ពីនេះ ពីនោះ
ឃើញថា​សុទ្ធតែជា​បញ្ហា តែ​មិនដឹង​ទៅ​បន្ទោស​អ្នកណា
22, Jul 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​គ្រប់​ប្រភេទ​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឈាន​មួយ​ជំហាន​រហូតដល់​ជំហាន​ចុងក្រោយ​ជា​រៀងរាល់ថ្ងៃ​។ បញ្ហា​ខ្លះ​ឃើញ​ចំពោះមុខ បញ្ហា​ខ្លះ​បាន​ប៉ះ​ផ្ទាល់ បញ្ហា​ខ្លះ​ដឹង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ បញ្ហា​ខ្លះ​ឮ​តាម​ត្រចៀក បញ្ហា​ខ្លះ​ឮ​ពី​មហាជន និង​មាន​បញ្ហា​ជាច្រើន​ទៀត កើតមាន​ជាប្រចាំ​នៅក្នុង​សង្គម​។ បញ្ហា​ខ្លះ​ត្រូវបាន​ដោះស្រាយ បញ្ហា​ខ្លះ​កំពុង​ដោះស្រាយ បញ្ហា​មិន​ខ្ចី​ដោះស្រាយ បញ្ហា​ខ្លះ​ដោះស្រាយ​ដែរ​តែ​នៅតែមាន​បញ្ហា ដឹង​ហើយ ឮ​ហើយ យល់​ហើយ មិនដឹង​ជា​ត្រូវ​បន្ទោស​អ្នកណា​? នេះ​ប្រហែលជា​រឿង​ពិត​នៅក្នុង​អារម្មណ៍​ប្រជាជន​បច្ចុប្បន្ន​។



​សូម​ចាប់ផ្ដើម​ពី​រឿង​ថ្នាក់ក្រោម​ជាតិ​មក​ចុះ បញ្ហា​កើតមាន​ជាប្រចាំ តាំងពី​ការគំរាមកំហែង រំលោក​សិទ្ធិ ភាពក្រីក្រ ខ្វះ​លំនៅឋាន បញ្ហា​សុខភាព បញ្ហា​អប់រំ បញ្ហា​សន្តិសុខ បញ្ហា​គ្រឿងញៀន បញ្ហា​សេព​គ្រឿង​ស្រវឹង អំពើហិង្សា ចោរកម្ម ឃាតកម្ម គ្រោះថ្នាក់​ចរាចរណ៍ សេវាសាធារណៈ បញ្ហាដីធ្លី បរិស្ថាន  និង​បញ្ហា​ជាច្រើន​ប្រភេទ​ទៀត ឮ​តែ​គេ​ជជែក គេ​និយាយ គេ​យំសោក ជា​រៀងរាល់ថ្ងៃ​។ តើ​រឿង​ទាំងនេះ​កើតមាន​ពិត​ទេ​?

​ចំណែក​ក្នុង​រង្វង់​ថ្នាក់ជាតិ ឮ​តែ​ប្រជែង​គ្នា​ដណ្ដើម​អំណាច លាភសក្ការៈ តួនាទី ផល​លាភ ពុករលួយ គាប់សង្កត់ មន្ត្រី​រដ្ឋ​ទៅ​កន្លែង​តែ​មិន​ធ្វើការ មន្ត្រី​ធ្វើការ​តែ​មិន​ត្រូវបាន​គេ​លើកទឹកចិត្ត មន្ត្រី​មាន​សិទ្ធិ​តែ​មិន​ហ៊ាន​និយាយ មន្ត្រី​ហ៊ាន​និយាយ​តែ​មិនដឹង​និយាយ​អ្វី មាន​មន្ត្រី​និយាយ​តែ​ខ្វះ​មូលដ្ឋាន​គួរ​ឲ្យ​ជឿទុកចិត្ត​។  មន្ត្រី​គួរ​ឲ្យ​ទុកចិត្ត​តែ​មិន​ត្រូវបាន​ផ្ដល់ឱកាស អ្នក​និយាយ​ពិត​បែរ​ជាមាន​បញ្ហា អ្នកមាន​បញ្ហា​បែរ​រស់​ដោយ​សប្បាយ អ្នកមាន​មួយចំនួន​សប្បាយ​លើ​គំនរ​ទុក្ខ​អ្នកក្រ អ្នកក្រ​ដឹងថា​ខ្លួន​ក្រ​តែ​មិន​ខំប្រឹង  អ្នក​ប្រឹង​ដែរ​តែ​គ្មាន​លទ្ធផល​។  រឿងរ៉ាវ​ទាំងនេះ​ឮ​តែ​គេ​និយាយ ឮ​តែ​គេ​ជជែក​គ្នា​ជាប្រចាំ​។ តើ​រឿង​ទាំងនេះ​កើតមាន​ពិត​ទេ​?

