ជាតិ
សង្គមជាតិ
ឯកអគ្គរដ្ឋទូតបារាំងស្រក់ទឹកភ្នែកពេលគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ លោក Jean-Claude Poimboeuf ស្លៀកអាវខ្មៅឈរខាងស្តាំ
× ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jean-Claude Poimboeuf (ហ្សង់ ក្លូដ ពាំបឺហ្វ) បានស្រក់ទឹកភ្នែកអាណិតជនរងគ្រោះរាប់រយនាក់ក្នុងព្រឹត្តិការណ៍ក្នុងទីក្រុង Nice ក្នុងប្រទេសបារាំង។ លោកចាត់ទុកព្រឹត្តិការណ៍នេះថា ជាព្រឹត្តិការណ៍ដ៏រន្ធត់ដែលបាននាំឲ្យបារាំងស្ថិតក្នុងមរណទុក្ខសាជាថ្មី នៅថ្ងៃនេះ។
លោក Jean-Claude Poimboeuf មានអារម្មណ៍ក្តុកក្តួលឥតឧបមា នៅពេលជនរួមជាតិបារាំងរងគ្រោះក្នុងព្រឹត្តការណ៍ដ៏សោកសង្រេង ក្នុងប្រទេសបារាំង។ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បាននិយាយទាំងទឹកមុខស្រពោនក្នុងពិធីស្មិងស្មាធិ៍រម្លឹកដល់ជនរងគ្រោះនៅទីក្រុង Nice នៅម៉ោង៦ល្ងាច ថ្ងៃទី១៥ កក្កដានេះ នាវិទ្យាស្ថានបារាំងនៅកម្ពុជាថា វាជាបញ្ហាភេវរកម្មគំរាមកំហែង ចំពោះជនជាតិបារាំង និងមនុស្សទូទៅ។
បន្ថែមលើនេះ លោក Jean-Claude Poimboeuf បានបញ្ជាក់ពីការប្រយុទ្ធប្រឆាំងករណីនេះរវាងបារាំង និងកម្ពុជាថា ភាគីទាំងពីរទទួលប្រយោជន៍ ក្នុងការពារសន្តិសុខ សុវត្ថិភាពក្នុងប្រទេសរួមគ្នាតែមួយផងដែរ។
«ប្រទេសបារាំង និងព្រះរាជាណាចក្រកម្ពុជាមានប្រយោជន៍រួមក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ ទាក់ទងបញ្ហា អំពើភេរវកម្មក្នុងទីក្រុង Nice ម្សិលមិញនេះ វាជាបញ្ហាសំខាន់បំផុតសម្រាប់យើង»។ នេះជាប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូតបារាំង តាមរយៈអ្នកបកប្រែ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅកម្ពុជា ក្រោយពីការគោរពភ្លេងទង់ជាតិបារាំង។
ពីពិធីដែលមានអ្នកចូលរួមជាង ២០០នាក់រួមទាំង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ផងនោះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណមិត្តភក្តិខ្មែរទាំងអស់ដែលបានផ្ញើរសាររំលែកទុក្ខ ជនរងគ្រោះក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នោះដែរ។
ជាមួយគ្នានឹងព្រឹត្តិការណ៍នេះ លោកបានប្តេជ្ញាបន្តសហការការទូត ផ្នែកសន្តិសុខជាមួយកម្ពុជាប្រយុទ្ធប្រឆាំងភេរវកម្មបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពជូនប្រជាជនប្រទេសទាំងពីរ។ បើតាមលោកឯកអគ្គរដ្ឋទូត ប្រជាជនបារាំងចំនួនពី ៧ ទៅ៨ពាន់នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បានប្រកាសដាក់ប្រទេសបារាំងក្នុងស្ថានភាពមានអាសន្ន រយៈពេលបីខែបន្ទាប់ពីការប្រហារនៅទីក្រុង Nice។ លោក ហូឡង់ ពុំអាចបដិសេធថា ករណីនេះ ពុំមែនជាសកម្មភាពភេរវកម្មឡើយ។ លោក ហូឡង់ ប្រកាសថា បារាំងនឹងវាយបកលើលើក្រុមភេរវករវិញ ដើម្បីជួយជនរងគ្រោះ និងពង្រឹងសន្តិសុខបន្ថែម៕
© រក្សាសិទ្ធិដោយ thmeythmey.com