អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​សមាជិក​ណា​តូ​ភ័យព្រួយ​ខ្លាំង​ពីស​និ្ត​សុខ​ខ្លួន​ពេលអនាគត​
24, Jul 2016 , 9:59 pm        
រូបភាព
​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ពាក់ព័ន្ធ​នយោបាយ​សន្តិសុខ​របស់​លោក បានធ្វើ​ឲ្យ​បណ្តា​រដ្ឋបាល់​ទិ​ក និង​សមាជិក​ណា​តូ ទូទៅ ភ័យព្រួយ​ជាខ្លាំង​។  លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ថា អាមេរិក​អាចជួយ​ការពារ​រដ្ឋបាល់​ទិ​ក​ពី​ការឈ្លានពាន​របស់​រុស្ស៊ី ដរាបណា​ពួកគេ​បង់​វិភាគទាន​ដល់​អាមេរិក​គ្រប់គ្រាន់​ប៉ុណ្ណោះ​។

 


«​អាមេរិក​នឹង​ពិចារណា​ការពារ​សម្ព័ន្ធមិត្ត​ណា​តូ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី ក្នុងករណី​ដែល​បណ្តា​ប្រទេស​ទាំងនេះ​បង់លុយ​គ្រប់គ្រាន់​ដល់​អាមេរិក​តាម​ការកំណត់​។ អ្នក​មិនអាច​បំភ្លេច​រឿង​លុយ​ឡើយ​។ ពួកគេ​មាន​កាតព្វកិច្ច​បង់លុយ​។ សមាជិក​ណា​តូ​ជាច្រើន​មិនបាន​បង់លុយ​តាម​ការកំណត់​ឡើយ ហើយ​ពួកគេ​មិន​ព្រមធ្វើ​អ្វីដែល​ពួកគេ​ត្រូវធ្វើ​ដែរ​។ នេះ​ជា​រឿង​ធំ​មួយ​»​។​

​នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន New York Times ពាក់ព័ន្ធ​គោលនយោបាយ​ការបរទេស​អាមេរិក​នៅ​អឺរ៉ុប​និង​ការពារ​សមាជិក​ណា​តូ​។​

​ប៉ុន្តែ អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​នេះ​បានធ្វើ​ឲ្យ​បណ្តា​រដ្ឋបាល់​ទិ​ក​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​បើសិន​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​មែន អាមេរិក​នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស ហើយ​វា​អាច​ក្លាយជា​បញ្ហា​សម្រាប់​រដ្ឋ​សមាជិក​ណា​តូ​ទៀត​។

​បណ្តា​រដ្ឋបាល់​ទិ​ក​ក៏បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ដែល​អាចធ្វើ​ឲ្យ​សន្តិសុខ​អឺរ៉ុប​ប្រឈម​គ្រោះថ្នាក់ ហើយ​ពួកគេ​ក៏បាន​អះអាងថា ខ្លួន​កំពុង​ប្រឹងប្រែង​ក្នុងការ​បង្កើន​ថវិកា​យោធា​និង​ចូលរួម​ក្នុង​សកម្មភាព​យោធា​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ផង​។​

​ប្រធានាធិបតី​អេ​ស្តូ​នី​លោក Toomas Hendrik បាន​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ថា អេ​ស្តូ​នី​ជា​រដ្ឋ​មួយ​ក្នុងចំណោម​សមាជិក​ណា​តូ​ចំនួន ៥ ដែល​បាន​ចំណាយលុយ ២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​វិស័យ​យោធា​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ អេ​ស្តូ​នី បានរួម​ចំណែក​ក្នុង​អន្តរាគមន៍​របស់​ណា​តូ​អនុលោម​តាម​មាត្រា​៥ ក្នុងប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន​ថែមទៀត​។​

​ចំណែក​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ឡា​ត់​វី Artis Pabriks បាន​រិះគន់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​និង​ជា​សេដ្ឋី​អចលនទ្រព្យ​នេះ ដោយ​លោក​បាន​ពន្យល់ថា បើសិនជា​លោក ដូ​ណា​ល់ ត្រាំ មិន​ផ្លាស់ប្តូរ​គំនិត​របស់លោក​ទេ អាមេរិក​នឹងធ្វើ​ឲ្យ​អឺរ៉ុប​ធ្លាក់​ក្នុង​គ្រោះថ្នាក់​មិន​ខាន​។ ទោះជា​អតីតមន្ត្រី​ជាន់ខ្ពស់​រូប​នេះ​មិនសូវ​ពេញចិត្ត​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នេះ​ក្តី រដ្ឋាភិបាល​ឡា​ត់​វី បាន​អះអាងថា ឡា​ត់​វី ជឿជាក់​លើ​សហរដ្ឋអាមេរិក ទោះជា​អ្នកណា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ក៏ដោយចុះ​។

​យ៉ាងណាមិញ សម្រាប់​លោក ដូ​ណា​ល់ ត្រាំ គោលនយោបាយ​បែបនេះ​បម្រើ​ប្រយោជន៍​អាមេរិក ហើយ​អាមេរិក​ក៏​មិនចាំបាច់​ចំណាយលុយ​ច្រើនសន្ធឹក​ដើម្បី​ត្រឹមតែ​ទៅ​ជួយ​ការពារ​ប្រទេស​ដទៃ​ដែរ​។

​ត្រលប់មក អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg ឯណោះ​វិញ លោក​ក៏បាន​រិះគន់​ការលើកឡើង​របស់លោក ដូ​ណា​ល់​ត្រាំ ដែរ តែ​លោក​បាន​ព្យាយាម​ពន្យល់ថា ការបន្ត​រួបរួមគ្នា​ក្នុង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ជា​រឿង​ចាំបាច់​បំផុត​មួយ​មិនអាច​ខ្វះ​បាន​។ ដែល​នេះ​មានន័យថា អាមេរិក​និង​បណ្តា​សមាជិក​ណា​តូ ត្រូវ​បន្ត​រួម​កម្លាំង​គ្នា​និង​សាមគ្គី​គ្នា​ដើម្បី​រក្សា​សន្តិសុខ និង​ទប់ស្កាត់​ការគំរាមកំហែង​នានា ទោះជា​មានការ​ផ្លាស់ប្តូរ​ការដឹកនាំ​នៅ​អាមេរិក​ក៏ដោយ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ណា​តូ​
  Toomas Hendrik
© រក្សាសិទ្ធិដោយ thmeythmey.com