ពីនេះ ពីនោះ
ក្មេង​សម័យមុន​ឃើញ​ចាស់​ឱនលំទោន ក្មេង​សម័យថ្មី​ជួប​ចាស់​ពើងទ្រូង​សម្ញែង​ឫទ្ធិ
18, Jan 2020 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បរិបទ​សម័យមុន មនុស្ស​គ្រប់​យុវវ័យ​ពេល​ជួប​មនុស្ស​ចាស់ ចាស់ព្រឹទ្ធាចារ្យ គ្រូ អាចារ្យ ព្រះសង្ឃ គេ​តែងតែ​បង្គំ​ក្រាបថ្វាយបង្គំ ឱនលំទោន បង្ហាញ​ពី​ការគោរព និង​ផ្ដល់​តម្លៃ​ចំពោះ​ជន​ទាំងនោះ​។ លំ​អាន​នៃ​ទម្លាប់​មួយ​នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ក្មេង​ខ្មែរ មាន​ច​រឹត​ទន់ភ្លន់​តែ​រឹងមាំ​។ ផ្ទុយ​ពី​សម័យមុន សម័យថ្មី កូន​ខ្មែរ​ក្មេង​ក្ដី យុវជន​ក្ដី មួយចំនួន មិនចាំបាច់​ដល់​ទៅ​ថ្វាយបង្គំ សូម្បី​ឱនលំទោន​គោរព​ក៏​មិន​គោរព​ដែរ មានតែ​ពើងទ្រូង សម្ញែង​ឫទ្ធិ​។



​យុវជន​សម័យថ្មី កំពុង​បង្ហាញ​ពី​កិត្យានុភាព​របស់ខ្លួន តាមរយៈ​ចំណេះដឹង​ថ្មីៗ​នៅក្នុង​សង្គម​ទំនើប និង​សម័យ​បច្ចេកវិទ្យា​។ ចំណេះដឹង​យុវជន​សម័យថ្មី បាន​វិវឌ្ឍន​យ៉ាង​ល្អ គួរ​ឲ្យ​កោតសរសើរ ដែល​តម្លៃ​របស់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​បាន​ក្រោក​ឡើងជា​បណ្ដើរៗ​សម្រាប់​សង្គម​មួយ​នេះ ដើម្បី​ថ្ងៃមុខ​សង្គម​មួយ​នេះ​ក្លាយជា​សង្គម​ទំនើប​មួយ​។

​ការរីកចម្រើន ផ្នែក​ចំណេះដឹង​យុវជន គឺជា​រឿង​គួរ​ត្រេកអរ ប៉ុន្តែ​ក៏​មិនមែនជា​ឱកាស​សម្រាប់​យុវជន​សម័យថ្មី នាំគ្នា​ពើងទ្រូង​បង្ហាញ​ភាព​អស្ចារ្យ ទៅលើ​យុវ​ចាស់ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ​នោះដែរ​។ ព្រោះ​ទង្វើ​បែបនេះ វា​បាន​ប្រាស់ចាក​ពី​ក្រឹ​ត​ក្រម​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​។ ធាតុពិត​នៃ​សកម្មភាព​របស់​យុវជន​ទាំងនេះ គឺ​សបញ្ជាក់​យ៉ាងច្បាស់​ថា កូន​ខ្មែរ មួយចំនួន បាន​ធ្លាក់ចុះ​ផ្នែក​សីលធម៌​យ៉ាងខ្លាំង ព្រោះ​ពេលខ្លះ​សម្បី​តែ​មាតាបិតា​ខ្លួន​ក៏​គេ​មិន​គោរព ថែមទាំង​ជេរប្រមាថ និង​វាយ​បន្លែ​ម​ទៀត​។

​ប្រសិនបើ រូបភាព​ក្មេង​សម័យថ្មី​កើតឡើង​បែបនេះ តើ​គួរ​បន្ទោស​អ្នកណា​? ត្រូវ​បន្ទោស សាលា​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស បន្ទោស​ប្រព័ន្ធ​អប់រំ បន្ទោស​បរិស្ថាន​សង្គម បន្ទោស​គ្រួសា ឪពុកម្ដាយ​អប់រំ​កូន​មិន​បានល្អ ឬ​ត្រូវ​បន្ទោស​យុវជន​ផ្ទាល់​តែម្ដង​?

