រោះលោកស្រីមាន​សេចក្តីក្លាហាន និង​ចេះ​គិតគូរ​ពី​សុខ​ទុក្ខ​មនុស្ស​ដទៃពេលសម្រេច​ការងារ​ធំ»​។
​ក្រៅពី​កោតសរសើរ​ លោក អូ​បា​ម៉ា ក៏បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​លោក និង​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផងដែរ​។ លោក​បន្តថា​៖ «ដូច្នេះហើយ​ខ្ញុំ​ចង់​អ្នក​ទាំងអស់គ្នា​ដែល​តែង​នៅ​ជាមួយ​ខ្ញុំ​ចាប់តាំងពី​ដើមទី​មក​ឲ្យ​បានដឹងថា ខ្ញុំ​ឈរ​នៅ​ជាមួយ​លោកស្រី ហ៊ី​ឡា​រី គី្លនតុន។ ខ្ញុំ​កំពុងតែ​អន្ទះសារ​និង​ស្ទើរ​មិនអាច​រង់ចាំ​ការចាកចេញ​ទៅ​ក្រៅ និង​ចូលរួម​ការឃោសនា​នយោបាយ​សម្រាប់​បេក្ខជន​ប្រ​ធានា​ធិបតី​ ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»​។​
 
​ចំណែក លោក ប៊ែ​នី សេន​ដឺ ហាក់ដូចជា​ត្រៀមខ្លួន​ចាកចេញ​រួចទៅហើយ ក្រោយ​ជួប​ជជែក​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប៉ុន្តែ​លោក​នៅតែ​បញ្ជាក់ថា លោក​នឹង​បន្ត​នៅក្នុង​យុទ្ធនាការ​ប្រជែង​ក្នុង​បក្ស​រហូតដល់​ការបោះឆ្នោត​សាកល្បង​ចុងក្រោយ​នៅ​ក្រុង​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយនេះ​សិន​។ តាមសម្តីរបស់លោកក្នុងពេលថ្លែងសុន្ទរកថា​ទៅកាន់អ្នកគាំទ្រ​ សមាជិកព្រឹទ្ធ​សភា រូបនេះនឹងសហការជាមួយ​លោកស្រី ហ៊ី​ឡា​រី គី្លនតុន ដើម្បី​ការឯកភាពគ្នាក្នុងបក្ស។
 
​លោក​ចាញ់​ការបោះឆ្នោត​សាកល្បង​នៅក្នុង​រដ្ឋ​ធំៗ​មួយចំនួន​កាលពី​ថ្ងៃ​អង្គារ​ជាពិសេស​នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​តែម្តង​។ ហើយ​បរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​របស់លោក​ថា​នឹង​បន្ត​ប្រជែង​ដោយ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុម​ប្រតិភូ​ឯករាជ្យ​ងាក​មក​គាំទ្រ​លោក​ក្នុងពេល​សមាជ​បក្ស​ខែកក្កដា​ត្រូវ​រលាយ​អស់​៕

Tag:
 បារ៉ាក់ អូបាម៉ា
  ហ៊ីឡារីគ្លីនតុន
  ប៊ែនីសេនដឺ
© រក្សាសិទ្ធិដោយ thmeythmey.com