អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប​៖ អង់គ្លេស​ចេញ​ហើយ មិនអាច​ចូល​វិញ​បានទេ
24, Jun 2016 , 3:22 pm        
រូបភាព
 
 
​ស្ថានីយ៍បោះឆ្នោត​នៅ​ទូទាំង​ចក្រភព​អង់គ្លេស បាន​បិទ​អស់ហើយ ក្នុង​ការធ្វើប្រជាមតិ​លើ​អនាគត​របស់​ប្រទេស​នេះ​ជា​សមាជិក​អឺរ៉ុប​។ លទ្ធផល​ផ្លូវការ​បង្ហាញថា ក្រុម​អ្នកគាំទ្រ«​ការចាកចេញ»​ទទួលជោគជ័យ លើ​ក្រុម​ដែល​គាំទ្រអ​ង់​គ្លេស​ឲ្យ​​បន្ត​ជា​សមាជិក​សហភាពអឺរ៉ុប យ៉ាង​ប្រផិតប្រផើយ​បំផុត ។ លោក ដេវីដ ខេ​មេ​រ៉ូ​ន ប្រកាស​ចេញពី​តំណែង ហើយ​សហភាព​អឺរ៉ុប​ព្រមាន​ថា បើ​អង់គ្លេស​ចាកចេញ​ហើយ គ្មាន​ផ្លូវ​ត្រលប់​មកវិញ​។​

 
 
​ទីបំផុត ពលរដ្ឋ​ចក្រភព​អង់គ្លេស បានសម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហើយ ក្នុង​ការធ្វើប្រជាមតិ​ថ្ងៃទី​២៣ ខែមិថុនា​។ អ្នកបោះឆ្នោត​ចំនួន​៥១.៩​ភាគរយ បាន​បោះឆ្នោត​គាំទ្រ​ក្រុម​ចាក​ចេញពី​តំបន់​អឺរ៉ុប ខណៈ​ពលរដ្ឋ​ចំនួន​៤៨.១​ភាគរយ បោះឆ្នោត​គាំទ្រ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប ក្នុងចំណោម​អ្នក​ដែល​ទៅ​បោះឆ្នោត​សរុប​មាន​ចំនួន​៧១.៩​ភាគរយ នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​។ 
 
​សម្រាប់​លទ្ធផល ដែល​បាន​រាប់​ហើយ​នោះ គេ​សង្កេតឃើញថា ការចាកចេញ​ពី​អឺរ៉ុប មិនបាន​ជោគជ័យ​ធំធេង​នោះទេ​។ បើតាម​សារព័ត៌មាន BBC មកទល់ពេលនេះ លទ្ធផល​រាប់​សន្លឹកឆ្នោត​ចេញពី​ស្រុក​ទាំង​៣៨២​តំបន់ បង្ហាញថា ក្នុងចំណោម​អ្នក​ទៅ​បោះឆ្នោត ជិត​៣៣​លាន​នាក់ ក្រុមគាំទ្រ​បន្ត​ជា​សមាជិក​អឺរ៉ុប ទទួលបាន​សំឡេង​ចំនួន​ជាង​១៦​លាន​នាក់ ខណៈ​ចលនា​គាំទ្រ​ការចាកចេញ ទទួល​សំឡេង​ចំនួន​លើស​១៧​លាន​នាក់​។​
 
​ប្រមុខ​គណបក្ស​អង់គ្លេស​ឯករាជ្យ (UKIP) លោក Nigel Farage បានប្រកាស​អបអរសាទ​រ​ចំពោះ​ជ័យជម្នះ​នេះ ក្នុង​កម្មវិធី​នៅ​ក្រុង​ឡុង​ដ៍​។ ប្រមុខ​គណបក្ស​រូបនេះ ដែល​គាំទ្រ​ការចាកចេញ​ពី​អឺរ៉ុប និយាយថា ថ្ងៃ​បាន​រះ​លើ​ចក្រភព​អង់គ្លេស​ឯករាជ្យ ហើយ​ថ្ងៃទី​២៣ នឹងត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ឯករាជ្យ​។ លោក ក៏​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ដេវីដ ខេ​មេ​រ៉ូ​ន ចាក​ចេញពី​តំណែង​ភ្លាមៗ​ផងដែរ​។​
 
​ជាមួយនឹង​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​សម្រាប់​ការចាកចេញ​នេះ ចក្រភព​អង់គ្លេស នឹង​ក្លាយជា​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ទីមួយ ដែល​ចាក​ចេញពី​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ជាង​៦០​ឆ្នាំ មកនេះ​។ ផលវិបាក​នានា រំពឹង​នឹង​ថា កើត​ឡើងជា​បន្តបន្ទាប់ ពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស ដែល​រួមទាំង​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ជនភៀសខ្លួន ជាដើម​។ 
 
