ជាតិ
ថ្នាំ​សម្លាប់​សត្វល្អិត​កំពុង​សម្លាប់​សត្វព្រៃ និង​ប៉ះពាល់​សុខភាព​ប្រជាជន​
02, Aug 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វព្រៃ​ដែល​ពុល​ខ្លាំង កំពុង​សម្លាប់​សត្វព្រៃ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ប្រជាជន​សហគមន៍​មូលដ្ឋាន​ដែល​រស់​នៅតាម​ទីជនបទ​។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦​នេះ បាន​បង្ហាញថា នៅ​ចន្លោះ​ខែមករា ដល់​ខែសីហា ឆ្នាំ​២០១៥ មាន​សត្វព្រៃ​ចំនួន​០៦​ក្បាល​រួមទាំង ប្រភេទ​ងាយ​រងគ្រោះ (​សត្វ​សំពោច​ធំ និង​សត្វ​កុក​ពាក់​អំបោះ​)  និង​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​(​សត្វ​ត្មាត​ត្នោត​) ត្រូវបាន​ក្រុមមន្ត្រី​ល្បាត និង​ក្រុម​តាមដាន ត្រួតពិនិត្យ​សត្វព្រៃ ប្រទះឃើញ​ស្លាប់​នៅ​ជិត​ត្រពាំង​ផ្សេងៗ​គ្នា​។​

 ការរកឃើញ​នេះ បន្ទាប់ពី​កម្មវិធី​គោលនយោបាយ​សុខភាព និង​សុខភាព​សត្វព្រៃ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​នៅក្នុង​ខេត្តព្រះវិហារ និង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ក្នុងពេល​កន្លងទៅ​។ 

​កាលពី​ខែមិថុនា ឆ្នាំ ២០១៦ ករណី​សត្វព្រៃ​ពុល​ស្លាប់​នេះ  ត្រូវបាន​គេ​យកមក​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​មួយ​ដោយមាន​ការចូលរួម ពី​មន្ត្រី​តំណាង​មកពី​ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ព្រមទាំង​ដៃគូ​អន្តរជាតិ​ផ្នែក​សុខាភិបាល​ផ្សេងៗ​ទៀត ដើម្បី​កំណត់​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះ ព្រមទាំង​ស្វែងរក​ការដោះស្រាយ​ជាបន្ទាន់​។

​លោក Mathieu Pruvot អ្នកដឹកនាំ​កម្មវិធី​គោលនយោបាយ និង​សុខភាព​សត្វព្រៃ បាន​និយាយថា សត្វព្រៃ​ទាំងអស់នោះ​ពុល​ស្លាប់ ដោយសារ​ថ្នាំ​សម្លាប់​សត្វល្អិត ពុល​ខ្លាំង «Cartbofuran» ដែល​គេ​យកទៅ​បាច​ចូលក្នុង​ទឹក​ត្រពាំង​ដើម្បី​ចាប់​សត្វព្រៃ​។ លោក​បាន​បញ្ជាក់ថា នៅក្នុង​ការពិសោធន៍ ក៏បាន​រកឃើញ​ផងដែរ​ថា ទាំង​សត្វ​ចិញ្ចឹម​តាម​ផ្ទះ និង​ប្រជាជន សុទ្ធតែ​ទទួលរង​ផលប៉ះពាល់​នៅ​តំបន់​ដូចគ្នា បន្ទាប់ពី​ពួកគេ​បាន​ហូប​ទឹក​ដែលមាន​ផ្ទុក​សារធាតុពុល​ទាំងនោះ​។

«Cartbofuran» គឺជា​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត Cabamate ហើយ​ជាទូទៅ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​កំចាត់​សត្វល្អិត​។ វា​ផ្ទុក​សារធាតុពុល​ខ្លាំង ជាពិសេស​ទៅលើ​សត្វ​ស្លាប ដែលមាន​ប្រសិទ្ធភាព​ចំពោះ​ការបំពុល​ដោយផ្ទាល់ និង​ពុល​ដោយ​ប្រយោល​ក្នុង​ចំនួន​ច្រើន​។

​សម្រាប់​មនុស្ស រោគសញ្ញា​នៃ​ការពុល​ដោយសារ Cartbofuran រួមមាន ចុះ​ទន់ខ្សោយ ក្អួត ឈឺពោះ បែកញើស រាគរូស ហៀរ​ទឹកមាត់ ពិបាក​ដកដង្ហើម រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ និង​ស្លាប់​។ Cartbofuran ត្រូវបាន​គេ​ហាម​មិន​ឲ្យ​ប្រើប្រាស់ នៅក្នុង​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក (​សហរដ្ឋអាមេរិក កាណាដា និង​អ៊ឺរ៉ុប​) ដោយយោង​លើ​ហេតុ​ការស្លាប់​រង្គាល​នៃ​សត្វ​ស្លាប​ព្រៃ​។

​ចំណែក​ពពួក​ថ្នាំពុល Cabamates ផ្សេងទៀត ដូចជា Bendiocarb  និង Propoxur មាន​សារៈសំខាន់ និង​ប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ដើម្បី​សម្លាប់សត្វ​មូស​នៅក្នុង​ផ្ទះ​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនចាញ់ ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។

​នាយក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​លោក Ross Sinclair បាន​ប្រមាន​ថា នេះ​គឺជា​ក្តី​ព្រួយបារម្ភ​មួយ​សំខាន់ ខណៈ​ការបំពុល​ក្នុងពេល​ដ៏​ខ្លី  បានក្លាយ​ជាការ​គំរាមកំហែង​ដ៏​ធំ​មួយ​ចំពោះ​ការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។

​ចំណែក​លោកនាយក មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​របស់​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា (US-CDC) លោក Robert Newman បាន​សង្កត់ធ្ងន់ថា​វា​ជាការ​ចាំបាច់ ដើម្បី​កំណត់​អំពី​ហានិភ័យ​នានា ដែល​បង្កឡើង ដោយ​វត្តមាន​របស់​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​ពុល​ខ្លាំង​នៅលើ​ទីផ្សារ​។ បន្ថែម​ពីនេះ វា​គឺជា​កិច្ចការ​បន្ទាន់​មួយ ដើម្បី​កសាង​សមត្ថភាព​មន្ទីរពិសោធន៍​ឲ្យ​បាន​ច្រើនជាង​មុន​នៅក្នុង​ប្រទេស ដើម្បី​រក​ឲ្យ​ឃើញ​វត្តមាន​សារធាតុ​គីមី​ពុល​នៅក្នុង​បរិស្ថាន ចំណីអាហារ និង​សំណាក​ជីវសាស្ត្រ​ផ្សេងៗ​កុំ​ឲ្យ​វា​ប៉ះពាល់​ដល់​មនុស្ស និង​សត្វព្រៃ​។

​លោក លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពាក់ព័ន្ធ​និង​លទ្ធផល​ដែល​បាន​រកឃើញ​ទាំងអស់នេះ​។ លោក​បាន​លើកឡើងថា នេះ​គឺជា​ក្ដី​ព្រួយបារម្ភ និង​ជាការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សត្វព្រៃ និង​សុខភាព​សាធារណៈ​។ បញ្ហា​នេះ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ជាបន្ទាន់​ដើម្បី​ការពារ​សត្វព្រៃ និង​ប្រជាជន​កម្ពុជា​៕


Tag:
 ថ្នាំ​សម្លាប់​សត្វល្អិត
© រក្សាសិទ្ធិដោយ thmeythmey.com