ពីនេះ ពីនោះ
ពាក្យថា«កុំក្បត់ឆន្ទៈរាស្ត្រ» មិនមែនជាសញ្ញាល្អដើម្បីឲ្យជាតិមានសាមគ្គីទេ
× ភ្នំពេញ៖ នៅពេលដែលប្រជាពលរដ្ឋម្នាក់ៗស្រែកថា «ចូលអ្នកនយោបាយកុំក្បត់ឆន្ទៈរាស្ត្រ» ពេលខ្លះស្ដាប់ទៅពិតជារឿងដែលសាមញ្ញ ងាយស្រួលយល់។ ព្រោះពាក្យទាំងនេះមានន័យថា ឲ្យអ្នកនយោបាយធ្វើអ្វីទៅតាមបំណងប្រាថ្នាពិតរបស់រាស្ត្រដែលចង់បាន ។
ប៉ុន្តែ បើសិនជាគេគិតអំពីអត្ថន័យនៃពាក្យ ឆន្ទៈ និងសភាពជាក់ស្ដែង ឬតថភាពរបស់មនុស្សនៅក្នុងសង្គមគឺវាមិនដូចគ្នានោះទេ។ ព្រោះថានៅក្នុងសង្គម មានអ្នកមាន មានអ្នកក្រ មានក្រុមបញ្ញវន្ត មានក្រុមយុវជនដែលមានកម្រិតផ្នែកចំណេះដឹងខ្ពស់ និងទាប មានប្រជាកសិករ មានកម្មករ មានអ្នកជំនួញ មានមន្ត្រីរាជការ មានមន្ត្រីសង្គមស៊ីវិល និយាយរួមគឺមានលក្ខណៈចម្រុះនៃស្ថានភាព របស់ប្រជាជន។
ហេតុនោះហើយនៅពេលនិយាយអំពី«ឆន្ទៈរាស្ត្រ» នោះមានន័យថា គឺនិយាយអំពីគោលបំណងរបស់រាស្ត្រ សេចក្ដីប្រាថ្នា និងការយល់ឃើញរបស់រាស្ត្រ។ ប៉ុន្តែតើអ្នកនយោអាចបំពេញឆន្ទៈរាស្ត្របានទេ? សំណួរនេះគឺជាសំណួរដែលពិបាកនៅក្នុងការឆ្លើយ ព្រោះថា មនុស្សម្នាក់មានឆន្ទៈផ្ទាល់ខ្លួនមួយ ចុះមនុស្សមួយប្រទេស ថែមទាំងមានប្រភព មានស្ថានភាពសេដ្ឋកិច្ច មានតួនាទី មានមុខរបរ...ផ្សេងៗគ្នា ជាច្រើនលានអ្នក នោះក៏មានន័យថា ពួកគេក៏មានឆន្ទៈផ្ទាល់ខ្លួនរៀងៗខ្លួននោះដែរ។ ហេតុនេះបើសិនជាអ្នកនយោបាយណា អាចនិយាយបានថា ខ្លួនអាចបំពេញឆន្ទៈរាស្ត្របាន នោះប្រហែលជាចម្លើយធំហួសពីសមត្ថភាពគាត់ហើយ។
ផ្ទុយមកវិញ ប្រជារាស្ត្រក៏ត្រូវស្វែងយល់វិញថា គ្មានអ្នកណាម្នាក់អាចមកបំពេញឆន្ទៈខ្លួនបាននោះទេ។ ហេតុនេះ មិនគួរនាំគ្នាទៅស្រែក ឲ្យអ្នកនយោបាយ ឬរដ្ឋាភិបាលមកបំពេញឆន្ទៈរាស្ត្រ កុំក្បត់ឆន្ទៈរាស្ត្រនោះដែរ។ ព្រោះថា អ្នកគាំទ្ររដ្ឋាភិបាលក៏បង្ហាញពីឆន្ទៈរាស្ត្រ គាំទ្របក្សប្រឆាំងក៏ជាឆន្ទៈរាស្ត្រ អ្នកមិនគាំទ្រខាងណា ក៏បង្ហាញពីឆន្ទៈរាស្ត្រដូចគ្នា។ ពេលនោះ សំណួរសួរថា តើឲ្យអ្នកនយោបាយ និងរដ្ឋាភិបាលទៅបំពេញឆន្ទៈរាស្ត្រខាងណា?
ក៏ប៉ុន្តែក្នុងនាមជាប្រជាជាតិនៃសង្គមមួយ គួរណាស់នាំគ្នាដាក់សម្ពាធដល់អ្នកនយោបាយ អ្នកដឹកនាំ ឲ្យធ្វើនយោបាយ និងដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងរៀបចំសង្គមទៅតាមបរិបទនៃតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ មិនថាប្រជារាស្ត្រដែលមាននិន្នាការនយោបាយខុសគ្នានោះទេ។ ជាក់ស្ដែងអ្នកក្រគឺចង់មានបាន អ្នកស្រែគឺចង់បង្កើនផលកសិកម្ម អ្នកជំនួញគឺចង់ឲ្យរបររកស៊ីមានស្ថេរភាព កម្មករចង់មានការងារធ្វើមានប្រាក់ខែសមរម្យ បញ្ញវន្តចង់បានការងារសមរម្យតាមសមត្ថភាព មន្ត្រីរាជការចង់បានប្រាក់ខែអាចចិញ្ចឹមជីវិតបានស្រួល។ ប្រជាពលរដ្ឋទូទៅចង់ឲ្យជីវិតរស់នៅក្នុងសង្គមដែលមានសុខសន្តិភាព គ្មានការគាប់សង្គត់ គ្មានការបំបិទសិទ្ធិសេរីភាព មានការធានាសេវាសាធារណៈបានល្អ មានភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ខ្លួន និងចង់ឃើញប្រទេសជាតិមានអធិតេយ្យភាពជាដើម។ល។ សារទាំងនេះទើបមានប្រសិទ្ធភាព និងចំគោលដៅពិត។
ជារួមមក ពាក្យឆន្ទៈរាស្ត្រ នេះពេលខ្លះស្ដាប់ទៅ ប្រហែលជាមិនអាចឲ្យប្រជាជនក្នុងប្រទេសមួយនេះមានភាពសាមគ្គីជាមួយគ្នាបាននោះទេ។ ព្រោះឆន្ទៈរាស្ត្រប្រាកដណាស់ គឺទោទន់ទៅតាមអ្វីដែលពួកគេចង់បានដែលមានលក្ខណៈជាបុគ្គលមិនមែនជារួមនោះទេ។ ហើយបើនិយាយក្នុងបរិបទ នយោបាយវិញ ឆន្ទៈរាស្ត្រគឺប្រាកដជាមានទំនោរទៅរកបក្សនយោបាយដែលខ្លួនពេញចិត្ត។ ទីបំផុតរាស្ត្រនៅក្នុងប្រជាជាតិមួយនេះមិនអាចមើលឃើញពីចំណុចរួមបានទេ។ ផ្ទុយទៅវិញ ប្រជាជនទូទៅគួរណាស់រួមគ្នា បញ្ចេញសំឡេងសាមគ្គីទាញអ្នកនយោបាយ អ្នកដឹកនាំប្រទេស ឲ្យបំពេញតួនាទីរបស់ខ្លួនទៅតាមការកំណត់របស់ច្បាប់ នោះទើបមានភាពប្រសើរជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com