ព័ត៍មានសុខភាព
​ទីបំផុត អ្នកវិទ្យាសាស្ត្រ​រកឃើញ របៀប​ដែល​ទារក​មើលឃើញ ឪពុកម្តាយ​គេ​ហើយ​
24, Jul 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេល​កំពុងតែ​ពរ និង​ញញឹម​ដាក់​កូនតូច​ទើបនឹង​កើត ឪពុកម្តាយ​ភាគច្រើន​មិនបាន​ដឹងថា កូន​របស់​ពួកគេ មិនអាច​យល់​នូវ​អ្វីដែល​ពួកគេ​ធ្វើ​នៅឡើយ​ទេ​។​



​ការសិក្សា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដែល​ធ្វើឡើង​ដោយ អ្នកស្រាវជ្រាវ​នៅឯ​វិទ្យាស្ថាន​ចិត្តសាស្ត្រ​មួយ​ក្នុង​សាកលវិទ្យាល័យ Oslo ប្រទេស​ណ័​រ​វ៉េ និង​សាកលវិទ្យាល័យ Uppsala ប្រទេស Sweden ដែល​ពួកគេ​បាន​សិក្សា​ទៅលើ ទារក​អាយុ​ចាប់ពី ២ ទៅ ៣ ថ្ងៃ​។​

​ការសិក្សា​នេះ​បាន​បង្ហាញថា ចម្ងាយ​ឆ្ងាយ​បំផុត ដែល​ទារក​អាច​មើល​យល់ នឹង​ឃើញ​អ្នក​កំពុងតែ​ខឹង ឬ​សប្បាយចិត្ត​នោះ​គឺ ៣០ សង់ទីម៉ែត្រ​។ បើសិនជា​ចម្ងាយ​ឆ្ងាញ់​ចាប់ពី ៦០ សង់ទីម៉ែត្រ​ទៅ រូបភាព​ដែល​ទារក​អាច​មើលឃើញ នឹង​កាន់តែ​ព្រឹល​ទៅៗ ហើយ​គេ​ក៏​មិនអាច​វិនិច្ឆ័យ​ដឹងថា ទឹកមុខ​អ្នក​កំពុងតែ​និយាយ​អំពី​អ្វី​ដែរ​។​



​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់ ការថត​វីដេអូ​ទៅលើ​មុខ ហើយក៏​មានការ​ប្រែប្រួល ទឹកមុខ​ជាប់​រហូត​ផងដែរ​។ ដំបូង​ឡើយ វីដេអូ​បង្ហាញ​អំពី​ទឹកមុខ ដែល​មនុស្ស​ធំ​មើលឃើញ​ច្បាស់​។ បន្ទាប់មក វីដេអូ​ដដែល​នោះ បង្ហាញ​ឲ្យ​ក្មេង​ទើប​កើត​មើល​ម្តង​។ ទោះបីជា​យ៉ាងណាក៏ដោយ ទារក​អាចឆ្លើយតប ក៏ដូចជា​អាច​មើលឃើញ ត្រឹមតែ​ចម្ងាយ ៣០ សង់ទីម៉ែត្រ ពី​ខ្លួន​ចុះ​ប៉ុណ្ណោះ ហើយ​កាលណា រូបភាព​កាន់តែ​ជិត​គេ​កាន់តែ​មានប្រតិកម្ម ចំពោះ​ទឹកមុខ​នោះ​កាន់តែខ្លាំង​។​

​យោងទៅតាម​សាស្ត្រាចារ្យ Svein Magnussen បាន​បង្ហាញថា ទារក​ទើបនឹង​កើត អាចធ្វើ​ត្រាប់​តាម​ទឹកមុខ​របស់​មនុស្ស​ធំ ដែល​គេ​មើលឃើញ​ដំបូង​គេ​ក្នុង​ជីវិត​។ ប៉ុន្តែ រឿងនេះ​មិនមែន​មានន័យថា ពួកគេ​អាច​យល់ថា ទឹកមុខ​នោះ​មានន័យ​ដូចម្តេច​ឡើយ​។​

​ដូច្នេះ បើសិនជា​អ្នក​ចង់​ឲ្យ​ទារក មើលឃើញ​មុខ​អ្នក ចូរ​ទៅ​ឲ្យ​ជិត​ភ្នែក​គេ​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com