១.​ប្រធាន​គណៈកម្មការ​អឺរ៉ុប​៖ ចេញ​គឺ​ចេញ​
​នៅមុន​ការបោះឆ្នោត​ប្រជាមតិ​បន្តិច មេដឹកនាំ​អឺរ៉ុប បាន​ព្រមាន​ចក្រភព​អង់គ្លេស​រួចហើយ​ថា គ្មាន​ផ្លូវ​អាច​បក​ក្រោយ​បានទេ បើសិនជា​ពលរដ្ឋ​អង់គ្លេស សម្រេច​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ពី​ទីក្រុង​ព្រុ​ច​សែ​ល ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker បញ្ជាក់​ច្បាស់ៗ​ថា ចេញ​គឺ​ចេញ​ហើយ ដែល​នេះ​មានន័យថា អឺរ៉ុប​ទាត់ចោល​ឱកាស​ចរចា​ណាមួយ ចំពោះ​សមាជិកភាព​របស់​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​។​
 
​ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ​អធិការបតី​អូទ្រីស លោក Juncker បាន​ផ្ដាំ​ទៅ​ចក្រភព​អង់គ្លេស​ថា មិនមាន​ការចរចា​ឡើងវិញ​ណាមួយ​នោះ ហើយ​អឺរ៉ុប ក៏​ផ្ដល់​អ្វីៗ​គ្រប់យ៉ាង ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​រួច​អស់ហើយ​។ ការលើកឡើង​នេះ ត្រូវបាន​បញ្ជាក់​ម្ដងទៀត​ដោយ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដោយ​លោក​អះអាងថា ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស មិនអាច​ត្រលប់​ក្រោយ​បានទេ​។ 
 
​ប្រទេស​ជា​សមាជិក​ទាំង​២៧ បាន​តាមដាន​ការធ្វើប្រជាមតិ​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ នេះ​ក៏​ដោយសារតែ ការចាកចេញ​របស់​អង់គ្លេស ដែលជា​សមាជិក​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​ពីរ ពិតជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អឺរ៉ុប​ទាំងមូល​។ ហើយ​គេ ព្រួយបារម្ភ​ថា ការចាកចេញ​នេះ នឹង​ក្លាយជាគំរូសម្រាប់​ប្រទេស​ដទៃទៀត ដែល​ចង់​ចាក​ចេញពី​អឺរ៉ុប​ដែរ ប៉ុន្តែ​សហភាព​អឺរ៉ុប ក៏​មិន​ចេះតែ​ចេញ ឬ​ចូល​ស្រួលៗ និងតាមចិត្ត​នោះដែរ​។  
 
២. អ្វី នឹង​កើតឡើង បន្ទាប់ពី​ប្រជាមតិ​នេះ​?
​ថ្វីត្បិតតែ​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ភាគច្រើន បោះឆ្នោត​គាំទ្រ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​មិន​មានន័យថា ចក្រភព​អង់គ្លេស លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​នោះទេ​។ នៅ​ដំណាក់កាល​នេះ ចក្រភព​អង់គ្លេស នឹង​នៅតែ​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​ដដែល ហើយ​ដំណើការចរចានៃ​ការចាកចេញ​នេះ នឹង​ចាប់ផ្ដើម​ផងដែរ​។ 
 
​យោងតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ជំហាន​បន្ទាប់​នោះ គឺ​ចក្រ​ភ​ភព​អង់គ្លេស នឹង​ជូនដំណឹង​ទៅ​អឺរ៉ុប ពី​ការចាកចេញ​របស់ខ្លួន​។ ទាំង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ត្រូវ​ចរចា​គ្នា ជាមុនសិន ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ ដែល​នាំ​ដល់​ការចាកចេញ​នេះ​។ យ៉ាងណាមិញ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង ត្រូវបាន​សម្រេច​ទេនោះ គេ​ត្រូវ​រង់ចាំ​ដល់​ទៅ​ពីរ​ឆ្នាំ​ទៅមុខ ទើប​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ផ្សេងៗ របស់​អឺរ៉ុប អស់​សុពលភាព​អនុវត្ត​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​តទៅទៀត​។  
 
​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី លោក ដេវីដ ខេ​មេ​រ៉ូ​ន នឹង​ចាក​ចេញពី​តំណែង​នៅខែតុលាខាងមុខ ព្រោះយុទ្ធនា​ការគាំទ្រ​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់លោក បរាជ័យ​​។ ទោះចង់​នៅ​បន្ត​តំណែងក៏ដោយ លោក ខេ​មេ​រ៉ូ​ន ច្បាស់ជាត្រូវ​ប្រឈម​សម្ពាធខ្លាំង​ទាំង​ផ្ទៃក្នុង​បក្ស ដែល​បែកបាក់ និង​ពី​សំណាក់​ប្រជាជន ដែល​ចង់​ឲ្យ​លោក ចាក​ចេញពី​តំណែង​៕ 
 
    

Tag:
 អឺរ៉ុប​
 ​ចក្រភព​អង់គ្លេស​
 ​ប្រជាមតិ
© រក្សាសិទ្ធិដោយ thmeythmey.com