កីឡាជាតិ
ជាតិ
RIO: កីឡាការិនីម៉ារ៉ាតុន លី ណារី បញ្ចប់ចំណាត់ថ្នាក់​ទី​១៣៣ក្នុងចំណោម​១៥៧នាក់​
14, Aug 2016 , 10:54 pm        
រូបភាព
កីឡាការិនី លី ណារី នាពេលហ្វឹកហាត់កន្លងមក។ រូបថត NOCC
កីឡាការិនី លី ណារី នាពេលហ្វឹកហាត់កន្លងមក។ រូបថត NOCC
ដោយ: រួបរួម
កីឡាការិនី​ខ្មែរ​-​បារាំង លី ណា​រី ប្រើ​ថេរវេលា​៣ម៉ោង២០នាទី និង​២០​វិនាទី នា​ការប្រកួត​កីឡា​ម៉ារ៉ាតុន ផ្នែក​នារី ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ដែលមាន​ការចូលរួម​ពី​អត្ត​ព​លិ​ក​សរុប​១៥៧​នាក់​នៅ​ទីលាន Sambódromo ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល នា​ល្ងាច​ថ្ងៃអាទិត្យ​នេះ (​ម៉ោង​នៅ​កម្ពុជា​)​។​



​កម្ពុជា បង្ហាញខ្លួន​លើក​ទី​៩​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៥៦​មក ហើយ​កីឡាការិនី លី ណា​រី វ័យ​៤៤​ឆ្នាំ ជា​ស្ត្រី​កម្ពុជា​ទីមួយ​ដែល​ចូលរួម​ប្រកួត​វិញ្ញាសា​ម៉ារ៉ាតុន​នៅ​អូឡាំពិក​។​

កីឡាការិនីកេនយ៉ា Sumgong Jemima Jelagat ប្រើ​ថេរវេលា ២:២៤:០៤ ដើម្បី​ទទួល​បានមេដាយមាស កីឡាការិនីបារ៉ែនប្រើថេរវេលា ២:២៤:១៣ បានមេដាយប្រាក់ ខណៈ​កីឡាការិនីអេក្យូពី Dibaba Mare បានមេដាយសំរិទ្ធជាមួយ​នឹងថេរវេលា ២:២៤:៣០ ។

ជាមួយ​នឹងថេរវេលា ៣:២០:២០ កីឡាការិនី លី ណារី ស្ថិតនៅ​ចំណាត់ថ្នាក់​១៣៣ ក្នុងចំណោម​កីឡាការិនី​១៥៧នាក់ដែលបានចូលរួម​ប្រកួត។ កីឡាការិនី​ដែលស្ថិតនៅ​ក្រោម​កីឡាការិនី លី ណារី មាន​២៣នាក់ មិនបាន​ឈាន​ដល់​ទី​ផ្តាច់ព្រ័ត្រ ហើយ​១នាក់ មិន​បាន​ចាប់ផ្តើម​ការប្រកួត។

​កំណត់ត្រា​ល្អ​បំផុត​កន្លងមក​របស់​កីឡាការិនី លី ណា​រី គឺ ២:៥៩:៤២ (​ឯកសារ​ខ្លះ​ថា ២:៥៩:១២) ដែល​សម្រេចបាន​នា​ព្រឹត្តិការណ៍ Valencia Marathon នៅ​ក្រុង Valencia ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ។​

​ជាមួយគ្នានេះ កីឡាការិនី​៧​នាក់​ផ្សេងទៀត​ដែលមាន​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Valencia Marathon ក៏បាន​ប្រកួត​នៅ​ទីក្រុង Rio ជាមួយ​កីឡាការិនី លី ណា​រី ផងដែរ ក្នុងនោះ​មាន កីឡាការិនី​ណា​មី​ប៊ី Beata Naigambo កីឡាការិនី​អាហ្វ្រិក​ខាងត្បូង Christine Klamer កីឡាការិនី​ស្លូ​វេ​នី Daneja Grandovec កីឡាការិនី​អេ​ស្តូ​នី Lily Luik កីឡាការិនី​បូ​ស្នី Lucia Kimani កី​ឡ​ការិនី​ប្រេ​ស៊ី​ល Marilyn Dos Santos និង​កីឡាការិនី​ម៉ុង​តេ​ណេ​ហ្គ្រោ Sladana Perunovic ។​

​ម្ចាស់​កំណត់ត្រា​ពិភពលោក​លើ​វិញ្ញាសា​នេះ គឺ​កីឡាការិនី​អង់គ្លេស Radcliffe Paula ដែល​សម្រេចបាន ២:១៧:៤២ នា​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​ឆ្នាំ​២០០៥ រីឯ​ម្ចាស់​មេដាយ​ម្ចាស់​កំណត់ត្រា​អូឡាំពិក គឺ​កីឡាការិនី​អេ​ក្យូ​ពី Gelana Tiki ដែល​សម្រេចបាន ២:២៣:០៧ កាលពី​អូឡាំពិក​ក្រុង​ឡុង​ដ៍​ឆ្នាំ​២០១២៕



Tag:
 ម៉ារ៉ាតុន
  RIO 2016
  លី ណារី
© រក្សាសិទ្ធិដោយ thmeythmey.com