ជាតិ
កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​២០១៦
01, Jul 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ២ នៅក្នុង​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​ហរ​ដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​៣០ មិថុនា​។  ចំណាត់ថ្នាក់​នេះ គឺ​ល្អ​ជាង​ចំណាត់ថ្នាក់​លេខ ២ ក្នុង​បញ្ជី​តាមដាន​កាលពី​ឆ្នាំមុន​។ ចំណាត់ថ្នាក់​លេខ ២ គឺ​សម្រាប់​ប្រទេស​ដែល​រដ្ឋាភិបាល មិនបាន​គោរព​តាម​ឲ្យ​បាន​ពេញលេញ ចំពោះ​បទដ្ឋាន​អ​ប្បរមា ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការការពារ​ជនរងគ្រោះ​ដោយ​ការជួញដូរ (TVPA) តែ​កំពុងមាន​ការខិតខំ​ច្រើន​គួរសម ដើម្បី​គោរព​តាម​បទដ្ឋាន​ទាំងនោះ​។

 


​តាម​ការកំណត់​នៃ​ច្បាប់​របស់​សហរដ្ឋអាមេរិក ស្តីពី​ការការពារ​ជនរងគ្រោះ​ដោយ​ការជួញដូរ (TVPA) របាយការណ៍ TIP វាយ​តំលៃ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក លើ​ការខិតខំ​របស់គេ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ទាសភាព​សម័យ​ទំនើប​។

​ផ្អែក​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ពី​ក្រុង​វ៉ាស៊ីនតោន ការឡើង​ដល់​ចំណាត់ថ្នាក់​លេខ ២ គឺ​ផ្អែក​តាម​ការខិតខំ​គួរសម​របស់​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស នៅក្នុង​ឆ្នាំ​កន្លងទៅ​។ របាយការណ៍ TIP ឆ្នាំ​២០១៦ បាន​លើក​ឡើ​ថា រដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អំឡុងពេល​នៃ​របាយការណ៍​លើក​មុន ហើយ​បានកំណត់​ផ្តល់​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ​អាមេរិក ដល់​គណកម្មាធិការ​អន្តរក្រសួង ដែល​ដឹកនាំ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​រប​ស់​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ គោលការណ៍​ណែនាំ​ថ្នាក់ជាតិ សម្រាប់​កំណត់ និង​បញ្ជូន​ជនរងគ្រោះ ត្រូវបាន​អនុម័ត ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​រកឃើញ​ជនរងគ្រោះ​ចំនួន ៥៨៩ នាក់ ដែលជា​ចំនួន​កើន​ពី​ចំនួន ៣២៦ នាក់ កាលពី​ឆ្នាំទៅ​។​

​របាយការណ៍​នេះ ក៏បាន​កត់សម្គាល់ ពី​ដំណើរ​ជឿនលឿន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់ទោស និង​ដាក់ទោស ពិសេស​លើ​បទល្មើស​នៃ​ការជួញដូរ​កម្លាំង​ពលកម្ម​។ ទន្ទឹមនឹងនេះ របាយការណ៍ ក៏បានផ្តល់​អនុសាសន៍ និង​ចំណុច​កែលំអ​មួយចំនួន​ដែរ ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ទាសភាព​សម័យ​ទំនើប​នេះ​។

​សូមបញ្ជាក់ថា របាយការណ៍ TIP ប្រចាំឆ្នាំ​លើក​ទី ១៦ នេះ មានការ​រៀបរាប់​ពី​ប្រទេស និង​ទឹកដី​ចំនួន ១៨៨ ដោយ​រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ នៅក្នុង​ពិធី​ប្រកាស​របាយការណ៍​នេះ លោក ឃឺ​រី ថែមទាំង​បានផ្តល់​កិត្តិយស​ដល់​វីរៈជន ក្នុង​របាយការណ៍ TIP ឆ្នាំ ២០១៦ គឺ​មនុស្ស​ប្រុស ស្រី ដែលមាន​ការខិតខំ​ផ្ទាល់ខ្លួន​របស់គេ បានធ្វើ​ឲ្យ​គេ​មាន​ស្នាដៃ​លេចធ្លោ នៅក្នុង​ការប្រយុទ្ធ​ជា​សាកល ប្រឆាំងនឹង​ទាសភាព​សម័យ​ទំនើប​នេះ​៕


Tag:
 ការជួញដូរ​មនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com