កីឡាអន្តរជាតិ
អន្តរជាតិ
Euro2016៖ តួ​ក​គី​ប៉ះ​ក្រូ​អាស៊ី ប៉ូឡូញ​ជួប​អៀរ​ឡង់​ខាងជើង អាល្លឺម៉ង់​តទល់​ជាមួយ​អ៊ុយ​ក្រែ​ន​
12, Jun 2016 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ពូ​ល A និង​ពូ​ល B ព្រឹត្តិការណ៍ Euro 2016 ត្រូវ​ឈានដល់​ជំនួប​បើកឆាក​ក្នុង​ពូ​ល C និង​ពូ​ល D នា​រាត្រី​ថ្ងៃអាទិត្យ​នេះ ដោយ តួ​ក​គី​ប៉ះ​ក្រូ​អាស៊ី ប៉ូឡូញ​ជួប​អៀរ​ឡង់​ខាងជើង អាល្លឺម៉ង់​តទល់​ជាមួយ​អ៊ុយ​ក្រែ​ន​។​


​តួ​ក​គី និង ក្រូ​អាស៊ី ត្រូវ​ប៉ះគ្នា​នៅ​កីឡាដ្ឋាន Parc des Princes នៅ​ទីក្រុង​ប៉ារីស នា​វេលា​ម៉ោង​៨​យប់​នេះ សម្រាប់​ជំនួប​បើកឆាក​នៅក្នុង​ពូ​ល D​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៦​លើក ដោយ​ក្រូ​អាស៊ី​ឈ្នះ​២​លើក និង​ស្មើ ៤​លើក​។ ទោះបីជា​យ៉ាងណាក៏ដោយ តួ​ក​គី​មាន​កំណត់ត្រា​ល្អ​មួយ​នៅ​វគ្គ​១/៤ កាលពី Euro 2008 តាមរយៈ​ការ​ឈ្នះ​បាល់​ប៉េ​ណា​ល់ស​ម្រេច​ក្តី​។ តួ​ក​គី​អាចដាក់​ក្តី​សង្ឃឹមលើ Burak Yilmaz និង Cenk Tosun នៅ​តំបន់​ប្រយុទ្ធ ខណៈ​ក្រូ​អាស៊ី មាន​កីឡាករ​ឆ្នើមៗ​នៅ​តំបន់​បម្រើ ដែល​ក្នុងនោះ មាន Ivan Rakitic, Luka Modric រួមទាំង​ខ្សែប្រយុទ្ធ Mario Mandzukic និង​ប្រធាន​ក្រុម Darijo Srna​។​

​នៅវេលា​ម៉ោង​១១​យប់ ប៉ូឡូញ និង​អៀរ​ឡង់​ខាងជើង ត្រូវ​បើក​ការប្រកួត​នៅក្នុង​ពូ​ល C នៅ​កីឡដ្ឋាន Allianz Riviera​។ អៀរ​ឡង់​ខាងជើង​ត្រូវ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ បន្ទាប់ពី​ពួកគេ​ធ្លាប់មាន​វត្ត​មាននៅ World Cup កាលពី​ឆ្នាំ​១៩៨៦ ។ ក្រុម​របស់លោក Michael O’Neill ទទួលបាន​នូវ​ការកត់សម្គាល់​ខ្ពស់​តាមរយៈ​ការមិន​ស្គាល់​ចាញ់​១២​ប្រកួត ខណៈ​ប៉ូឡូញ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​រហូតដល់​ទៅ​៣៣​គ្រាប់​នា​ការប្រកួត​ជម្រុះ​។ ប៉ូឡូញ​មាន​កីឡាករ​ឆ្នើម​ដូចជា Robert Lewandowski, អ្នកចាំទី Wojciech Szczesny ខណៈ​អៀរ​ឡង់​ខាងជើង​មាន ដូចជា Jonny Evans, Chris Baird, Steven Davis ។​

​សម្រាប់​ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល C អាល្លឺម៉ង់ ត្រូវ​តទល់​ជាមួយ​អ៊ុយ​ក្រែ​ន នា​វេលា​ម៉ោង​២​អា​ធ្រា​ត្រ នៅ​កីឡដ្ឋាន Stade Pierre-Mauroy​។ អាល្លឺម៉ង់​មិនដែល​ចាញ់​អ៊ុយ​ក្រែ​ន​នោះឡើយ នា​ជំនួប​៥​លើក​កន្លងមក ដោយ​ឈ្នះ​២ ស្មើ​៣ ប៉ុន្តែ​នេះ​ជា​ជំនួប​លើកដំបូង​បំផុត​សម្រាប់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​។ ខ្សែការពារ​អាល្លឺម៉ង Mats Hummels មិនទាន់​ប្រាកដថា​បាន​ចូល​លេង​នោះឡើយ ដោយសារ​បញ្ហា​របួស ប៉ុន្តែ​នៅ​តំបន់​ប្រយុទ្ធ ពួកគេ​មាន​កម្លាំង​ពេញ ជាពិសេស Thomas Muller​។ គ្រូបង្វឹក​អ៊ុយ​ក្រែ​ន លោក Mykhailo Fomenko រំពឹងថា ជំនួប​ជាមួយ​ម្ចាស់​ជើងឯក World Cup នឹង​ផ្តល់នូវ​ការប្រកួត​ប្រកបដោយ​គុណភាព​។​

​សម្រាប់​លទ្ធផល​នៃ​ការប្រកួត​បើកឆាក​សរុប​នៅក្នុង​ពូ​ល A ម្ចាស់ផ្ទះ​បារាំង​ឈរ​លេខ​មួយ​បណ្តោះអាសន្ន ក្រោយ​ជ័យជម្នះ ២-១ លើ​រូ​ម៉ា​នី រីឯ​ស្វ៊ី​ស ឈរ​លេខ​២ ក្រោយ​យកឈ្នះ​អាល់​បា​នី ១-០ ។ នៅក្នុង​ពូ​ល B វេ​លស៍ បាន​៣​ពិន្ទុ​ពេញ តាមរយៈ​ជ័យជម្នះ ២-១ លើ​ស្លូ​វ៉ា​គី មុនពេល រុស្ស៊ី តាម​វាយបក​អង់គ្លេស ដើម្បី​បញ្ចប់​លទ្ធផល ១-១ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ​៕


Tag:
 ​បាល់ទាត់​
  Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com