ពីនេះ ពីនោះ
បណ្ដាំ​បណ្ឌិត​ធនញ្ជ័យ​៖ «​បើ​សោយ​ត្រី​ព្រួល​កំ​ចោល​ស្រកា .....»​ជា​សម្ដី​ចង់​ឲ្យ​ជាតិ​ខ្លាំង និង រឹងមាំ
22, Jul 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រេង​និទាន​ខ្មែរ​បែប​ប្រវត្តិសាស្ត្រ​មួយ ដែល​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​ដឹងថា អ្នកណា​ជា​អ្នកនិពន្ធ ប៉ុន្តែ​គឺជា​រឿង​មួយ​ដែលមាន​តម្លៃ​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ ដែល​បានបង្ហាញ​ពី​ឥទ្ធិពល​អ្នក​ប្រាជ្ញា​បណ្ឌិត​ខ្មែរ ពី​សម័យមុន​។ ក្នុងនោះ​មាន​តួអង្គ​បណ្ឌិត ធនញ្ជ័យ បាន​បន្សល់ទុក​បណ្ដាំ​មួយ​ដល់​ព្រះរាជា​ថា «​បើ​សោយ​ត្រី​ព្រួល​កំ​ចោល​ស្រកា សោយ​ត្រី​ប្រា​កំ​ចោល​ស្រកី ស្លម្ជូរ​ក្បាល​ត្រី​កុំ​ចោល​ម្ជូរសណ្ដាន​»​។ តើ​សម្ដី​ប៉ុន្មាន​ឃ្លា​នេះ​មាន​អត្ថន័យ​បែបណា​? តើ​អ្វី​ជា​គោលបំណង​ពិត​របស់​អ្នកនិពន្ធ​? អ្វី​ជា​អត្ថន័យ​ខាងក្នុង​នៃ​បណ្ដាំ​បែប​សុភាសិត​នេះ​?



​រឿង​«​ធនញ្ជ័យ​» ថ្វី​ដ្បិតថា មិន​ស្គាល់​ថា អ្នកណា​ជា​អ្នកនិពន្ធ ប៉ុន្តែ​វា​នៅតែ​ជា​រឿង​មួយ​ដែល​បានបង្ហាញ​ពី​ការដឹកនាំ​សង្គម​ខ្មែរ​មួយ​ក្នុងសម័យ​នោះ​។ ក្នុងនោះ​ផងដែរ រឿង​នោះ​ក៏​ជា​រឿង​មួយ​ដែល​បង្ហាញ​ពី​ភាពក្លាហាន របស់​អ្នកប្រាជ្ញ បណ្ឌិត និង​អ្នកចេះដឹង​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។

​បន្ថែម​ពីលើ​ភាព​អស្ចារ្យ​នៃ​រឿង តួអង្គ​បណ្ឌិត​ធនញ្ជ័យ​បានផ្ដល់​ពាក្យ​បណ្ដាំ​ថា «​បើ​សោយ​ត្រី​ព្រួល​កុំ​ចោល​ស្រកា សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី ស្លម្ជូរ​ក្បាល​ត្រី​កុំ​ចោល​ម្ជូរសណ្ដាន​» ពាក្យ​ទាំងនេះ មាន​អត្ថន័យ​ដូចខាងក្រោម​៖

​ចំពោះ​ឃ្លា​ថា «​បើ​សោយ​ត្រី​ព្រួល​កុំ​ចោល​ស្រកា សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី​» បើ​បកស្រាយ​តាម​ន័យចំ គឺ​ចង់​មានន័យថា ជាទូទៅ​ត្រី​ប្រភេទ​ណា ក៏មាន​កន្លែង​ឆ្ងាញ់​។ ចំណែក ធម្មជាតិ​របស់​ត្រី​ព្រួល​គឺ​ឆ្ងាញ់​នៅត្រង់​ស្រការ រីឯ​ត្រី​ប្រា​ឆ្ងាញ់​ត្រង់​ស្រកី​។ ហេតុនេះ អ្នក​ហូប​ត្រី​ត្រូវ​ដឹង​ពី​លក្ខណៈពិសេស​របស់​ត្រី ថា​កន្លែង​ឆ្ងាញ់​នៅ​កន្លែង​ណា​។ កាលណា​មិន​ស្គាល់​កន្លែង​ឆ្ងាញ់ គេ​អាច​នឹង​បោះចោល ហើយ​ទុក​កន្លែង​មិន​ឆ្ងាញ់​បរិភោគ​ទៅវិញ​។

