កីឡាអន្តរជាតិ
អន្តរជាតិ
លោក Deschamps រីករាយ​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Payet
11, Jun 2016 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះ​បារាំង បាន​បើកឆាក​ពូ​ល A នៃ​ព្រឹត្តិការណ៍ Euro 2016 ជាមួយនឹង​ជ័យជម្នះ ២-១ លើ​រូ​ម៉ា​នី កាលពី​យប់មិញ ខណៈ Dimitri Payet គឺជា​កីឡាករ​ដែល​រួមចំណែក​យ៉ាង​ធំ​ក្នុង​ជ័យជម្នះ​នេះ​។


​នៅ​នាទី ទី​៥៧ Dimitri Payet បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Olivier Giroud ដើម្បី​តែ​ត​បញ្ចូល​ទី​គ្រាប់​បាល់​បើកឆាក​ក្នុង​ព្រឹត្តិការណ៍ Euro 2016 នៅ​កីឡដ្ឋាន Stade de France នា​រាត្រី​ឈានចូល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៦ ។ ៨​នាទី​ក្រោយមក Nicolae Stancu ស៊ុត​បាល់​ប៉េ​ណា​ល់​ទី តាម​ស្មើ សម្រាប់​ក្រុម​ភ្ញៀវ​រូ​ម៉ា​នី បន្ទាប់ពី​រូបគេ​ត្រូវបាន​ខ្សែការពារ​បារាំង Patrick Evra ធ្វើ​ឲ្យ​ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់​។​

​មួយ​នាទី​មុន​បញ្ចប់​ការប្រកួត Payet បាន​នាំ​ភាព​រីករាយ​ពេញ​កីឡដ្ឋាន Stade de France ជាពិសេស​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន ដោយ​រូបគេ​បាន​ទាត់​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ពី​ចម្ងាយ​ជាង​៣០​ម៉ែត្រ​។

​លោក Didier Deschamps គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង ទទួលស្គាល់ថា រូ​ម៉ា​នី​មិនមែនជា​ក្រុម​ដែល​ងាយស្រួល​នោះឡើយ ដោយ​ពួកគេ​មាន​ភាពរឹងមាំ​ខ្លាំង​នៅ​តំបន់​ការពារ​។ លោក​បាន​គូសបញ្ជាក់ថា​៖ «Payet បានធ្វើ​ឲ្យ​ការប្រកួត​ប្រែប្រួល​។ គេ​ជា​កីឡាករ​នៅក្នុង​តំបន់​ប្រយុទ្ធ និង​ជា​កីឡាករ​ដែល​ជួយ​បង្កើត​ឱកាស​ផងដែរ​»៕

 

ប្រភពរូបថត៖ AFP

© រក្សាសិទ្ធិដោយ thmeythmey.com