ជាតិ
គម្រោង​មួយ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ខ្លឹមសារ​ហិង្សា​ផ្សាយ​តាម​កម្មវិធី​ទូរទស្សន៍ និង​វិទ្យុ​
24, Jul 2016 , 11:39 am        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន​៖ គម្រោង​មួយ​ឈ្មោះ​«​អំពើហិង្សា​លើ​ដៃគូ​ស្និទ្ធស្នាល និង​ការមើលឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុ​ជ‍ា​» ដែល​ដឹកនាំ​ដោយ​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ទប់ស្កាត់​ខ្លឹមសារ​ហិង្សា​ដែល​បង្កប់​នៅក្នុង​កម្មវិធី​ផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុ​។ នេះ​បើ​យោងតាម​លោក មី សម្បត្តិ ទីប្រឹក្សា​កម្មវិធី​ទប់ស្កាត់​អំពើហិង្សា​លើ​ដៃគូ​សិ្ន​ទ្ធ​ស្នាល​នៃ​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​។ លោក​បាន​មាន​វត្ត​មាននៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ខែមិថុនា​កន្លងទៅនេះ ដើម្បី​ចូលរួម​ជា​វាគ្មិន​នៃ​វេទិកាសាធារណៈ​មួយ​របស់​មូល​និ​ធី​អាស៊ី​។​



​ប្រ​ព្រ័​ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន រួមមាន​ទូរទស្សន៍ និង​វិទ្យុ អាច​ប្រៀបដូចជា​កំបិត​មុខ​ពីរ​៖​ទី​១ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ជំរុញ​ឲ្យ​មនុស្ស​ទទួលយក​ការប្រព្រឹត្ត​អំពើហិង្សា​ថា ជា​រឿង​ធម្មតា​។ ទី​២ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​ក៏​អាច​លើកកម្ពស់​បង្កា​ការប្រព្រឹត្ត​អំពើហិង្សា និង​ការរើសអើង​ភេទ​។ នេះ​បើ​យោងតាម​សេចក្តី​សង្ខេប​សម្រាប់​កំណត់​គោលដៅ​ទី​២ ស្តីពី​អំពើ​«​ហិង្សា​លើ​ដៃគូ​ស្និទ្ធស្នាល និង​ការមើលឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​»​របស់​អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​។​

​លោក មី សម្បត្តិ បាន​ប្រាប់ VOA ថា កម្មវិធី​ទូរទស្សន៍​នៅ​កម្ពុ​ជាមាន​ខ្លឹមសារ​អំពើហិង្សា​ជាច្រើន​។ លោក​ថ្លែងថា​៖ «​កាលណា​មាន​ខ្លឹមសារ​អំពើហិង្សា​ច្រើន ទូរទស្សន៍​មាន​ទាំង​រឿង​ភាគ​របស់​ថៃ រឿង​ភាគ​របស់​ខ្មែរ​ខ្លះ និង​រឿង​ភាគ​របស់​កូរ៉េ​។ អញ្ចឹង​ការ​មាន​ខ្លឹមសារ​អំពើហិង្សា​ច្រើន​លើ​កញ្ចក់​ទូរទស្សន៍​វា​ធ្វើ​ឲ្យ​អ្នក​ដែល​មើល ជាពិសេស​តាំងពីក្មេង​មក ពួកគាត់​យល់ថា អំពើហិង្សា​លើ​ស្ត្រី ឬ​លើ​ដៃគូ​សិ្ន​ទ្ធ​ស្នាល​ជា​ស្ត្រី គឺជា​រឿង​ធម្មតា​។ អញ្ចឹង​ដល់ពេល​អំពើហិង្សា​កើតឡើង ពួកគាត់​អាច​ទទួលយក​រឿង​ហ្នឹង​»​។​

​បើ​យោងតាម​ការស្ទង់មតិរ​បស់​ក្រសួង​កិច្ចការនារី​កាលពី​ឆ្នាំ​២០០៥ បាន​ឲ្យ​ដឹងថា អ្នក​ដែល​មើល​ទូរទស្សន៍​អាច​ក្លាយជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​ដោយ​ដៃគូ​ស្និទ្ធស្នាល​របស់គេ​ក្នុង​អត្រា​១,៧៨​ភាគរយ ខ្ពស់ជាង​អ្នក​ដែល​មិន​មើល​ទូរទស្សន៍​សោះ​។ បន្ថែម​លើ​នេះ អ្នក​ស្តាប់​វិទ្យុ​អាច​ក្លាយជា​អ្នកប្រព្រឹត្ត​អំពើហិង្សា​លើ​ដៃគូ​ស្និទ្ធស្នាល​របស់គេ ក្នុង​អត្រា​១,៥៤​ភាគរយ ខ្ពស់ជាង​អ្នក​មិន​ស្តាប់​វិទ្យុ​។​

​លោក មី សម្បត្តិ ក៏បាន​បញ្ជាក់​បន្ថែមថា ការទទួលយក​អំពើហិង្សា​ដោយសារតែ​ការមើល​កម្មវិធី​ទូរទស្សន៍​ដែលមាន​ខ្លឹមសារ​អំពើហិង្សា បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការធ្វើអន្តរាគមន៍​តាម​ផ្លូវច្បាប់​របស់​សមត្ថកិច្ច នៅពេលដែល​អំពើហិង្សា​កើតឡើង​។​

