ភ្នំពេញ៖ រហូតមកដល់ឆ្នាំ២០១៩នេះ គេពិតជាមិនអាចមិនទទួលស្គាល់ថា ប្រទេសកម្ពុជាមានការរីកចម្រើនបានឡើយ។ ភស្តុតាងជាច្រើនបង្ហាញថា ប្រទេសកម្ពុជាកំពុងមានសន្ទុះឆ្ពោះទៅរកការរីកចម្រើន ជាក់ស្ដែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់រដ្ឋនិងឯកជន ដូចជា អគារសាធារណៈ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ អគាររបស់ក្រសួង ស្ថាប័នរដ្ឋដទៃទៀត អគារពាណិជ្ជកម្មឯកជន សំណង់លំនៅស្ថានឯកជន មធ្យោបាយធ្វើដំណើរ មធ្យោបាយដឹកជញ្ជូន និងសម្ភារៈប្រើប្រាស់ដទៃទៀត ដែលពោពេញដោយភាពទំនើបនិងប្រណីត ជាដើម។ ក្រៅពីនេះ មានសេវាផ្សេងៗ ដូចជា សេវាសាធារណៈ សេវាដឹកជញ្ជូន សេវាសុខាភិបាល សេវារដ្ឋបាល វិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ ជាដើម ក៏កំពុងមានការរីកចម្រើនដែរ។ បើទោះបីជានៅមានប្រជាពរដ្ឋខ្មែរមួយចំនួនមានជីវភាពក្រីក្រក៏ដោយ ក៏របៀបរស់នៅរបស់ពួកគេបានទទួលឥទ្ធិពលពីភាពទំនើបនៃសង្គមបច្ចុប្បន្ន ហើយពួកគេក៏ខិតខំប្រឹងប្រែងរស់នៅតាមរបៀបទំនើបនេះដែរ។ ទន្ទឹមនឹងការរីកចម្រើននិងការរស់នៅបែបទំនើបនេះ គេក៏សង្កេតឃើញថា មានពលរដ្ឋខ្មែរកាន់តែច្រើនជំពាក់បណុលគេ។ តើមានហេតុផលអ្វីខ្លះនៅពីក្រោយការជំពាក់បំណុលគេនេះ?
បរិបទនៃការរីកចម្រើនរបស់ពិភពលោកទាំងផ្នែកសម្ភារ និងស្មារតី បានជំរុញឱ្យមនុស្សផ្លាស់ប្ដូរការគិត ការសម្រេចចិត្ត ឥរិយាបថ ការប្រកបមុខរបរ និងរបៀបរស់នៅ របស់ខ្លួន។ សម័យកាលបច្ចុប្បន្ន ត្រូវបានគេចាត់ទុកថាជាសម័យកាលសាកលភាវូបនីយកម្ម ដែលមានលំហូរប្រពៃណី ទំនៀមទម្លាប់ ភាសា វប្បធម៌ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ នយោបាយ សេដ្ឋកិច្ច...ពីប្រទេសមួយទៅប្រទេសមួយ ជាពិសេស ពីប្រទេសខ្លាំងទៅប្រទេសខ្សោយ ពីប្រទេសអ្នកមានទៅប្រទេសអ្នកក្រ។
ស្ថិតក្នុងសម័យកាលនេះ ការប្រកួតប្រជែងខាងវប្បធម៌ មុខរបរ ពាណិជ្ជកម្ម សេដ្ឋកិច្ច សម្ភារ ប្រណីតភាព ការអភិវឌ្ឍ នយោបាយ និង យោធា...កំពុងមានសន្ទុះយ៉ាងខ្លាំង។ ជាទូទៅ ក្នុងការប្រកួតប្រជែងនេះ អ្នកពូកែ អ្នកឆ្លាត អ្នកខ្លាំង អ្នកមានបទពិសោធន៍ច្រើន គឺជាអ្នកឈ្នះ និងជាអ្នកទទួលផលប្រយោជន៍ច្រើនជាង។ ឯអ្នកខ្សោយ អ្នកល្ងង់ និង អ្នកគ្មានបទពិសោធន៍ច្រើនក្នុងការប្រកួតប្រជែង ដូចជា អ្នកគ្មានបទពិសោធន៍ក្នុងប្រើប្រាស់ប្រាក់កម្ចី ជាដើម បានក្លាយទៅជាអ្នកទទួលបានប្រយោជន៍តិចតួច ក្លាយជាអ្នកចាញ់ និង ជាអ្នករងគ្រោះ។