​តើ​រឿង​ទាំងនេះ​កើតមក​ពី​កត្តា​អ្វី​ឲ្យ​ពិតប្រាកដ​? មកពី​រាស្ត្រ​អន់ រាស្ត្រ​ល្ងិតល្ងង់​ឬ​យ៉ាងណា​? តែបើ​ថា​រាស្ត្រ​ល្ងង់ ដូច​មិនត្រូវ​ទាំងស្រុង​ទេ ព្រោះ​មើលទៅ​ប្រជាជន​បច្ចុប្បន្ន មានការ​គិតការ​ពិចារណា ចេះ​វែកញែក​ក្បោះក្បាយ គិតគូរ​ខាត​ចំណេញ លើសខ្វះ បាន​ត្រឹមត្រូវ​ជាង​មន្ត្រី​ក្រសួង​ក៏មាន​។ តែបើ​ថា​រាស្ត្រ​ល្ងិតល្ងង់​ក៏​ថា​ចុះ ប៉ុន្តែ​គួរតែ​បន្ទោស​រាស្ត្រ​ដែរឬទេ​?

​បើ​រាស្ត្រ​មិនសូវ​ល្ងង់ មានតែ​មន្ត្រី​ចាប់ពី​ថ្នាក់ក្រោម​ជាតិ ដល់​ថ្នាក់ជាតិ​មិនសូវមាន​សមត្ថភាព​។ កត្តា​នេះ​ក៏ដូចជា​មិនត្រូវ​ទាំងស្រុង ព្រោះ​បើ​មន្ត្រី​គ្មាន​សមត្ថភាព ប្រហែល​សង្គម​មួយ​នេះ​មិនអាច​ដើរ​ដល់​បច្ចុប្បន្ន​។ ប៉ុន្តែ​ហេតុអ្វី​សង្គម​នៅតែមាន​បញ្ហា​?
 
​តើ​ត្រូវ​បន្ទោស​អ្នកណា​? បន្ទោស​រាស្ត្រ​ថា​ល្ងង់​ក៏​មិន​ប្រាកដថា​ត្រូវ បន្ទោស​មន្ត្រី​ក៏​មិន​សម​។  មានមតិ​ខ្លះ​ថា​បញ្ហា​កើតមាន​ដោយសារ​ច្បាប់សង្គម​មិន​រឹងមាំ​។ ប៉ុន្តែ តើ​ច្បាប់​សព្វថ្ងៃ​មិន​រឹងមាំ​មែនឬ​យ៉ាងណា​? បើ​ច្បាប់​មិន​រឹងមាំ​ត្រូវ​បន្ទោស​ច្បាប់​មែន​ទេ ដែល​នាំ​ឲ្យ​សង្គម​មាន​បញ្ហា​? តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​ឲ្យ​ពិតប្រាកដ​ចំពោះ​វាសនា​ជាតិ​មួយ​? រាស្ត្រ មន្ត្រី ថ្នាក់ដឹកនាំ ច្បាប់ អ្នកណា​ជា​អ្នកទទួលខុសត្រូវ​? ឬមួយ​ត្រូវ​រួមគ្នា​កសាង​ជាតិ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​មើលងាយ​? ឬមួយ​ត្រូវ​នៅចាំ​មើលបំណាំ​គ្នា ចាំ​បន្ទោស​ឲ្យ​គ្នា ចង្អុល​ដាក់គ្នា​ទៅវិញទៅមក តែ​មិន​ព្រម​នាំគ្នា​ធ្វើ​?


© រក្សាសិទ្ធិដោយ thmeythmey.com