​ប៉ុន្តែ​សម្រាប់​អ​ស្ថិ​រូប​ន័យ​វិញ បណ្ដាំ​ធនញ្ជ័យ​នេះ ប្រហែល​លោក​ចង់​ប្រៀបធៀប​កន្លែង​ឆ្ងាញ់​របស់​ត្រី​ទៅនឹង​មនុស្ស​ដែលមាន​ឧត្ដមគតិ ស្នេហា​ជាតិ ពិតប្រាកដ​។ ឃ្លា​នេះ ធនញ្ជ័យ​អាច​ចង់​និយាយថា ដើម្បី​ឲ្យ​ប្រទេស​រីកចម្រើន​ជឿនលឿន អ្នកដឹកនាំ​ត្រូវ​ស្គាល់​និង​ឲ្យ​តម្លៃ​លើ​ជន​ដែល​ស្រឡាញ់ និង​បម្រើ​ជាតិ​ពិតប្រាកដ ព្រោះ​អ្នក​ទាំងនោះ​ទើប​ជា​ចំណុច​ពិសេស​សម្រាប់​ជាតិ​។ ប៉ុន្តែ​អ្នកដឹកនាំ មិនត្រូវ​លើកតម្កើង​តែ​ពួក​អែបអប ដែល​បង្ករ​តែ​ទុក្ខទោស​ឲ្យ​ប្រទេសជាតិ​ឡើយ​។ ចំណែក​ក្នុង​ដំណើ​រឿង​របស់​ធនញ្ជ័យ ការអនុវត្ត​របស់​ព្រះរាជា មិន​ខុសពី​ការបរិភោគ​ត្រី​មិន​ស្គាល់​លក្ខណៈពិសេស​របស់​ត្រី​ដូច្នោះ​ដែរ​។​

​ចំណែក​ពាក្យ​មួយ​ឃ្លា​ទៀតថា «​ស្លម្ជូរ​ក្បាល​ត្រី កុំ​ចោល​ម្ជូរសណ្ដាន​» បើជា​ន័យចំ គឺជា​ទូទៅ​សម្លម្ជូរ​ក្បាល​ត្រី នៅពេលដែល​ស្ល​ជាមួយ​ម្ជូរ​ផ្សេងៗ មិនសូវ​ជាមាន​រស់ជាតិ​គួរ​ជាទី​បរិភោគ​ឡើយ ប៉ុន្តែ​បើ​ស្ល​ជាមួយ​ម្ជូ​សណ្ដាន​គឺ​ជួយ​ឲ្យ​សម្ល​មាន​រស់ជាតិ​កាន់តែ​ពិសេស​។ ប៉ុន្តែ​សម្រាប់​ទិសដៅ នៃ​គំនិត​របស់​ធនញ្ជ័យ​វិញ ប្រហែលជា​លោក​ចង់​ធៀប​ថា ក្នុងនាម​ជា​អ្នកដឹកនាំ អ្នកគ្រប់គ្រង​សង្គម​មួយ​បើ​ខ្លួន​គ្មាន​សមត្ថភាព ហើយ​ដឹកនាំ​ក្រុមមនុស្ស​គ្មាន​សមត្ថភាព នោះ​មិនអាច​នាំ​ឲ្យ​សង្គម​មាន​ភាព​រីកចម្រើន​បានឡើយ​។ ហើយ​បើ​អ្នកដឹកនាំ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ បើ​ដឹកនាំ​ប្រជាជន​មិនមាន​សមត្ថភាព ក៏​មិនអាច​នាំ​ឲ្យ​សង្គម​មានការ​រីកចម្រើន​ដូចគ្នា​។  ផ្ទុយទៅវិញ បើ​អ្នកដឹកនាំ​ល្អ មាន​សមត្ថភាព ដឹកនាំ​អ្នក​ប្រាជ្ញា ប្រជាជន​ចេះដឹង នោះ​នឹងធ្វើ​ឲ្យ​សង្គម​មានការ​អភិវឌ្ឍ​ជាក់​ជាមិនខាន​។ មូលហេតុ​ដែល​អាច​និយាយ​បែបនេះ ព្រោះ​ដោយ​ពាក្យ​ថា​ក្បាល​ត្រី គឺ​ប្រហែលជា​ធនញ្ជ័យ សំដៅ​ដល់​ក្បាល់ ម៉ាស៊ីន​ដឹកនាំ​សង្គម នោះ​គឺ​ព្រះរាជា​(​សម័យ​នោះ​)​។

​ការបកស្រាយ​ខាងលើ គឺជា​ផ្នែក​មួយ​នៃ​គំនិត​របស់​ធនញ្ជ័យ ប៉ុន្តែ​បើ​គេ​ពិចារណា​បន្តិចទៀត គេ​នឹង​ឃើញ​ច្រក​ផ្សេងទៀត នៃ​គំនិត​របស់​ធនញ្ជ័យ​។ តំណាក់កាល​ទី​ពីរ​នៃ​ការបកស្រាយ គេ​ត្រូវ​បែងចែក​ជា​បី​ដំណាក់ ដើម្បី​មើល​ឲ្យ​ឃើញ​ពី​លក្ខណៈពិសេស​នៃ​បណ្ដាំ​សុភាសិត​មួយ​នេះ​។​