​ការពិត ទាំងនេះ​មិនមែនជា​វេទិការ​ដើម្បី​រក​ខុសត្រូវ និង​បន្ទោស​គ្នា​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​ត្រូវ​គិតថា បរិបទ​ថ្មី​នៃ​សកម្មភាព​របស់​យុវជន គឺជា​ទង្វើ​មួយ​ដែល​ត្រូវតែ​កែ ត្រូវ​ទាញ​មកវិញ​ឲ្យ​ពួកគេ​ចេះ​គោរព និង​ឲ្យ​តម្លៃ​មនុស្ស​នៅ​ជុំវិញខ្លួន​របស់​ពួកគេ​។ ព្រោះថា មិនមែន​ខ្លួន​មានចំណេះ​បន្តិចបន្តួច ស្គាល់​សម័យ​វិទ្យាសាស្ត្រ ទទួល​វប្បធម៌​ប​ស្ចឹ​ម​ប្រទេស ទទួល​ឥទ្ធិពល វិទ្យាសាស្ត្រ​លោក​សាកល បែរមក​គិតថា ពូជខ្មែរ​ខ្លួនឯង​គ្មាន​តម្លៃ មនុស្ស​ចាស់​គ្មាន​តម្លៃ ព្រះសង្ឃ​មិនគួរ​គោរព ឪពុកម្ដាយ​មិនគួរ​ប្រ​ណិ​បត​ន៍​នោះឡើយ​។ ការគិត​បែបនេះ  ប្រហែលជា​រឿង​ខុសឆ្គង​បំផុត​នៅក្នុង​គំនិត​របស់​យុវជន​សម័យថ្មី​។ 

​កន្លងទៅ​មានមតិ​ខ្លះ​លើកឡើងថា យើង​ត្រូវគោរព​តែ​បុគ្គល​ណា​ដែល​គួរ​គោរព​ទៅបាន​ហើយ​។ ការគិត​បែបនេះ មិនមែនជា​គំនិត​ខុសឆ្គង​នោះឡើយ ប៉ុន្តែ ត្រូវតែ​សម្គាល់​ឲ្យ​បាន​ច្បាស់​ថា គ្រប់​បុគ្គល​ទាំងអស់​មិនមែន​គ្រប់​ទង្វើ​សុទ្ធតែ​អាក្រក់​នោះឡើយ​។ ហេតុនេះ បុគ្គល​អាក្រក់​យ៉ាងណា ក៏​គង់តែ​មានតម្លៃ​ដែល​គួរ​យក​គំរូ​តាម​ដូចគ្នា​។ យ៉ាងណាមិញ មនុស្ស​ចាស់ អាច​ថា​លោក​មិនសូវមាន​ចំណេះដឹង មិនសូវ​យល់​ពី​សម័យ​ទំនើប​បែប​វិទ្យាសាស្ត្រ ដូច​យុវវ័យ​សម័យថ្មី ប៉ុន្តែ​លោក​ក៏​ជាវ​ត្តុ​ដែលមាន​តម្លៃ​រស់​ដូចគ្នា​។​

​ហេតុនេះ ការ​ពើងទ្រូង​របស់​ក្មេង​សម័យថ្មី ចំពោះ​មនុស្ស​ចាស់ គឺជា​ឥរិយាបថ​មួយ​ដែល​ត្រូវតែ​កែប្រែ ព្រោះ​គ្រប់យ៉ាង​មិនបាន​ធ្វើ​ឲ្យ​យុវជន​មានតម្លៃ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com