ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្រ្តCNRP ៥៥​ រូប​ស្ម័គ្រដើរចូល​គុក បើគ្រាន់​តែ​​ថ្វាយ​ញត្តិព្រះមហាក្សត្រ មានទោសព្រហ្មទណ្ឌ
15, Jun 2016 , 11:43 am        
រូបភាព
មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិទាំង ៥៥ រូប​ នឹង​ដើរចូល​ពន្ធនាគារ ប្រសិន​បើ​គ្រាន់តែយក​ញត្តិ​ថ្វាយ​ព្រះ​​មហាក្សត្រ​ ហើយ​ត្រូវជាប់ទោស​ព្រហ្មទណ្ឌ។ ការប្រកាស​របស់​លោក យ៉ែម បុញ្ញឫទ្ធិ ពេល​នេះ ស្របពេល​គណៈកម្មការរបស់​ក្រសួង​មហាផ្ទៃ ដែលដឹកនាំ​ដោយលោក នេត សាវឿន កំពុងស្រាវជ្រាវ និងធ្វើ​កោសល្យ​វិច្ច័យ រកស្នាមមេដៃពលរដ្ឋ​ក្លែងក្លាយ។ ហើយ​កាលពីម្សិលមិញ មន្រ្តីសា្រវជ្រាវ​ បានប្រាប់អ្នកកាសែតថា មានស្នាម​មេដៃមិនប្រក្រតីជាច្រើន។



លោក យ៉ែម បុញ្ញឫទ្ធិ ហាក់​មិនទាន់​ជឿ​លើ​ការសន្និដ្ឋាន​នេះឡើយ ព្រោះ​គណបក្ស​លោក​មិនបាន​ចូលរួម​ត្រួតពិនិត្យ​ស្នាម​មេដៃ​អ្នកគាំទ្រ​ជាង១៧ម៉ឺន​នាក់​លើ​ញត្តិ​ខ្លួន ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ ដែល​ដឹកនាំ​ដោយ​លោក នេ​ត សាវឿន អគ្គស្នងការ​នរគ​បាល​ជាតិ​នេះ។ ឆ្លើយ​និង​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​ករណី​ស្នាម​មេដៃ ដែល​គណៈកម្មការ​ស្រាវជ្រាវ​លើកឡើង​នេះ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្ត្រ​គណបក្ស​លោក​ទាំង ៥៥ រូប ស្ម័គ្រចិត្ត​ដើរចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ប្រសិនបើ​គ្រាន់តែ​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​ត្រូវ​ជាប់ទោស​ព្រហ្មទណ្ឌ។

ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន នៅ​ទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​នេះ​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា៖«ក្រុមតំណាងរាស្ត្រ ៥៥រូប ដែល​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះករុណា បើ​មានទោស​ព្រហ្មទណ្ឌ​ហើយ​ចាត់ទុកថា​ជា​រឿង​មួយ​ធ្ងន់ធ្ងរ ដោយសារ​បំពេញ​តួនាទី​ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​យកទៅ​ថ្វាយ​ស្ថាប័ន យកទៅ​ប្រគល់​ជួន​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​អន្តរាគមន៍ ទោស​ព្រហ្មទណ្ឌ​មួយឆ្នាំ ពីរ​ឆ្នាំ (តំណាងរាស្ត្រ)៥៥នាក់ បើកទ្វា​គុក​ដើរចូល​គុក​តែម្ដង»។

កាលពីថ្ងៃទី១៤ មិថុនា អនុប្រធាន​គណៈកម្មកា​រ​ស្រាវជ្រាវ​ស្នាម​មេដៃ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក កង សុខន បាន​ប្រាប់​អ្នកកាសែត​ថា ស្នាម​មេដៃ​អ្នកគាំទ្រ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មាន​ភាពមិនប្រក្រតី​មួយចំនួន ដោយ​ស្នាម​មេដៃ​ខ្លះ​មានតែ​ឈ្មោះ ខ្លះទៀត​មានឈ្មោះ​អត់​ស្នាម​មេដៃ និង​គ្មាន​អាស្រ័យ​ដ្ឋា​ន​ច្បាស់លាស់ ជាពិសេស​ស្នាម​មេដៃ​មនុស្សម្នា​ក់បាន​ផ្តិតដដែលៗលើ​ឈ្មោះ​ផ្សេងទៀត​ផងដែរ។ បើតាម​លោក កង សុខន ខ្លឹមសារ​ញត្តិ​ក៏មាន​លក្ខណៈដូចៗគ្នា ព្រោះ​មាន​ស្នាម​បោះពុម្ព​ជាស្រេច ពោលគឺ​មិនមែនជា​ខ្លឹមសារ​ដែល​ប្រជាពលរដ្ឋ​តាក់តែង​សរសេរ​ដោយ​ដៃ​ពួកគេ​ផ្ញើមក​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ ត្រង់ចំណុច​គណៈកម្មកា​រលោក អាច​សន្និដ្ឋានបានថា​ញត្តិ​នេះ​អាច​ចេញពី​ប្រភព​តែមួយ។

ទាក់ទង​នឹង​ករណី​នេះដែរ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឫទ្ធិ អះអាង​កន្លងមក​ថា ការដាក់​ញត្តិ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង១៧ម៉ឺន​នាក់ ដាក់ថ្វាយ​ព្រះមហាក្សត្រ គឺជា​ស្នាម​មេដៃ​ពិត​ត្រឹមត្រូវ។ លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​បន្ថែមថា បើសិនជា​មានការ​បង្កើត​ក្រុម​អ្នកត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ លោក​ស្នើ​ឲ្យ​មានការ​ចូលរួម​ផ្ទៀងផ្ទាត់​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផង ដោយ​គណបក្ស​លោក​នឹង​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ចំនួន១៧ម៉ឺន​នាក់ ដែល​បាន​ផ្តិតមេដៃ​នោះ​ទៅ​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស។

តែ​យ៉ាងណា​សម្ដេច ហ៊ុន សែន បាន​ចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី១៣មិថុនា​ថា កុំ​ទាន់​អាល​ភ័យព្រួយ ហើយ​មិនចាំបាច់​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន ដែល​បាន​ផ្តិតមេដៃ​នោះមក​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង​នោះទេ ព្រោះ​គណៈកម្មាការ​ស្រាវជ្រាវ គ្រាន់តែ​ចង់​ត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ តាម​ការ​ត្រាស់បង្គាប់​ពី​ព្រះមហាក្សត្រ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ញត្តិ​ចំនួន១៨ដុំ ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង១៧ម៉ឺន​នាក់ យក​ថ្វាយទៅ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី៣០ឧសភា​កន្លងមក ដើម្បី​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​បញ្ហានយោបាយ​ដែល​កំពុងមាន​ភាព​តានតឹង​នេះ ។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ប្រមូល​ញត្តិ និង​ស្នាម​មេដៃ ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ដើម្បី​ត្រៀម​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ជា​លើក​ទី​ពីរ​ផងដែរ។ នេះ​បើតាម​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ៕
 




Tag:
 CNRP
  ស្នាមមេដៃ
© រក្សាសិទ្ធិដោយ thmeythmey.com