ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ប្រកាស​ឲ្យ​ពលរដ្ឋ​ជួបជុំ​និង​ដាក់​ញត្តិ​ដល់​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ប៉ារីស​នៅ​ថ្ងៃ​ចន្ទ​
04, Sep 2016 , 5:16 pm        
រូបភាព
លោក អេង ឆៃអ៊ាង កំពុងថ្លែងទៅកាន់អ្នកគាំទ្រនៅស្នាក់ការកណ្តាលបក្សកាលពីពេលកន្លងទៅ។
លោក អេង ឆៃអ៊ាង កំពុងថ្លែងទៅកាន់អ្នកគាំទ្រនៅស្នាក់ការកណ្តាលបក្សកាលពីពេលកន្លងទៅ។
ដោយ:
​សមាជិកភាព​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ចន្ទ​ទី ៥ ខែកញ្ញា ដើម្បី​ប្រាប់​ប្រទេស​ទាំងនោះ​ថា រដ្ឋាភិបាល​កម្ពុជា ដើរ​ខុសពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី ២៣ ខែតុលា​។ តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ភ្ញាក់ផ្អើល​នោះឡើយ​។​



​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៥ ខែកញ្ញា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច ជាពិសេស​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ស្នាក់ការ​គណបក្ស​នៅ​ថ្ងៃទី ៤ ខែកញ្ញា ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ប្រាប់​ប្រទេស​ទាំងនោះ​ថា រដ្ឋាភិបាល​បច្ចុប្បន្នកំពុង​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​បក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ប្រទេស​ទាំងនោះ ដាក់​សម្ពាធ​មកលើ​រដ្ឋាបាល​ឲ្យ​គោរព​កិច្ចព្រមព្រៀង និង​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​មេដឹកនាំ​ទាំងពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​កាន់អំណាច​។​
 
​លោក អេង ឆៃអ៊ាង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មកជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​ច្រើន ហើយ​នៅ​ម៉ោង ១០ កន្លះ ព្រឹក​ថ្ងៃទី ៥ ខែកញ្ញា សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​ទាំងនោះ​។​
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​ចាប់អារម្មណ៍​នឹង​គម្រោង​ដាក់​ញត្តិ​របស់​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ លោក​ថា ប្រទេស​ទាំងនោះ នឹងមិន​ធ្វើតាម​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ព្រោះ​ខុសពី​តួនាទី​របស់ខ្លួន​។ លោក ឥសាន ពន្យល់ ប្រទេស​ហត្ថលេខី​ទាំងនោះ លូកដៃ​បាន លុះត្រាតែ​កម្ពុជា ត្រូវ​បរទេស​ឈ្លានពាន​បូរណភាព​ទឹកដី និង​អធិបតេយ្យ​។​
 
​សម្រាប់​លោក សុខ ឥសាន រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខសន្តិភាព គ្មាន​កា​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ និង​កិច្ច​ព្រៀម​ព្រៀង​ទីក្រុង​ប៉ារីស​ដូច​ការចោទប្រកាន់​រប​ស់​គណបក្សប្រឆាំង​ឡើយ​៕
 

Tag:
 អេង ឆៃអ៊ាង
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com