ជាតិ
​​​ន​យោ​បាយ​ជាតិ​
៥-៦ កក្កដា​៖ CPP ថា ឯកឧត្តម សម រង្ស៊ី បង្ខូចកេរ្តិ៍​ឈ្មោះ​សម្ដេច ហ៊ុន សែន​
05, Jul 2016 , 6:24 pm        
រូបភាព
 
​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានចាត់ទុក​ការលើក​របស់​ឯកឧត្តម សម រង្ស៊ី ដែល​ចោទ​សម្ដេច ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ​ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រមុខ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​។​


​លោក សុខ ឥសាន ដែល​អះអាងថា​ខ្លួន​ជា​មន្ត្រី​ម្នាក់​ដែល​បាន​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​នោះ បាន​ចំអក​ឲ្យ​ឯកឧត្តម សម រង្ស៊ី ថា កំពុង​លើកយក​បញ្ហា​ថ្ងៃ​៥-៦ កក្កដា មក​បកស្រាយ​ខុស​ការពិត ដើម្បី​កេងចំណេញ​នយោបាយ​បក្សប្រឆាំង​។ បើតាម​លោក សុខ ឥសាន ការផ្ទុះអាវុធ​ថ្ងៃទី ៥-៦ កក្កដា នោះ​គឺជា​ការបង្ក្រាប​កម្លាំង​អនាធិបតេយ្យ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គាត់​(​ឯកឧត្តម សម រង្ស៊ី​)​និយាយ​ខុសពី​ការពិត ពីព្រោះ​ព្រឹត្តិការណ៍ ៥-៦ កក្កដា កម្លាំង​គណបក្ស​ប្រជាជន​បោសសំអាត​កម្លាំង​អនាធិបតេយ្យ ដែល​កម្លាំង​ហ្វ៊ុនស៊ិនប៉ិច​ចង់​បះ​បោល​នាំ​ខ្មែរក្រហម​ចូលមក​កម្ពុជា ដែល​កាលនោះ​សម្ដេចក្រុមព្រះ បាន​នាំ​អាវុធ​រាប់​តោន​ចូលមក​តាម​កំពង់ផែ ដើម្បី​បះ​បោល​»​។​
 
​ជុំវិញ​ព្រឹត្តិការណ៍​ថ្ងៃ ៥-៦ កក្កដា​នេះដែរ ឯកឧត្តម សម រង្ស៊ី នៅតែ​ចោទ​សម្ដេច ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​សម្ដេចក្រុមព្រះ​។​ ប្រមុខ​បក្សប្រឆាំង ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​រូបនេះ បាន​បង្ហោះ​រូប​នាយករដ្ឋមន្ត្រី ហ៊ុន សែន អមដោយ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាងខ្លី​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​និង​ថ្ងៃស្អែក គឺជា​ខួប​លើក​ទី​១៩ នៃ​រដ្ឋប្រហារ ថ្ងៃទី​៥-៦ កក្កដា​ឆ្នាំ​១៩៩៧ នៅ​ប្រទេស​កម្ពុជា ដែល​ពេលនោះ​កងកម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កម្ចាត់​កងកម្លាំង​ប្រដាប់អាវុធ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ។ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ស្របច្បាប់ ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង ក្នុងឱកាស​រដ្ឋប្រហារ​នោះ​»៕
 

Tag:
 CPP
 ​សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com