អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តើ ចិន ពិត​ជា​ចង់​បំបាក់មុខ​លោក អូ​បា​ម៉ា ក្នុង​កិច្ចប្រជុំ G-20 នៅ​ហាង​ចូ​វ​?
05, Sep 2016 , 10:44 am        
រូបភាព
 
 
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទៅដល់​ទីក្រុង​ហាង​ចូ​វ នៅ​ថ្ងៃទី​៣ ខែ កញ្ញា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G-20) នៅ​ទីនោះ ដែលជា​ការចូលរួម​លើកចុងក្រោយ​របស់លោក មុនពេល​ផុត​អាណត្តិ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ មេដឹកនាំ​អាមេរិក មិន​បានទទួល​បដិសណ្ឋារកិច្ច​កម្រាលព្រំ​ក្រហម ដូច​មេដឹកនាំ​ដទៃទៀត​ឡើយ ហើយ​មន្ត្រី​អាមេរិក និង​មន្ត្រី​ចិន ក៏​ប៉ះ​សម្ដី​គ្នា​មួយ​ប្រាវ​ទៀត​។​

 
​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ក្រុង​ហាង​ចូ​វ ដើម្បី​ចូលរួម​កិច្ចប្រជុំ G-20 បានចាប់ផ្ដើម​ឡើង​យ៉ាង​សោះអង្គើយ ដ្បិត​គ្មាន​កម្រាលព្រំ​ក្រហម គ្មាន​ជណ្ដើរ​យន្តហោះ សម្រាប់​ទទួល​ប្រមុខរដ្ឋ​អាមេរិក​ឡើយ​។ ហើយ​នៅពេល​ទៅដល់​ក្រុង​ហាង​ចូ​វ​ភ្លាម ទីប្រឹក្សា​សន្តិសុខ​អាមេរិក និង​មន្ត្រី​ចិន ក៏​ទាស់សម្ដី​គ្នា​មួយ​ភ្លែត​ដែរ ដែល​បញ្ហា​ទាំងនេះ​អាច​ជាការ​បន្ទាប​កិត្តិយស​ប្រធានាធិបតី​អាមេរិក​។​
 
​រឿងរ៉ាវ​ទាំងអស់ ផ្ដើម​ពេល​យន្តហោះ​ប្រធានាធិបតី​អាមេរិក Air Force One ទៅដល់​ព្រលានយន្តហោះ​ក្រុង​ហាង​ចូ​វ​។ ផ្ទុយ​ពី​បែបបទ​ពិធីការ​ទូទៅ គេ​មិនឃើញ​មាន​ជណ្ដើរ​សម្រាប់​ទទួល​លោក អូ​បា​ម៉ា ចេញពី​ទ្វារធំ​យន្តហោះ​ឡើយ ហើយ​លោក អូ​បា​ម៉ា ត្រូវ​ចុះ​តាម​ជណ្ដើរ​យន្តហោះ​ផ្ទាល់​។ បន្ទាប់មក គេ​ក៏​មិនឃើញ​មាន​កម្រាលព្រំ​ក្រហម​លើ​ផ្ទៃដី​ដែរ ហើយ​លោក អូ​បា​ម៉ា ត្រូវ​ដើរ​លើ​ផ្ទៃ​កៅស៊ូ​ព្រលានយន្តហោះ​ទៅកាន់​រថយន្ត​របស់លោក​។​
 
​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ នៅពេលដែល​ទីប្រឹក្សា​សន្តិសុខ​អាមេរិក លោកស្រី Susan Rice ត្រូវបាន​មន្ត្រី​ចិន រារាំង​មិន​ឲ្យ​ដើរទៅ​កាន់​ក្បួន​រថយន្ត​ដែល​កំពុង​រង់ចាំ​។ មន្ត្រី​ចិន​ដដែល​នោះ ក៏បាន​ទាស់សម្ដី​ជាមួយ​មន្ត្រី​សារព័ត៌មាន​របស់​សេត​វិមាន​ម្នាក់ទៀត ដែល​កំពុង​ណែនាំ​អ្នកសារព័ត៌មាន ឲ្យ​ឈរ​ក្នុង​ទីតាំង​អនុញ្ញាត​សម្រាប់​យក​ព័ត៌មាន​។ មន្ត្រី​ចិន​រូបនោះ ស្រែកថា​៖« នេះ​ជា​ទឹកដី​របស់​យើង​។ នេះ​ជា​ព្រលានយន្តហោះ​របស់​យើង​»​។   
 
