ពីនេះ ពីនោះ
តើ​ពាក្យ​«​លប់​»​និង​«​លុប​»​ត្រូវ​ប្រើ​ខុសគ្នា​ដូចម្ដេច​?
20, Aug 2016 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការប្រើប្រាស់​ភាសា​ខ្មែរ ចំពោះ​ពាក្យ​ថា​«​លប់​» និង​ពាក្យ​«​លុប​» អាចធ្វើ​ឲ្យ​សាធារណជន​មួយចំនួន​នៅមាន​ការច្រឡំ ដោយ​ពេលខ្លះ​ប្រើពាក្យ​«​លប់​»​ជាមួយ​ពាក្យ​ដែល​មិនត្រូវ​ប្រើ​វា ហើយ​ពេលខ្លះ​ប្រើពាក្យ​«​លុប​» នៅ​ជាមួយ​ពាក្យ​ដែល​ត្រូវ​ប្រើ​ជាមួយ​ពាក្យ​«​លប់​»​ទៅវិញ​។ វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​ភាពខុសគ្នា​នៃ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖


 
​ពាក្យ​«​លប់​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជា​ប្រដាប់​ចាប​សត្វ​មួយ​ប្រភេទ មាន​សណ្ឋាន​ជា​ទ្រុង រុំ​ស្លឹកឈើ​ស្រស់​មាន​ប៉ែក​ដាក់​បក្សី​ធ្លាក់ មាន​ប៉ែក​សំណាញ់ មាន​គន្លឹះ​ថ្លោះ​បាន សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញធ្នាក់​។ ឧទាហរណ៍ លប់លលក​, លប់ទទា​, លលក​ព្រៃ​ជាប់​លប់ ជាដើម​។  
 
​ចំណែក​ពាក្យ​«​លុប​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​បាត់​ស្នាម​, ឲ្យ​បាត់​គំនូស​, ឲ្យ​បាត់​លំ​អាន​, ឲ្យ​បាត់​រូប​, ឲ្យ​បាត់ឈ្មោះ​, ធ្វើ​ឲ្យ​វិនាស​, ធ្វើ​ឲ្យ​សូន្យ​។ ឧទាហរណ៍ លុបអក្សរ​, លុបដាន​, លុបឈ្មោះ​,...​ជាដើម​។ ប្រើ​ក្នុងន័យ​បំពេញ​, ជម្រៅ​, រណ្ដៅ​ឲ្យ​បាត់ៈ លុបរណ្ដៅ​, បំពេញ​ក្រហូង​, លុបអណ្ដូង​...​។ ប្រើ​ក្នុងន័យ​លាង​សម្អាត​, ជម្រះ​ស្រលាប​ដោយ​ទឹក​៖ លុបមុខ​, លុបខ្លួន​។ ក្នុងនោះដែរ បើ​ប្រើ​ក្នុង​ប្រើប្រាស់​សម្ដី​ផងដែ​រៈ សម្ដី​លុប​លើ​, សំឡេង​លុប​លើ​គេ​ទាំងអស់​។ ពាក្យ «​លុប​» នេះ​បើ​ប្រើ​ក្នុងន័យ​និយាយ​ពី​គុណ គេ​និយាយថា លុបគុណ នៅ​មានន័យថា បំបាត់​គុណ​គឺ​បំបាត់​ឲ្យ​លេច​ឮថា​គេ​មានគុណ​ចំពោះ​ខ្លួន​។ 
 
​ក៏ប៉ុន្តែ​ចំពោះ​ពាក្យ​«​ព្រលប់​»​និង​«​ព្រលុប​» មួយណា​ត្រឹមត្រូវ​? ចំពោះ​ពាក្យ​នេះ ទោះបី​ពាក្យ​ថា​«​លុប​»​មានន័យថា ធ្វើ​ឲ្យ​បាត់​រូប តែ​មិនអាច​សរសេរថា​«​ព្រលុប​»​ទេ​។ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ត្រូវ​សរស​រថា «​ព្រលប់​»​ដែល​មានន័យថា ពេលដែល​ទើបនឹង​យប់​។​
 
​ចំណែក​ពាក្យ​«​លុប​»​វិញ គឺ​មានន័យ​ដូចនឹង​ពាក្យ​ថា «​លោប​»​ផងដែ​រៈ ការលុបចោល​, ការបំបាត់ មិន​ឲ្យ​មាន​។​
​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត 
 

© រក្សាសិទ្ធិដោយ thmeythmey.com