អន្តរជាតិ
អ្នកនេសាទ​ហ្វីលីពីន​ទុក​គជ់​យក្ស​ចោល​ក្រោម​គ្រែ​អស់​ជាង​១០​ឆ្នាំ​
27, Aug 2016 , 9:19 am        
រូបភាព
ដោយ: ធីតា
អ្នកនេសាទ​ហ្វីលីពីន​ម្នាក់ បាន​រក្សាទុក​គជ់ខ្យង​ដ៏​ធំ​បំផុត​លើ​ពិភពលោក ទុក​ក្រោម​គ្រែ​របស់ខ្លួន​អស់​ជាង​១០​ឆ្នាំ ដោយសារ​គាត់​មិនបាន​ដឹង​ពី​តម្លៃ​មហាសាល​របស់​វា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​


​កាលពី​ជាង​១០​ឆ្នាំមុន អ្នកនេសាទ បាន​រកឃើញ​គជ់ខ្យង​យក្ស​ដែល​នៅក្បែរ​ទូក​របស់ខ្លួន​នៅ​កោះ Palawan ដែលជា​កោះធំ​ជាងគេ​នៅ​ភាគ​ខាងលិច​ប្រទេស​ហ្វីលីពីន​។

​អ្នកស្រី Cynthia Amurao អ្នកទទួលបន្ទុក​ផ្នែក​ទេសចរណ៍​ប្រចាំ​ក្រុង Puerto Princesa បានបញ្ជាក់​ប្រាប់​ទូរទស្សន៍ CNN ថា គជ់ខ្យង​នោះ មាន​ទម្ងន់​រហូតដល់​ទៅ ៣៤​គីឡូក្រាម និង​មានតម្លៃ​រាប់លាន​ដុល្លារ​អាមេរិក​។​

​អ្នកនេសាទ បាន​យក​គជ់​ដែលមាន​តម្លៃ​មហាសាល ទុកចោល​ក្រោម​គ្រែ​របស់ខ្លួន ដោយ​គ្រាន់តែ​ចាត់ទុកថា វា​ជាវ​ត្ថុ​ត្រជាក់ត្រជុំ​ប៉ុណ្ណោះ​។ គាត់​មិន​បានដឹង​ពី​តម្លៃ​ដ៏​មហាសាល​របស់​វា​នោះឡើយ​។​

​កាលពី​ខែកក្កដា កន្លងទៅ ក្មួយប្រុស​របស់​អ្នកនេសាទ បាន​យក​គជ់​ទៅ​បង្ហាញ​ម្តាយមីង​ម្នាក់ទៀត​របស់ខ្លួន​គឺ​អ្នកស្រី Amurao​។ អ្នកស្រី Amurao បាន​ស្នើសុំ​អ្នកនេសាទ​ដែលជា​សាច់ញាតិ​របស់ខ្លួន​ឲ្យ​យក​គជ់ខ្យង​បង្ហាញ​ជា​សាធារណៈ និង​ដើម្បី​ឲ្យ​បានដឹង​ពី​តម្លៃពិត​ប្រាកដ​របស់​វា​។​

​គជ់ខ្យង​ត្រូវបាន​វេច​ខ្ចប់​ផ្ញើ​ទៅ​សាលាក្រុង Puerto Princesa ដើម្បី​រង់ចាំ​អ្នកជំនាញ​ធ្វើការ​វាយតម្លៃ​។ អ្នកនេសាទ​នៅតែ​ម្ចាស់​កម្មសិទ្ធិ​ផ្តាច់​មុខរប​ស់​គជ់ខ្យង​នោះ ពីព្រោះ គាត់​មិនបាន​ប្រកាស​ប្រគល់​ឲ្យ​អាជ្ញាធរ​ដែនដី​នោះឡើយ​។​

​ឈ្មោះ​អ្នកនេសាទ និង​ប្រភព​ច្បាស់លាស់​នៃ​គជ់ខ្យង​ដ៏​ធំ​នោះ មិនត្រូវ​បង្ហើប​ឲ្យ​ដឹង​នៅឡើយ​ទេ​។ បច្ចុប្បន្ន «​គជ់ Allah» ឬ «​គជ់ Lao Tzu» ដែលមាន​ទម្ងន់​១៤​គីឡូក្រាម ជាប់​ឈ្មោះ​ជា​គជ់​ដែលមាន​ទំហំ​ធំជាងគេ​។ គជ់​នេះ ត្រូវបាន​រកឃើញ​កាលពី​អំឡុង​ឆ្នាំ​១៩៣០ នៅ​កោះ Palawan ដូចគ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com