ពីនេះ ពីនោះ
សុភាសិត​ខ្មែរ​៖ «​ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ បើ​គេ​ហៅ​កុំ​ឲ្យ​ខាន​» អាចមាន​អត្ថន័យ​ទាក់ទង​វិស័យ​ជំនួញ​
28, Jul 2016 , 7:59 pm        
រូបភាព
ដោយ:
​នៅក្នុង​សង្គម ជាទូទៅ​គេ​ពិបាក​ស្មាន​ដល់​ពី​ស្ថានភាព​ចំពោះមុខ ឬ​ស្ថានភាព​បែបណា​មួយ​ឡើយ​។ ចំណែក​នៅក្នុង​បណ្ដាំ​សុភាសិត​ខ្មែរ លោក​បាន​ណែនាំ​នូវ​ពាក្យ​មួយ​ឃ្លា​ថា «​ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ បើ​គេ​ហៅ​កុំ​ឲ្យ​ខាន​»​។ លក្ខណៈពិសេស​របស់​សុ​ភាសិត​នេះ អាចមាន​ទំនាក់ទំនង​សំខាន់​ជាមួយ​វិស័យ​ជំនួញ​។



​ចំពោះ​ឃ្លា​ថា «​ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ​» គឺមាន​ន័យ​ផ្ដល់​ការអប់រំ​ថា ជាទូទៅ​គ្រប់​បុគ្គល​ទាំងអស់​មាន​ជាប់​សារជាតិ​មួយ​គឺ សេចក្ដី​ចង់បាន​។ ហេតុនេះ នៅពេល​ឃើញ​អ្នកណាម្នាក់​ឬ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​បាន​អ្វីមួយ តែងតែ​កើត​ចិត្ត​ចង់បាន​ដូច​គេ​ដែរ​។ ចំណុច​នេះ ដូនតា​លោក​បានដាក់​បម្រាម​រួចជាស្រេច​ថា «​ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ​»​។ មូលហេតុ​អ្វី​បានជា​លោក​លើកឡើង​បែបនេះ​?

​យ៉ាងហោចណាស់​មាន​ហេតុផល​ពី​យ៉ាងសំខាន់ ដើម្បី​ស្រាយ​បំភ្លឺ​ពី​ពាក្យ​មួយ​ឃ្លា​នេះ​។ អត្ថន័យ​ទីមួយ គឺ​មានន័យថា ធ្វើ​អ្វី​ក៏ដោយ មិនអាច​ទទួលបាន​ផល​ដូចគ្នា​នោះទេ​។ ហេតុនេះ ការ​រំពឹងថា នឹង​ទទួលបាន​ដូច​អ្នកណាម្នាក់ នោះ​គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ​។ សម្រាប់​ន័យ​ទី​២ នោះ​ប្រហែលជា​ដូនតា​ខ្មែរ​លោក​ចង់​មានន័យថា មនុស្ស​ម្នាក់ៗ​មាន​ជំនាញ​រៀងៗ​ខ្លួន ហេតុនេះ ឃើញ​អ្នកនេះ​រកស៊ី​ផ្នែក​នេះ​មានបាន សូមកុំ​ទៅរក​ស៊ី​តាម​គេ ប៉ុន្តែ​ត្រូវ​មើលថា ខ្លួន​អាចមាន​ជំនាញ​ផ្នែក​នោះ​ដូច​គេ​ដែរ​ឬក៏​អត់​។ ឧទាហរណ៍​ជាក់ស្ដែង នៅក្នុង​សង្គម​បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​លោក​ចូលចិត្ត​តែ​ប្រកប​របរ​អាជីវកម្ម​តាម​គ្នា​។ នៅពេល​ឃើញ អ្នកជិតខាង​ខ្លួន​រកស៊ី​របរ​នោះបាន​នាំគ្នា​ទៅ​ប្រកប​របរ​នោះដែរ ទីបំផុត​បរាជ័យ​។

​ចំណែក​ឃ្លា​ថា «​បើ​គេ​ហៅ​កុំ​ឲ្យ​ខាន​» គឺជា​ឃ្លា​មួយ​ដែល​ធ្វើការ​ឆ្លើយតប​ជាមួយ ឃ្លា​ថា «​ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ​»​។ មូលហេតុ ដែល​ត្រូវ​និយាយ​បែបនេះ ព្រោះ​ដោយសារ​ក្នុង​អត្ថន័យ​ឃ្លា​ទីមួយ​ច្បាស់​ណាស់ មិនមែន​អនុញ្ញាត​ឲ្យ​បុគ្គល​គ្រប់រូប សម្រេចចិត្ត​ធ្វើ​អ្វី​ដោយ​ភ្លាមៗ ដោយ​គ្មាន​ការគិត​ពិចារណា​នោះឡើយ ប៉ុន្តែ​ត្រូវ​ថ្លឹងថ្លែង​ពី​ជំនាញ​របស់ខ្លួន​ជាមុន​។  ប៉ុន្តែ​ចំពោះ​ឃ្លា​ទី​ពីរ​នេះ​វិញ លោក​គិតថា អ្វី​ក៏ដោយ ប្រសិនបើ​មាន​គេ​ហៅ គេ​អញ្ជើញ​ហើយ ធ្វើយ៉ាងណា​កុំ​ឲ្យ​អវត្តមាន​។ ព្រោះថា ករណីនេះ​អាចមាន​ហេតុផល​ថា ទីមួយ​.​ដើម្បី​បង្ហាញ​ពី​ការផ្ដល់​តម្លៃ​ចំពោះ​អ្នក​ហៅ ទី​ពីរ​.​បើ​គ្រាន់តែ​បង្ហាញ​វត្តមាន​គឺ​មិនមែនជា​បញ្ហា​ធំ​នោះទេ ប៉ុន្តែ​វា​ជា​ឱកាស​ដើម្បី​ធ្វើការ​សិក្សា​អ​ង្គេ​ត​។

​ជារួម​មក សុភាសិត​ដែល​លើ​ឡើង​ថា​«​ឃើញ​គេ​បាន​កុំ​ឲ្យ​ទៅ បើ​គេ​ហៅ​កុំ​ឲ្យ​ខាន​» គឺ​ចង់​មានន័យ​ដោយ​ខ្លី​ថា ជា​មនុស្ស​ម្នាក់ៗ​ត្រូវមាន​ជំហរ​សម្រាប់​ខ្លួនឯង​មួយ ដែល​មិនមែន​ចេះតែធ្វើ​ការសម្រេចចិត្ត​ដោយ​ងាយ​នើ​ឡើយ ជាពិសេស​គឺ​នៅក្នុង​វិស័យ​ជំនួញ​។


Tag:
 សុភាសិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com