អន្តរជាតិ
លោកស្រី គ្លី​ន​តុ​ន ជ្រើសរើស​លោក Tim Kaine ជា​បេក្ខជន​អនុ​ប្រធានាធិបតី​
23, Jul 2016 , 10:19 pm        
រូបភាព
​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) បានសម្រេច​ជ្រើស​យក​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Virginia លោក Tim Kaine ជា​បេក្ខជន​អនុ​ប្រធានាធិបតី សម្រាប់​ដំណើរ​ទៅកាន់​ការបោះឆ្នោត​ប្រធានាធិបតី​ខែវិច្ឆិកា​។ អ្នក​ទាំងពីរ​នឹងត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​បក្ស​សាធារណរដ្ឋ​គឺ​លោក ដូ​ណា​ល់ ត្រាំ និង​លោក Mike Pence​។​



​បី​ថ្ងៃមុន​សន្និបាត​បក្ស​ប្រជាធិបតេយ្យ​រដ្ឋ Philadelphia លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​ចាប់ដៃ​ជាមួយ​លោក Tim Kaine សម្រាប់​ឆ្ពោះទៅ​កាន់ការ​កាន់អំណាច​នៅ​សេត​វិមាន​។ ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី គ្លី​ន​តុ​ន បានប្រកាស​ដូចនេះ​ពីរ​ដ្ឋ Florida ខណៈ​លោកស្រី កំពុង​ធ្វើ​យុទ្ធនាការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីនោះ​។

​បេក្ខជន​ប្រធានាធិបតី​រូបនេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​Twitter នៅ​ថ្ងៃទី​២២ ខែកក្កដា ថា​៖« ខ្ញុំ​រំភើប​ចិត្តនឹង​ប្រកាសប្រាប់​អ្នក​ទាំងអស់គ្នា​ពី​ដៃគូ​របស់ខ្ញុំ​គី​លោក Tim Kaine ដែល​បាន​លះបង់​ជីវិត​របស់លោក ដើម្បី​អ្នកដទៃ​។​» លោកស្រី ចាត់ទុក Kaine ជា​បុគ្គល​សុទិដ្ឋិនិយម​ដែល​មានជំនឿថា គ្មាន​បញ្ហា​អ្វីដែល​មិនអាច​ដោះស្រាយ​បានឡើយ ប្រសិនបើ​ដាក់ចិត្ត​ធ្វើ​វា​។

​បន្តិចក្រោយមក​លោក Kaine ក៏បាន​ឆ្លើយតប​តាម​បណ្ដាញ Twitter វិញ​ថា លោក​ទើប​និយាយ​ទូរ​សព្ទ​ជាមួយ​លោកស្រី គ្លី​ន​តុ​ន ហើយ​លោក​មាន​កិត្តិយស ដែល​ត្រូវបាន​ជ្រើសរើស​ជា​ដៃគូ​របស់​លោកស្រី​។ លោកស្រី គ្លី​ន​តុ​ន បាន​ជ្រើស​យក​លោក Kaine ជំនួស​បេក្ខភាព​ដទៃទៀត រួមមាន​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ New Jersey លោក Cory Booker និង​រដ្ឋមន្ត្រី​កសិកម្ម លោក Tom Vilsack ។

​តាមពិតទៅ សមាជិក​ព្រឹទ្ធសភា​រូបនេះ គឺជា​បេក្ខភាព​សំណព្វចិត្ត​របស់លោក​ស្រី គ្លី​ន​តុ​ន ជា​យូរ​មកហើយ​។ លោក Kaine ដែល​អាច​និយាយ​ភាសា​អេ​ស្ប៉ា​ញ​យ៉ាង​ល្អ​នោះ ក៏​ជា​សមាជិក​កម្ម​ម្នាក់​នៅក្នុង​គណៈ​កម្ម​ធិ​ការ​កិច្ចការ​ការបរទេស និង​យោធា​នៃ​ព្រឹទ្ធសភា​អាមេរិក ដែល​អាចរួមចំណែក​យ៉ាងច្រើន​ដល់​លោកស្រី គ្លី​ន​តុ​ន ជាពិសេស​ក្នុងចំណោម​អ្នកបោះឆ្នោត​នៅ​រដ្ឋ Virginia និង​ក្រុម​ជនជាតិ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។

​លោកស្រី គ្លី​ន​តុ​ន និង​លោក Kaine នឹងត្រូវ​ទទួល​ការតែងតាំង​ជា​ផ្លូវការ​ពី​សន្និបាត​បក្ស​ប្រជាធិបតេយ្យ ដែល​នឹង​ចាប់ផ្ដើម​នៅ Philadelphia​។ បេក្ខជន​ទាំងពីរ ក៏​នឹង​ចួ​ល​រួម​ក្នុង​យុទ្ធនាការ​រួមគ្នា​នៅ​ទីក្រុង Miami នៅ​ថ្ងៃទី​២៣ ខែកក្កដា ដើ​ម្ប​ប្រុងប្រៀប​តទល់​នឹង​បេក្ខជន​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ដែល​តែងតែ​និយាយ​រិះគន់​លោកស្រី គ្លី​ន​តុ​ន រហូតមក​៕    


Tag:
 អាមេរិក​
  Hillary Clinton
© រក្សាសិទ្ធិដោយ thmeythmey.com