​ឃ្លា​ទីមួយ «​បើ​សោយ​ត្រី​ព្រួល​កំ​ចោល​ស្រកា​» ចំពោះ​ឃ្លា​មួយ​នេះ ជា​គំនិត​របស់​បណ្ឌិត​ធនញ្ជ័យ អាច​នាំទៅរក​ការបកស្រាយ​ពី​យ៉ាងសំខាន់​។ ន័យ​ទីមួយ អាច​ថា បណ្ឌិត​ធនញ្ជ័យ ចង់​ធៀប​ទៅនឹង​ស្ថានភាព​ព្រំដែន​នៃ​ប្រទេស​។ មានន័យថា ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស ការ​ឈ្វេងយល់​ពី​ខ្សែ​សី​ម៉ា​ប្រទេស​គឺជា​កិច្ច​ការដែល​មិនអាច​មើលរំលង​បាន​។ ព្រោះថា បើ​ដឹកនាំ​តែ​តួរ​ប្រទេស តែ​មិន​គិតគូរ​រៀបចំ​ព្រំ​សី​ម៉ា កំណត់​ដែន​នគរ របស់ខ្លួន​ទេនោះ ប្រៀបបាន​ទៅនឹង​ត្រី​ស្រការ​មួយ​ប្រភេទ ដែល​កាលណា​គ្មាន​ស្រការ គឺ​ងាយ​និង​មាន​ដំបៅ ប្រឈម​ការស្លាប់​គ្រប់ពេលវេលា​។ ហេតុនេះ​ស្រការ​ត្រី គឺជា​រនាំង​ការពារ​រាងកាយ​ត្រី​ដែលមាន​ស្រការ​ឲ្យ​គេច​ផុតពី​បញ្ហា​គ្រប់បែបយ៉ាង​ប្រៀបបាន និង​ប្រទេសមួយ​មាន​ខ្សែបន្ទាត់​ព្រំដែន​ច្បាស់លាស់ ដែល​កំណត់​ទីតាំង​ស្លាប់​រស់​របស់ខ្លួន​បាន​ដូចគ្នា​។

​ចំណែក​ន័យ​ទី​ពីរ ឃ្លា​នេះ​ប្រហែលជា  បណ្ឌិត​ធនញ្ជ័យ ចង់​ធៀប​ស្រការ​ត្រី​ទៅនឹង​ប្រជានុរាស្ត្រ​នៅក្នុង​នគរ​ទាំងមូល​។ មូលហេតុ​ដែល​អាច​អះអាង​បែបនេះ ព្រោះ​ដោយសារ​នគរ​មួយ ស្ថាប័ន​ដឹកនាំ​រដ្ឋ​មួយ វា​គ្រាន់តែ​ជា​តួខ្លួន​តែប៉ុណ្ណោះ វា​ប្រៀបបាន​ទៅនឹង​ខ្លួន​ត្រី​ទាំងមូល​។ ប៉ុន្តែ ស្រការ​ប្រៀបបាន​នឹង​ពលរដ្ឋ​គ្រប់រូប បើ​អ្នកដឹកនាំ ឬ​ព្រះរាជា​(​សម័យ​នោះ​) ដឹកនាំ​តែ​នគរ តែ​មិន​គិតពី​ប្រជាជន ដែលជា​ខែល​ការពារ​សង្គម​ដ៏​សំខាន់ តើ​ឲ្យ​ជាតិ​រឹងមាំ​បាន​ដោយ​របៀប​ណា​? ដោយហេតុថា ពេល​សង្គម​មាន​បញ្ហា កម្លាំង​នៃ​ប្រជារាស្ត្រ​នៃ​សង្គម​នោះ​ក្រោកឈរ​ការពារ ទើប​អាច​ជៀស​ផុតពី​គ្រោះមហន្តរាយ​។ វា​ដូចជា​ស្រការ​ត្រី​ដែលជា​ខែល​ការពារ​ខ្លួន​ត្រី​ទាំងមូល​ដែរ​។