​តាមពិតទៅ មេដឹកនាំ​ពិភពលោក​ពិភពលោក ដែល​មក​ចូលរួម​កិច្ចប្រជុំ​នេះ សុទ្ធតែ​ទទួលបាន​បដិសណ្ឋារកិច្ច​តាម​បែបបទ​ពិធីការ និង​មាន​កម្រាលព្រំ​ក្រហម ក៏ដូចជា​ជណ្ដើរ​ចាំ​ទទួល​ទាំងអស់​។ សារព័ត៌មាន RT ផ្សាយ​ថា ប្រធានាធិបតី​រុស្សី​, ប្រធានាធិបតី​កូរ៉េខាងត្បូង​, ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បួ​ង​, ប្រធានាធិបតី​ប្រេ​ស៊ី​ល​, នាយករដ្ឋមន្ត្រី​ឥណ្ឌា​, នាយករដ្ឋមន្ត្រី​ជប៉ុន និង​មេដឹកនាំ​ដទៃទៀត គឺ​ត្រូវ​ម្ចាស់ផ្ទះ​ចិន ទទួល​យ៉ាង​រាក់ទាក់​។  
 
​យ៉ាងណាមិញ មន្ត្រី​ចិន​អះអាងថា ខ្លួន​បានរៀបចំ​ជណ្ដើរ​សម្រាប់​ទទួល​មេដឹកនាំ​ទាំងអស់ តែ​ក្រុម​ប្រតិភូ​អាមេរិក បដិសេធ​ប្រើប្រាស់​ជណ្ដើរ​យន្តហោះ ដ្បិត​អ្នក​ដាក់​ជណ្ដើរ​នោះ មិនចេះ​ភាសា​អង់គ្លេស ដែល​នាំ​ឲ្យ​ពិបាក​ទំនាក់​ទំនងជា​មួយក្រុម​សន្តិសុខ​។ ទាក់ទង​នឹង​រឿងនេះ ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា មិនបាន​បង្ហាញ​ខ្វល់ខ្វាយ​អ្វី​ខ្លាំង​ទេ​។ លោក​និយាយថា នេះ​មិនមែនជា​លើកដំបូង​ទេ ហើយ​រឿងនេះ​តែង​តែង​កើតឡើង​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ធំៗ​។​
 
​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​៤ ខែកញ្ញា លោក អូ​បា​ម៉ា បន្ថែមថា រឿង​តូចតាច​នេះ នឹងមិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន និង​អាមេរិក​ឡើយ ដោយ​លោក​បញ្ជាក់ទៀតថា ភាព​តានតឹង​តែងតែមាន នៅពេលដែល​សេត​វិមាន​ចរចា​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ​ទាក់ទង​នឹង​អ្នកកាសែត​។ លោក​លើកឡើង​ដែរ​ថា ចិន ប្រហែលជា​ភ្ញាក់ផ្អើល​នឹង​ទំហំ​ប្រតិភូ​អាមេរិក​។ លោក​បន្តថា ពេល​ទៅ​បរទេស អាមេរិក​តែងមាន​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ច្រើន ឡាន​ក៏​ច្រើន មនុស្ស​ក៏​ច្រើន​។ ចំពោះ​រឿងនេះ ប្រទេស​ម្ចាស់ផ្ទះ​អាច​គិតថា ពិតជា​ច្រើន​មែន​៕  
 
   

Tag:
 ចិន​
  ​អាមេរិក​
  G-20
© រក្សាសិទ្ធិដោយ thmeythmey.com