ពីនេះ ពីនោះ
ពាក្យ​«​វា​ជា​ចរិត​ធម្មជាតិ​ខ្ញុំ​» អាចជា​ថ្នាំ​ពិស​ធ្វើ​ឲ្យ​មិត្តភាព​ផុយស្រួយ
20, Aug 2016 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្វី​ជា​មិត្តភាព​? មនុស្ស​បង្កើត​មិត្តភាព​មក​ដើម្បី​អ្វី​? ហេតុអ្វី​ចាំបាច់​មាន​មិត្ត​? ទាំងនេះ គឺជា​សំណួរ​ដែល​បុគ្គល​គ្រប់រូប​ត្រូវ​សួរ មុន​ខ្លួន​ចាប់ផ្ដើម​បង្កើត​មិត្តភាព​ជាមួយ​អ្នកផ្សេង​។ ប៉ុន្តែ​ក្រោយពេល​បង្កើតជា​មិត្តភក្តិ  តើ​ពាក្យ​«​វា​ជា​ចរិត​ធម្មជាតិ​របស់ខ្ញុំ​!» គួរ​និយាយ​ឬ​យ៉ាងណា​?


 
​និយាយ​ពី​មិត្តភាព​មិនមែនជា​រឿង​ដែល​សាមញ្ញ ប៉ុន្តែ​វា​គឺជា​ទំនាក់ទំនង​ស្មុគស្មាញ​មួយ ដែល​ផ្សារភ្ជាប់​ជាមួយ អារម្មណ៍ ចិត្ត សកម្មភាព គំនិត ប្រហាក់ប្រហែលគ្នា ទើប​អាច​និយាយបានថា​ជា​មិត្តភាព​មួយ​ដែល​ល​យល់ចិត្ត​ថ្លើម​គ្នា​បាន​។ មិត្តភាព​វា​គឺជា​សេចក្ដីស្រឡាញ់​មួយ  ប៉ុន្តែ​វា​មិនមែនជា​សេចក្ដីស្រឡាញ់​ក្នុងន័យ​ស្នេហា​ដូច​ប្រុស​ស្រី​នោះទេ​។ 
 
​ជាការ​ពិតណាស់ ការ​រាប់អាន​មិត្តភក្តិ គឺ​តែងតែមាន​គោលដៅ​ពីរ​ទាំងអស់ គឺ​ចង់បាន​ប្រយោជន៍​ពី​មិត្តភាព និង​ផ្ដល់​ប្រយោជន៍​តាមរយៈ​មិត្តភាព​ទៅ​ឲ្យ​មនុស្ស​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​។ ប្រសិនបើ ភាគី​ណាមួយ មិនអាច​បំពេញតម្រូវកា​រដែ​ល គេ​ចង់បាន ឬ​ផ្ទុយ​ពី​ការគិត​របស់គេ មិត្តភាព​នោះ​ក៏​ងាយ​ប្រះ​ឆារ​នោះដែរ​។ ហេតុផល​បែបនេះ​អាចមាន​អ្នកប្រឆាំង​ថា មិន​ត្រឹមត្រូវ ព្រោះ​មិត្តភាព​ពិត គេ​មិន​ទាមទារ​ផលប្រយោជន៍​នោះទេ​។ ប៉ុន្តែ​បើ​អះអាង​បែបនេះ​នោះ​គឺជា​គំនិត​មិន​ត្រឹមត្រូវ​ព្រោះ មិត្តភាព​ប្រភេទ​ណាក៏ដោយ​ក៏​មិនមែនជា​មិត្តភាព​សុ​ក្រិត ឥតខ្ចោះ​នោះដែរ​។​
 
