ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ​រៀបចំ​ពិធី​ប​ង្សុ​កុល​ដល់​អ្នកស្លាប់​នៅ​ថ្ងៃ៥-៦ កក្កដា ១៩៩៧
06, Jul 2016 , 10:04 am        
រូបភាព
ដូច​ការគ្រោងទុក​គណ​បក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ពិធី​ប​ង្សុ​កុល​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី ៥-៦ កក្កដា ១៩៩៧ នៅ​ទីស្នាក់ការ​គណបក្ស។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​ដឹកនាំ​រៀបចំ​ពិធី​ប​ង្សុ​កុល​នេះ ដោយមាន​ការចូលរួម​ពី​តំណាងរាស្ត្រ និង​សមាជិក សមាជិកា សកម្មជន​គណបក្ស​ចូលរួម​ផងដែរ។



ថ្លែង​នៅក្នុង​ពិ​ធីប​ង្សុ​កុល​នេះ ឯកឧត្តម កឹម សុខា បាន​បញ្ចេញ​សារ​នយោបាយ​យ៉ាងខ្លី​ថា ខ្មែរ​ទាំងអស់​ត្រូវ​រួមគ្នា​បង្កើត​សេចក្ដីសុខ​ពិតប្រាកដ ចៀសវាង​ធ្វើបាប​អ្នកដទៃ ហើយ​បង្កើត​សេចក្ដី​សម្រាប់តែ​ខ្លួនឯង​ដែលជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក៏​រៀបចំ​ពិ​ធីប​ង្សុ​កុល​ឧទ្ទិស​កុសល​ដល់​អ្នកស្លាប់ នៅ​ថ្ងៃ៥-៦ កក្កដា ១៩៩៧នេះដែរ។ បើតាម​លោក ញឹក ប៊ុនឆៃ គណបក្ស​លោក​នឹង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​បូជនីយកិច្ច​ដល់​អ្នកស្លាប់​នេះ នៅ​វត្ត​ចំបក​មាស ដោយមាន​ការចូលរួម​ពី​មន្ត្រី សមាជិក សមាជិកា​បក្ស។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ ១៩៩៧ មានការ​ផ្ទុះអាវុធ​បង្ហូរឈាម​មួយ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​មជ្ឈដ្ឋាន​មួយចំនួន​ហៅថា ជាការ​ធ្វើ«រដ្ឋប្រហារ» រវាង​កងកម្លាំង​ដែល​ស្មោះត្រង់ និង​លោក​ហ៊ុន សែន ដែល​កាលនោះ​ជា​នាយករដ្ឋមន្ត្រី​ទី ២ និង​កងកម្លាំង ដែល​ស្មោះត្រង់​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​កាលនោះ​ជា​នាយករដ្ឋមន្ត្រី​ទី ១ ។ ការផ្ទុះអាវុធ ដែលមាន​ការបាញ់​ផ្លោង​កាំភ្លើង​ធំ និង​ប្រើ​កងរថក្រោះ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ត្រូវបាន​គេ​ដឹងថា មាន​កងកម្លាំង និង​មន្ត្រី​ដែល​ស្មោះត្រង់ នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ យ៉ាងហោចណាស់ ជាង ១០០ នាក់ ត្រូវបាន​គេ​សម្លាប់ ទាំង​នៅក្នុង​ព្រឹត្តិការណ៍​ផ្ទះ​អាវុធ​និង​នៅក្រោយ​ព្រឹត្តិការណ៍។

ជុំវិញ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃទី ៥-៦ កក្កដា ១៩៩៧ នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី នៅតែ​ចោទ​សម្ដេច ហ៊ុន សែន ធ្វើ​រដ្ឋប្រហារ​សម្ដេចក្រុមព្រះ។ ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​នោះ បាន​បង្ហោះ​រូប​នាយករដ្ឋមន្ត្រី ហ៊ុន សែន អមដោយ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាងខ្លី​កាលពី​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា៖«ថ្ងៃនេះ​និង​ថ្ងៃស្អែក គឺជា​ខួប​លើក​ទី១៩ នៃ​រដ្ឋប្រហារ ថ្ងៃទី៥-៦ កក្កដា​ឆ្នាំ១៩៩៧ នៅ​ប្រទេស​កម្ពុជា ដែល​ពេលនោះ​កងកម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​កម្ចាត់​កងកម្លាំង​ប្រដាប់អាវុធ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ។ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ស្របច្បាប់ ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង ក្នុងឱកាស​រដ្ឋប្រហារ​នោះ»។

តែ​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានចាត់ទុក​ការលើក​របស់​ឯកឧត្តម សម រង្ស៊ី នេះ​គឺជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​សម្ដេច ហ៊ុន សែន និង​គណបក្ស​ខ្លួន​ប៉ុណ្ណោះ។ បើតាម​លោក សុខ ឥសាន ការផ្ទុះអាវុធ​ថ្ងៃទី ៥-៦ កក្កដា នោះ​គឺជា​ការបង្ក្រាប​កម្លាំង​អនាធិបតេយ្យ។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា៖«គាត់(ឯកឧត្តម សម រង្ស៊ី)និយាយ​ខុសពី​ការពិត ពីព្រោះ​ព្រឹត្តិការណ៍ ៥-៦ កក្កដា កម្លាំង​គណបក្ស​ប្រជាជន​បោសសំអាត​កម្លាំង​អនាធិបតេយ្យ ដែល​កម្លាំង​ហ្វ៊ុនស៊ិនប៉ិច​ចង់​បះ​បោរនាំ​ខ្មែរក្រហម​ចូលមក​កម្ពុជា ដែល​កាលនោះ​សម្ដេចក្រុមព្រះ បាន​នាំ​អាវុធ​រាប់​តោន​ចូលមក​តាម​កំពង់ផែ ដើម្បី​បះ​បោរ»។

កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បដិសេធ​ជាច្រើនលើក​ហើយ​ថា ការផ្ទុះអាវុធ​ថ្ងៃ ៥‑៦ កក្កដា១៩៩៧ មិនមែនជា​រដ្ឋប្រហារ​ទេ ប៉ុន្តែ​វា​ជាការ​បង្ក្រាប​លើ​កម្លាំង​អនាធិបតេយ្យ៕


© រក្សាសិទ្ធិដោយ thmeythmey.com