ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រំដែន​៖ កម្ពុជា​-​វៀតណាម កំពុង​ប្រជុំ​ពិនិត្យ​ឯកសារ​ស្នើសុំ​ជំនួយ​ពី​បារាំង
29, Aug 2016 , 9:53 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម កំពុងបើក​កិច្ចប្រជុំ​ចង្អៀត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៩ សីហា នេះ  ដើម្បី​ពិភាក្សាគ្នា​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​លើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គីម​ហុង និង​ភាគី​វៀតណាម​ដឹកនាំ​លោក Le hoai trang អនុរដ្ឋមន្ត្រី​កាបរទេស ទទួលបន្ទុក​កិច្ចការ​ព្រំដែន​។ ប៉ុន្តែ​មិនទាន់​អាច​បញ្ជាក់​ពី​របៀបវារៈ​ជុំវិញ​កិច្ចប្រជុំ​នេះ ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ ។​


​តែ​យ៉ាងណា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​លោក វ៉ា គីម​ហុង ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃទី​១៩ សីហា កន្លងមក​ថា កិច្ចប្រជុំ​ចង្អៀត​នេះ គឺ​កម្ពុជា​និង​វៀតណាម នឹង​ត្រួតពិនិត្យ​រួមគ្នា​លើ​ឯកសារ​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង ដើម្បី​សុំ​ជំនួយ​បច្ចេកទេស ដោះស្រាយ​លើ​ចំណុច​ខ្វែងគំនិត​គ្នា នៃ​បញ្ហា​ព្រំដែន​ប្រទេស​ទាំងពីរ​។ បើតាម​លោក វ៉ា គីម​ហុង ក្រៅពី​ពិនិត្យ​លើ​ឯកសារ​នេះ ភាគី​ទាំងពីរ​ក៏​នឹង​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួនទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​ព្រំដែន​នេះ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​បោះបង្គោល​ព្រំដែន កាលពី​ឆ្នាំ​២០០៦​មក ក្នុង​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ប្រវែង​១២៧០​គីឡូម៉ែត្រ ដោយ​កំណត់​បោះបង្គោល​ព្រំដែន​ចំនួន​៣៧៥​បង្គោល​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បានបង្ហាញ​កាល​ឆ្នាំ​២០១៥​ថា កម្ពុជា​-​វៀតណាម បាន​បោះបង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ ពោលគឺ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ នៅសល់​១៧​ភាគរយ​ទៀត​ប៉ុណ្ណោះ​៕
 

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com