​ការបកស្រាយ​ពីអ្វី​ទៅ​ដែល​ហៅថា​មិត្តភាព​ពិតណាស់​គឺ​វា​មាន​ភាពស្មុគស្មាញ​។ ប៉ុន្តែ​បើសិនជា​ក្លាយជា អ្នកសម្រេចចិត្ត​កសាង​ទំនាក់ទំនង​ជាមួយគ្នា​ហើយ គ្រប់​បុគ្គល​ទាំងអស់​គួរ​នាំគ្នា​ពិចារណា​ទៅលើ​សកម្មភាព​មួយ ពាក្យ​មួយ​ឃ្លា ដែល​មនុស្ស​ទូទៅ​តែងតែ​និយាយ ទៅកាន់​មិត្តភក្តិ​របស់ខ្លួន​នោះ​គឺ​ពាក្យ​ថា «​ចរិត​ធម្មជាតិ​»​។ 
 
​ព្រោះ​តែង​ចង់​ឲ្យ​មិត្តភក្តិ​ស្គាល់​ពី​ខ្លួន គោរព​ខ្លួន ខ្លាច​ខ្លួន និង​ឲ្យ​តម្លៃ​ខ្លួន ស្ទើរ​គ្រប់គ្នា បាន​យកពាក្យ​ថា «​វា​ជា​ចរិត​ធម្មជាតិ​របស់ខ្ញុំ​», «​ដឹង​ស្រាប់​ហើយ​ចរិត​ខ្ញុំ​គឺ​អ៊ីចឹង​!» «​ចរិត​ខ្ញុំ​គឺ​មិន​ឲ្យ​អ្នកណា​ខ្សែលើ​ទេ​!»...​មក​និយាយ​។ ជាការ​ពិត​ពាក្យ​ទាំងនេះ​មិន​ទាស់ខុស​នោះទេ ព្រោះ​ដើម្បី​ឲ្យ​មិត្តភក្តិ​គាត់​បានដឹង​ហើយ ថ្ងៃក្រោយ​កុំ​ឲ្យ​ធ្វើ​បំពាន់​លើ​ចរិត​ធម្មជាតិ​ទាំងនោះ​។ ក៏ប៉ុន្តែ នៅពេលដែល​ភាគី​ណាមួយ​និយាយ​ពី​«​ចរិត​ធម្មជាតិ​»​ខ្លួន​មានបាន​ពិចារណា​ទេ​ថា មិត្តភក្តិ​ដែល​ខ្លួន​កំពុងតែ​រាប់អាន​ក៏មាន​ចរិត​ធម្មជាតិ​ផ្ទាល់ខ្លួន​ដូចគ្នា​។ ហេតុនេះ នៅក្នុង​ជីវិត​ទំនាក់ទំនង​មិត្តភក្តិ បើ​អាច​ជៀសបាន «​ចរិត​ធម្មជាតិ​» គួរ​ណាស់​កុំ​យកមក​លាយឡំ​ជាមួយ ប៉ុន្តែ​ព្យាយាម​ប្រើ​គំនិត និង​ភាពបត់បែន ក្នុង​មិត្តភាព​នោះ​ទើប​ជាការ​ប្រសើរ​។ 
 
​ជារួម​មក គំនិត​អាត្មានិយម ដែល​ចង់​ឲ្យ​អ្នកដទៃ​មក​បំពេញ​ឲ្យ​ខ្លួន ប៉ុន្តែ​មិន​ព្រម​ស្វែងយល់​ពី​ខ្លួនឯង​ដើម្បី​បំពេញ​ឲ្យ​គេ​ផង វា​គឺជា​មាគ៌ា​ផុស​ស្រួយ​នៅក្នុង​ជីវិត​មិត្តភាព​។ រូបភាព​បែបនេះ មិនមែន​ត្រឹមតែ​មិត្តភក្តិ​ធម្មតា​នោះទេ ប៉ុន្តែ គូសង្សារ ប្ដី​ប្រពន្ធ បងប្អូន សាច់ញាតិ មិត្ត​រួមការ​ងារ ក៏ត្រូវ​ពិចារណា​ផងដែរ​ពី​រូបភាព​បែប​នោះ​។ មូលដ្ឋាន​ពិចារណា និង​ការយោគយល់​គ្នា ទើប​ជា​ផ្លូវ​ដែល​ត្រឹមត្រូវ​ពិត​។​

© រក្សាសិទ្ធិដោយ thmeythmey.com