​រីឯ​ឃ្លា​ថា «​សោយ​ត្រី​ប្រា កុំ​ចោល​ស្រកី​» នេះ​ជា​ឃ្លា​មួយ​ដែលមាន​ន័យ​ឆ្ពោះទៅរក​ដង្ហើម​ជាតិ ជីវិត​ជាតិ​មួយ​ទាំងមូល​។ ហេតុផល​គឺ​នៅត្រង់ថា គ្រប់​ត្រី​ទាំងអស់ ប្រភព​ផ្ដល់​ដង្ហើម​គឺ​នៅត្រង់​ស្រកី ហេតុនេះ​ការស្លាប់រ​ស់រប​ស់ត្រី គឺ​អាស្រ័យទៅលើ​ដំណើរការ​របស់​ស្រកី បើ​ស្រកី​មិន​ដំណើការ ត្រី​នោះ​នឹង​ស្លាប់​។ កត្តា​មួយ​នេះ ប្រហែលជា​បណ្ឌិត​ធនញ្ជ័យ ដឹង​យ៉ាងច្បាស់​ថា ដង្ហើម​ជាតិ សរសៃឈាម​របស់​ជាតិ គឺ​ពឹង​អាស្រ័យ​លើ​សេដ្ឋកិច្ច​។ បើ​ជាតិ​មួយ​សេដ្ឋកិច្ច​មិន​ដើរ សេដ្ឋកិច្ច​ធ្លាក់ចុះ សេដ្ឋកិច្ច​ប្រឈម​ហានិភ័យ ចង់​មិន​ចង់​ជាតិ​នឹងត្រូវ​ស្លាប់​ទាំង​ឈរ​។ ហេតុនេះ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ដឹកនាំ​សង្គម​ចាំបាច់​ណាស់ ត្រូវ​ពិចារណា ពី​ប្រភព​ចំណូល​របស់​ជាតិ លុបបំបាត់​អំពើ​ពុ​រលួយ​។ ជាក់ស្ដែង​ណាស់​ក្នុង​រឿង​ធនញ្ជ័យ មាន​វគ្គ​មួយ​ដែល​ធនញ្ជ័យ បាន​បាច​អង្កាម នៅក្នុង​ទន្លេ ហើយ​កំណត់ថា បើ​អ្នកណា​ធ្វើដំណើរ​ឆ្លងកាត់ ឬ​ឈ្មួយ​ឆ្លងកាត់​ត្រូវ​បង់ពន្ធ​។ ពន្ធ​ទាំងនោះ​ធនញ្ជ័យ​បាន​យកទៅដាក់​ក្នុង​ឃ្លាំង​នគរ ដោយ​អះអាងថា លោក​ធ្វើបែបនេះ គឺ​ចង់​ឲ្យ​ក្រុម​ឈ្មួយ​ធំៗ ចេះ​គោរព​ច្បាប់ និង​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​ជា​ផ្នែក​មួយ​ចូលរួម​កសាង​សេដ្ឋកិច្ចជាតិ​។

​រីឯ​ឃ្លា​ទី​បី «​ស្លម្ជូរ​ក្បាល​ត្រី កុំ​ចោល​ម្ជូរសណ្ដាន​» មួយ​ឃ្លា​នេះ បណ្ឌិត​ធនញ្ជ័យ ចង់​មានន័យថា បើ​ក្លាយជា​អ្នក​នាំ ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ កុំ​មាន​ភាព​ក្រ​អើត​ក្រ​ទម  ព្រោះតែ​សេចក្ដីសុខ ស្រណុក​ស្រួល ព្រោះតែ​អំណាច ហើយ​ភ្លេច​អ្នកតូចតាច មនុស្ស​ក្រោមបង្គាប់ ដែលជា​ធាតុ​ផ្សំ​នាំ​ឲ្យ​ខ្លួន​រឹងមាំ ជា​គ្រឹះ​ធ្វើ​ឲ្យ​ជាតិ​រឹងមាំ និង​ជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ ការពារ​ប្រទេសជាតិ​ឡើយ​។

​ជារួម​មក​បណ្ដាំ​បណ្ឌិត​ធនញ្ជ័យ ឬ​អាចនិយាយបាន​ជា​សុភាសិត​នេះ «​បើ​សោយ​ត្រី​ព្រួល​កុំ​ចោល​ស្រកា សោយ​ត្រី​ប្រា​កុំ​ចោល​ស្រកី ស្លម្ជូរ​ក្បាល​ត្រី​កុំ​ចោល​ម្ជូរសណ្ដាន​» មាន​ទិសដៅ​យ៉ាងសំខាន់ ក្នុងការ​បើកផ្លូវ​ខួរក្បាល​អ្នកដឹកនាំ​ទាំងអស់ ឲ្យ​ស្គា​ល់ពី​តម្លៃ​របស់ មនុស្ស ធាតុ​នៃ​សង្គម ដង្ហើម​ជាតិ កម្លាំង​ជាតិ និង​មួយទៀត​ដែល​សំខាន់​គឺ​ចេះ​ប្រើ​មនុស្ស​៕


Tag:
 សុភាសិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com