ជាតិ
ខ្យល់មូសុង​និរតី កំពុង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា​ជាថ្មី​ម្ដងទៀត​
12, Jul 2016 , 10:12 am        
រូបភាព
​ភ្នំពេញ​៖ ការព្យាករណ៍​អាកាសធាតុ​របស់​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ឡើងវិញ ចាប់ពី​ថ្ងៃទី​១២ ដល់​១៨ កក្កដា​។ ចំពោះ​ស្ថានភាព ទឹកភ្លៀង ក្រសួង​ព្យាករណ៍​ថា អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​កម្ពុជា​។​



​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃទី​១២ ដល់​១៨ កក្កដា ប្រទេស​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ឡើងវិញ ដែល​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​។ ចំពោះ​តំបន់​ខ្ពង់រាប និង​តំបន់​វាលទំនាប ស្ថានភាព​ទឹកភ្លៀង អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច ទៅ​បង្គួរ​ចាប់ពី​ថ្ងៃទី​១២ ដល់​១៨ កក្កដា​នេះ​។​

ទន្ទឹមនឹងនេះ នៅ​តំបន់​មាត់សមុទ្រ ក្នុង​ខេត្តកំពត និង​ខេត្ត​កែប ស្ថានភាព​ទឹកភ្លៀង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១២ ដល់​១៨ ខែកក្កដា​។ សម្រាប់​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១២ ដល់​១៤ កក្កដា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​១៥ ដល់​១៨ ខែកក្កដា ឆ្នាំ​២០១៦​។​

ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក​ខ្លាំង ចាប់ពី​ថ្ងៃទី​១២ ដល់​១៤ កក្កដា ជាពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com