ជាតិ
​អាជ្ញាធរ​ចង់យក​ស្រឡាង​ពី​អ្នក​លឿង មក​ចម្លង​អ្នកដំណើរ ពេល​ស្ពាន​ជ្រោយចង្វារ​ចាស់​ជួសជុល ២​ឆ្នាំ​
11, Aug 2016 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​យក​ស្រឡាង​ពី​កំពង់ចម្លង​អ្នក​លឿង មកប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចម្លង​អ្នកដំណើរ​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង នៅពេលដែល​ស្ពាន​ជ្រោយចង្វារ​ចាស់ ឬ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន នឹងត្រូវ​បាន​ផ្អាក​ការប្រើប្រាស់​រយៈពេល​២​ឆ្នាំ ដើម្បី​ជួសជុល នៅពេល​ខាងមុខ​។ សំណើ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ រវាង​សាលា​រាជធានី​ភ្នំពេញ ក្រសួង​សេដ្ឋកិច្ច ក្រសួង​សាធារណការ រួមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ជុំវិញ​គម្រោង​នៃ​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ។

 


​លោក ឃួ​ង ស្រេង អ្នកនាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា នៅពេលដែល​ស្ពាន​ជ្រោយចង្វារ​ចាស់ ចាប់ផ្តើម​ជួសជុល ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ប្រហែលជា​មិនអាច​ប្រព្រឹត្ត​ទៅដោយ​រលូន ដូច​ពីមុន​ឡើយ​។ លោក អះអាងថា ការធ្វើដំណើរ​តាម​ស្ពាន​ជ្រោយចង្វារ​ថ្មី ឬ​ស្ពាន​មិត្តភាព កម្ពុជា​-​ចិន តែមួយ នឹង​អាច​បង្ក​ឲ្យ​ការកកស្ទះ​ចរាចរណ៍​ជាមិនខាន​។ 

​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ អ្នកនាំពាក្យ​រូបនេះ បានស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ ក្នុង​កិច្ចប្រជុំ ឲ្យ​ពិចារណា ក្នុង​ការយក​ស្រឡាង​ពី​អ្នក​លឿង ដែល​កំពុង​ទុកចោល មកប្រើប្រាស់​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ ទម្រាំ​តែ​ស្ពាន​ជ្រោយចង្វារ​ចាស់ ត្រូវបាន​ជួសជុល​រួចរាល់​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ឥឡូវ​នៅ​អ្នក​លឿង យើង​មាន​ស្ពាន​ហើយ​។ យើង​មិន​ប្រើប្រាស់​សាឡាង​ទៀត​ទេ​។ អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ​យក​ស្រឡាង​មក​ប្រើ ដើម្បី​រំដោះ​ការស្ទះ​ចរាចរណ៍​»​។

​លោក វ៉ា សឹម​សូរិយា អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​គាំទ្រ​នឹង​គំនិត​របស់លោក ឃួ​ង ស្រេង​។ ប៉ុន្តែ សំណើ​ខាងលើ មិនទាន់​ត្រូវបាន​ភាគី​ពាក់ព័ន្ធ សម្រេច​យ៉ាងណា​នោះទេ ដោយ​លោក វ៉ា សឹម​សូរិយា អះអាងថា បញ្ហា​នេះ នឹងត្រូវ​លើក​ទៅ​ជជែក បន្ថែមទៀត​។ 

​ទាក់ទង​នឹង​ការ​រ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ​រូបនេះ  ពន្យល់ថា ការចំណាយ​ពេល​រហូត​ដល់​ទៅ​២​ឆ្នាំ​បែបនេះ គឺ​ដោយសារតែ​ភាគី​ទាំងអស់ ជាពិសេស​អ្នកបច្ចេកទេស ត្រូវការ​ពិនិត្យ​ឲ្យ​ម៉ត់ចត់ ចំពោះ​សភាព​ទ្រុឌទ្រោម​របស់​ស្ពាន មុខ​នឹង​សម្រេច​ចាប់ផ្តើម​ជូ​ស​ជុល​។ លោក​សង្កត់ធ្ងន់ៗ​ថា​៖«​បើ​ធ្វើ​ថ្មី​តែម្តង គឺ​ស្រួល​ទេ​។ តែ​ការជួសជុល​នេះ មិនមែនជា​ការងាយ​ទេ គឺ​យើង​ត្រូវការ​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​គ្រប់កន្លែង​ទាំងអស់​»​។

​អ្នកនាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​អ្នកនាំពាក្យ​នៃ​ក្រសួង​សា​ធាណ​ការ សុទ្ធតែ​មិនអាច​បញ្ជាក់បាន​ថា ការជួសជុល នឹងត្រូវ​ចំណាយ​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះទេ​។ អ្នកនាំពាក្យ​ទាំង​២​រូប គ្រាន់តែ​ប្រាប់ថា ស្ពាន​ជ្រោយចង្វារ​ចាស់ ត្រូវបាន​កសាងឡើង​ដោយ​ប្រទេស​ជប៉ុន ក្នុងសម័យ​សង្គមរាស្ត្រនិយម ដូច្នេះ​ម្ចាស់ជំនួយ​មួយ​នេះ នឹង​ចំណាយ​ទឹកប្រាក់​ក្នុងការ​ជួសជុល​។

​បើតាម​អ្នកនាំពាក្យ​នៃ​សា្ថ​ប័ន​ខាងលើ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គឺជា​អ្នកទទួល​ថវិកា​ពី​ភាគី​ជប៉ុន ដើម្បី​ចំណាយ​លើ​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​។ ប៉ុន្តែ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​សុំ​ការបំភ្លឺ​បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។

​សូមបញ្ជាក់ថា ដំណើរការ​នៃ​ការសិក្សា​និង​ការជួស​ជុស នឹង​ចាប់ផ្តើម​ពី​ខែមករា ឆ្នាំ​២០១៧ រហូតដល់​ខែមករា ឆ្នាំ​២០១៩​។ ក្នុងអំឡុងពេល​នៃ​ការជួសជុល​នេះ ស្ពាន​ជ្រោយចង្វារ​ចាស់ នឹងត្រូវ​បិទ ដោយ​មិន​ឲ្យ​ធ្វើដំណើរ​ឆ្លង​កាត់ឡើយ​៕


Tag:
 ស្ពាន​ជ្រោយចង្វារ​
  ជួស​ជុស​
  អ្នកនាំពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com