​ជាមួយគ្នានេះ លោក​ក៏បាន​ចោទសួរ​លើ​ក្រមសីលធម៌​របស់​អ្នកសារព័ត៌មាន​តាម​ទូរទស្សន៍ ទាក់ទង​នឹង​ការធ្វើ​សេចក្តីរាយការណ៍​អំពី​អំពើហិង្សា​លើ​រូប​កាយ និង​ផ្លូវភេទ​របស់​ស្ត្រី​។​

​លោក​ថ្លែងថា​៖ «​អ្នករាយការណ៍​ព័ត៌មាន​ខ្លះ​បែរជា​បន្ទោស​ជនរងគ្រោះ​។ ទិន្នន័យ​អស់ហ្នឹង ដែល​គាត់​បន្ទោស​បង្អាប់​ស្ត្រី​ដែលជា​ជនរងគ្រោះ វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​នៅក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​គេ​ទទួលយក​ថា រឿង​រំលោភ​ដូចជា​អាច​ទទួលយកបាន មិនចាំបាច់​ដល់​ប្តឹងផ្តល់​អី ឬក៏​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​រឿង​ដែល​អាច​ទទួលយកបាន​។ អញ្ចឹង ខ្លឹមសារ​របស់​ទូរទស្សន៍​គឺ​វា​សំខាន់​។ អញ្ចឹង​យើង​កំពុង​ពិនិត្យមើល​អាហ្នឹង ដើម្បី​កែសម្រួល​វា​»​។​

​ក្រៅពី​កម្មវិធី​រឿង​ភាគ កម្មវិធី​កំប្លែង​ខ្មែរ​ភាគច្រើន​ក៏មាន​បញ្ជ្រាប​ខ្លឹមសារ​ហិង្សា​ដែរ​។ ហើយ​អ្នកទស្សនា​កម្មវិធី​កំប្លែង​តាម​ទូរទស្សន៍​បាន​រិះគន់​ខ្លឹមសារ​កំប្លែង ដែល​ប្រើ​វោហា​ស័ព្ទ​អាសអាភាស និង​ម៉ាក់​ងាយ​លើ​ស្ត្រី ហើយ​ពួកគេ​ចង់​ឲ្យ​មានការ​កែសម្រួល​។ នេះ​បើ​យោង​លោក មី សម្បត្តិ និង​ក្រុមការងារ​របស់លោក ដែល​បានធ្វើការ​ស្រាវជ្រាវ​លើ​ខ្លឹមសារ​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​។​

​លោក​បន្តថា​៖ «​របាយការណ៍​ដែល​យើង​រកឃើញ​លើ​បញ្ហា​រឿង​កំប្លែង​គឺថា ទស្សនិកជន​គាត់​សើច​សប្បាយ​ពេញចិត្ត មិនចាំបាច់​តែ​ប្រើ​ពាក់​ច​ង្អេះ​ច​ង្អះ ឬក៏​ពាក្យ​ប្រមាថ​មាក់ងាយ​ដល់​ស្ត្រី​ទេ​។ កាយវិការ សម្លៀកបំពាក់ ឬ​កាយវិការ​ក្រមិចក្រមើម​របស់គាត់ និង​សកម្មភាព​ទាំងអស់​ហ្នឹង គាត់​ក៏​សប្បាយ​។ មិនមែន​ទាល់តែ​ជេរ ទាល់តែ​បន្ទោស​ស្ត្រី ឬ​បង្អាប់ បាន​គាត់​សើច​ទេ​។ អញ្ចឹង​ពួកគាត់​រិះគន់​ចំណុច​មួយចំនួន​អស់ហ្នឹង​»​។​

​គម្រោង​ស្តីពី​«​អំពើហិង្សា​លើ​ដៃគូ​សិ្ន​ទ្ធ​ស្នាល និង​ការមើលឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុ​ជ‍ា​»​របស់​មូលនិធិ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​នេះ កំពុងធ្វើការ​ជាមួយនឹង​ស្ថានីយ៍ទូរទស្សន៍​ចំនួន​៥ ក្នុងនោះ​រួមមាន ទូរទស្សន៍​បាយ័ន និង​ទូរទស្សន៍ CTN ជាដើម​។ លោក មី សម្បត្តិ ក៏បាន​បញ្ជាក់ថា តំណាង​ទូរទស្សន៍​ទាំង​៥​នេះ​បានទទួល​ស្គាល់​សារៈសំខាន់​នៃ​ការទប់ស្កាត់​ខ្លឹមសារ​ដែល​អាច​ជំរុញ​ឲ្យ​មានការ​ទទួលយក​អំពើ​ហិង្សា ហើយ​តំណាង​ទូរទស្សន៍​ទាំងនេះ​មាន​ឆន្ទៈ​ចូលរួម​ក្នុង​គម្រោង​នេះ​។​

​គម្រោង​ដែលមាន​រយៈពេល​ជាង​ពីរ​ឆ្នាំនេះ កំពុងតែធ្វើការ​សហកា​រ​ជាមួយនឹង​ក្រសួង​បី រួមមាន​ក្រសួង​កិច្ចការនារី ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចូលរួមចំណែក​ក្នុង​ផែនការ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com