អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បា​រ៉ា​ក់ អូ​បា​ម៉ា​៖ អាមេរិក​មិន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋប្រហារ​នៅ​តួ​ក​គី​ទេ​
24, Jul 2016 , 8:19 pm        
រូបភាព
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាងថា សហរដ្ឋអាមេរិក​មិនមាន​ពាក់ព័ន្ធ​រដ្ឋប្រហារ​បរា​ជ័យ​នៅ​តួ​ក​គី​កាលពី​សប្តាហ៍​មុន​ឡើយ​។ ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​រក្សា​សម្ព័ន្ធភាព​ជាមួយ​អាមេរិក និង​ពន្យល់​ឲ្យ​បណ្តា​ប្រជាជន​តួ​ក​គី​បាន​យល់ថា ព័ត៌មាន​ថា​អាមេរិក​ពាក់ព័ន្ធ​បញ្ហា​រដ្ឋប្រហារ​ជា​រឿង​ច​ចា​អា​រ៉ា​ម​ប៉ុណ្ណោះ​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​បាន​ទាត់ចោល​ការចោទប្រកាន់ និង​ពាក្យ​ចចាមអារ៉ាម​ដែលថា​អាមេរិក​ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​បរាជ័យ​នៅ​តួ​ក​គី​។ លោក​ថា អាមេរិក​មិនបាន​ដឹង​មុន​ឡើយ​ពី​រដ្ឋប្រហារ​នេះ ហើយ​អាមេរិក​ក៏​មិន​ស្ថិតនៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ​នេះដែរ​។

​ប្រធានាធិបតី​អាមេរិក​រូបនេះ​ចង់​បកស្រាយ​និង​ពន្យល់​ឲ្យ​អស់​មន្ទិលសង្ស័យ ព្រោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ទំនាក់ទំនង​និង​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​តួ​ក​គី​នេះ​។ លោក​ក៏​អំពាវ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​ធ្វើ​យ៉ាង​ពន្យល់​ឲ្យ​ប្រជាជន​បានដឹង និង​ជម្រះ​ឲ្យ​អស់​មន្ទិលសង្ស័យ ចៀសវាង​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​តទៅទៀត​។​

​លោក អូ​បា​ម៉ា បាន​ថ្លែងថា​៖«​នៅពេល​ពាក្យ​ចចាមអារ៉ាម ដូចនេះ​សាយភាយ វា​ធ្វើ​ឲ្យ​ប្រជាជន​យើង​ដែល​ស្ថិតនៅ​តួ​ក​គី​រងគ្រោះថ្នាក់ ហើយ​វា​ក៏​គំរាមកំហែង​ដល់​សម្ព័ន្ធភាព និង​ភាពជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក​និង​តួ​ក​គី​។ ដូច្នេះ​ខ្ញុំ​ចង់​និយាយ​ឲ្យ​ច្បាស់ និង​បកស្រាយ​ឲ្យ​អស់​សង្ស័យ​តាម​ដែល​អាច​ធ្វើបាន ថា យើង​ថ្កោលទោស​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​»​។​

​តាមពិតទៅ បញ្ហា​កាន់តែ​ស្មុគស្មាញ ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី រួមទាំង​អ្នកនយោបាយ​តួ​ក​គី ក៏​សុទ្ធតែ​ចង្អុល​និង​ទម្លាក់កំហុស​លើ​អាមេរិក​ដូចគ្នា​។ ដូច​ឃើញស្រាប់​សូម្បីតែ​រដ្ឋមន្ត្រីក្រសួង​ការងារ​តួ​ក​គី ក៏​ដាក់​មន្ទិលសង្ស័យ​លើ​សហរដ្ឋអាមេរិក​ដែរ​។​

​យ៉ាងណាមិញ ក្រោយ​រដ្ឋប្រហារ​កើតឡើង ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan មិនបាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​អង់កា​រ៉ា បាន​ទម្លាក់កំហុស​លើ​អ្នក​ផ្សព្វផ្សាយ​សាសនា លោក​Fethullah Gulen ដែល​កំពុង​រស់នៅ​រដ្ឋ Pennsylvania ទៅវិញ​។

​សូមបញ្ជាក់ថា រដ្ឋប្រហារ​បរាជ័យ​តួ​ក​គី​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ទី​១៥ ខែកក្កដា ។​ក្រោយ​រដ្ឋប្រហារ កងកម្លាំង​និង​ប្រជាជន​ជាច្រើន​ពាន់​នាក់​ត្រូវបាន​ចាប់​និង​ឃុំខ្លួន ហើយ​ប្រជាជន​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ត្រូវគេ​ព្យួរការងារ​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​ការរៀបចំ​រដ្ឋប្រហារ​នេះ​។​ចំណែក រដ្ឋាភិបាល​តួ​ក​គី បានប្រកាស​ដាក់​ប្រទេស​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​បី​ខ​ដើម្បី​បន្ត​តាម​បង្ក្រាប​អ្នក​ដែល​នៅ​ពីក្រោយ​ការរៀបចំ​រដ្ឋប្រហារ​នេះ​៕


Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  Fethullah Gulen
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com