តាមពិតទៅនៅលើពិភពលោក ទាំងក្នុងវិស័យសាធារណៈ និងឯកជន ទាំងប្រទេសអ្នកមាន និងទាំងប្រទេសអ្នកក្រភាគច្រើន សុទ្ធតែជាប់បំណុលគេដូចគ្នា សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសអ្នកមាន និងជាមហាអំណាចដ៏ធំក៏ដោយ ក៏ជំពាក់បំណុលរបស់គេដែរ។ យ៉ាងណាមិញ ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍នោះ ក៏ជំពាក់បំណុលគេមិនតិចដែរ។
ដោយឡែកប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងឥទ្ធិពលសាកលភាវូបនីយកម្ម ដែលត្រូវតែចូលរួមក្នុងការប្រកួតប្រជែង និងការទទួលយកការរស់នៅបែបទំនើប ទាំងមិនទាន់បានតៀមខ្លួនរួចរាល់នោះ ក៏កំពុងតែជួបបញ្ហាជាច្រើនដែរ។ បញ្ហាទាំងនោះរួមមានដូចជា កង្វះបច្ចេកទេសក្នុងដំណើរផលិតកម្ម គុណភាពផលិតផល ឬទំនិញមានកម្រិត គុណភាពសេវាមានកម្រិត កង្វះទីផ្សារ កង្វះព័ត៌មាន និង ជាពិសេស គឺកង្វះដើមទុន ទាំងកម្រិតក្រុមហ៊ុន និងបុគ្គល។
កង្វះខាតទាំងនេះ រួមផ្សំជាមួយតម្រូវការក្នុងការប្រកួតប្រជែង និងការរស់នៅបែបទំនើបផងនោះ វាបានបង្កលក្ខណៈងាយស្រួល ឆ្លើយតបទៅនឹងកម្លាំងស្រូបទាញរបស់វិស័យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលកំពុងស្វែងរកអតិថិនជន ដើម្បីប្រើប្រាស់ឥណទានរបស់ខ្លួន ក្នុងបំណងពង្រីកប្រាក់ចំណេញ។ ការទទួលយកឥណទាន ឬ ប្រាក់កម្ចីមិនមែនជារឿងអាក្រក់ទេ សំខាន់ គឺថា តើអ្នកទទួលបានប្រាក់កម្ចីនោះចេះប្រើប្រាស់វា ឬអត់។ ប្រសិនបើអ្នកទទួលបានប្រាក់កម្ចីនោះ យកឥណទានទៅជាធ្វើជាដើមទុនក្នុងការរកស៊ី ហើយមុខរបររបស់ខ្លួនទទួលបានជោគជ័យ គេនឹងមើលឃើញថា ប្រាក់កម្ចីនោះមានប្រយោជន៍ចំពោះគេ ហើយគេអាចមានលទ្ធភាពបង្វិលប្រាក់សងធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុនោះវិញ ដោយគ្មានបញ្ហា។
ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលបានប្រាក់កម្ចីនោះ មិនបានយកឥណទានទៅជាធ្វើជាដើមទុនក្នុងការរកស៊ីទេ គឺគាត់យកទៅទិញរបស់ប្រើប្រាស់ផ្សេងៗ ដូចជា សម្ភារទំនើប ឬរថយន្ត ជាដើម ឬយកទៅធ្វើជាដើមទុនរកស៊ីដែរ តែត្រូវខាងបង់ដោយប្រកាណាមួយ គេនឹងត្រូវធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុនោះ រឹបអូសយកផ្ទះសម្បែង ឬដីធ្លី ដើម្បីទូទាត់សងបំណុលដែលខ្លួនជំពាក់តាមកិច្ចសន្យា។
តាមពិតទៅ ការជំពាក់បំណុលគេមិនមែនជារឿងចម្លែកទេ សម្រាប់បរិបទពិភពលោកបច្ចុប្បន្ន រួមទាំងកម្ពុជាផងដែរ ប៉ុន្តែ កូនបំណុលត្រូវតែដឹងច្បាស់ថា តើអ្វីជាចំណងនៃបំណុល តើត្រូវយកបំណុលទៅធ្វើអ្វី និងថាតើខ្លួនមានលទ្ធភាពគ្រប់សម្រាប់សងបំណុលគេដែរឬទេ។ បើមិនដូចនេះទេ កូនបំណុល នឹងប្រឈមមុខជាមួយបញ្ហាជាច្រើន ដូចជា ត្រូវអស់ផ្ទះសម្បែង ដីធ្លី របស់អ្វីមួយ ឬប្រឈមុខនឹងផ្លូវច្បាប់ជាដើម៕