អន្តរជាតិ
អាមេរិក បង្ហាញកម្លាំងយន្តហោះ B-1, B-2 និងB-52 រួមគ្នានៅប៉ាស៊ីហ្វិក
× ក្នុងគោលដៅធានាសុវត្ថិភាពចំពោះសម្ព័ន្ធមិត្តនៅអាស៊ី ក៏ដូចជាការបង្ហាញសាច់ដុំនោះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទាំងបីប្រភេទរបស់កងកម្លាំងទ័ពអាកាសអាមេរិក នឹងហោះជុំគ្នាជាលើកដំបូងនៅតំបន់ប៉ាស៊ីហ្វិក។ ការប្រកាសពីការហោះហើរជុំគ្នានេះ ធ្វើឡើង ស្របពេលដែលភាពតានតឹងនៅតំបន់នេះ កំពុងឡើងកម្ដៅខ្លាំងដោយសារការប្រជែងឥទ្ធិពលក្នុងតំបន់ និងជម្លោះដែនទឹកដែលរួមបញ្ចូលសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរនោះ។
សហរដ្ឋអាមេរិកអះអាងថា យន្តហោះទម្លាក់គ្រាប់បែក B-1 B-2 និងB-52 នឹងបង្ហាញមុខជាមួយគ្នាជាលើកទីមួយ លើដែនអាកាសមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជាការបង្ហាញកម្លាំងផង និងជាការធានាពីជំហរខ្លួនដល់ដៃគូនៅអាស៊ីផង។ យន្តហោះ B-1 ដែលទៅដល់មូលដ្ឋានកោះ Guam កាលពីថ្ងៃទី៦ ខែសីហា នឹងជំនួសយន្តហោះចាស់វស្សា B-52 ក្នុងការបន្តរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់បែកនៅក្នុងតំបន់។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការប៉ាស៊ីហ្វិកនៃកងទ័ពអាមេរិកនិយាយដែរថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួនបីគ្រឿងទៀត ក៏បានទៅដល់មូលដ្ឋានលើកោះGuam ហើយដែរ ក្នុងគោលដៅដូចគ្នា គឺការបន្តវត្តមានយន្តហោះយុទ្ធសាស្ត្រ និងពង្រឹងកម្លាំង។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា វត្តមាន B-1 និងB-2 គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រយូរអង្វែង ក្នុងការរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់បែកនៅតំបន់ប៉ាស៊ីហ្វិកឥណ្ឌូចិន ដើម្បីរក្សាស្ថិរភាពក្នុងតំបន់។
ចំណែករដ្ឋមន្ត្រីកងទ័ពអាកាស លោកស្រី Deborah Lee James បានសរសេរលើទំព័រTwitter របស់លោកស្រី ថា៖« នេះជាលើកទីមួយ ដែលយន្តហោះ B-52, B-1 និង B-2 ធ្វើប្រតិបត្តិការរួមគ្នាលើដែនបញ្ជារបស់ទីបញ្ជាការប៉ាស៊ីហ្វិក។» នេះបើយោងតាមការផ្សាយរបស់កាសែត The Japanese Times។
តាមពិតទៅ ការហោះហើររួមគ្នាជាលើកដំបូងរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រទាំងបីនេះ គឺហាក់ដូចជាចំពេលដែលការប្រឈមមុខកាន់តែខ្លាំងរវាងអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយនឹងគូប្រជែងចិន និងកូរ៉េខាងជើង។ កាលពីពេលថ្មីនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួន ដែលនោះជាលើកដំបូងមីស៊ីលក្រុងព្យុងយ៉ាង ធ្លាក់ចូលដែនទឹករបស់ជប៉ុន ដែលធ្វើឲ្យជប៉ុន បារម្ភយ៉ាងខ្លាំង។
ទន្ទឹមគ្នានឹងសកម្មភាពកូរ៉េខាងជើង ចិនឯណោះ ក៏បញ្ចេញសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងផងដែរ។ ទាំងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត តំបន់សមុទ្រទាំងពីរនេះសុទ្ធតែជាចំណុចជម្លោះដែលរសើប និងក្ដៅគគុករវាងចិន និងបណ្ដាសម្ព័ន្ធមិត្តក្នុងតំបន់របស់អាមេរិក មានជប៉ុន និងហ្វីលីពីនជាដើម៕
Tag:
អាមេរិក
ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com