ជាតិ
ទឹកស្ទឹង​សែន អាច​ឡើងដល់​ការប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន
20, Sep 2016 , 8:59 pm        
រូបភាព
​ស្ថានភាព​ទឹក​ហូរ​ក្រោម​ស្ពាន​ក្នុង​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​, រូបភាព​ក្រសួង​ធនធានទឹក​
​ស្ថានភាព​ទឹក​ហូរ​ក្រោម​ស្ពាន​ក្នុង​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​, រូបភាព​ក្រសួង​ធនធានទឹក​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ដល់ អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង​សែន​ខេត្តកំពង់ធំ បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ខណៈ​កម្ពស់​ទឹកស្ទឹង​សែន​កើន​ឡើងដល់​កម្ពស់​១២,៨៩​ម៉ែត្រ​នៅត្រឹម​ថ្ងៃទី​២០ ខែកញ្ញា​នេះ​។



​គិត​ត្រឹម​ថ្ងៃទី​២០​ខែកញ្ញា​នេះ កម្ពស់​ទឹកស្ទឹង​សែន ខេត្តកំពង់ធំ​បាន​កើនឡើង ដល់​១២.៨៩​ម៉ែត្រ​។ ស្ថានភាព​នេះ អាច​នឹង​បន្ត​កើនឡើង​បន្តទៀត ខណៈដែល​ប្រព័ន្ធ​សម្ពាធ​ទាប បានចាប់ផ្ដើម​មាន នេះ​បើតាម​ការជូនដំណឹង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
 
​ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ លោក យូ ឡា បាន​ប្រាប់​សារព័ត៌មាន​ថ្មី នៅ​រសៀល​ថ្ងៃទី​២០​នេះ​ថា ស្ថានភាព​ទឹក​នៅ​ក្រុង​ស្ទឹងសែន ស្ថិតក្នុង​សភាព​ធម្មតា​នោះទេ​។ ដោយឡែក បន្ទាប់ពី​ក្រសួង​ធនធានទឹក ជូនដំណឹង​កាលពី​ថ្ងៃទី​១៩ អំពី​ស្ថានភាព​សម្ពាធ​ទាប ដែល​តម្រូវ​ឲ្យ​ខេត្ត​ចំនួន​ប្រាំពីរ​ត្រូវ​ប្រុងប្រយ័ត្ន​មក ខេត្តកំពង់ធំ ក៏​ចាប់ផ្ដើម​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​។

​ទោះជា​យ៉ាងណា ស្ថានភាព​ទឹក​ក្នុង​ខេត្ត និង​ប្រព័ន្ធ​សម្ពាធ​ទាប មិនគួរ​ឲ្យ​បារម្ភ​ខ្លាំង​ទេ​សម្រាប់​ខេត្តកំពង់ធំ​។ លោក យូ ឡា បញ្ជាក់ថា​៖ «​កម្ពស់​ទឹកស្ទឹង​សែន ប៉ុន្មាន​ថ្ងៃនេះ​មានការ​កើនឡើង ជុំវិញ​១០​សង់ទីម៉ែត្រ ប៉ុន្តែ​វា​មិនទាន់​ធ្វើ​ឲ្យ​យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​ទេ​។  ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បារម្ភ គឺ​ទឹក​ដែល​ធ្លាក់​មកពី​ខេត្តព្រះវិហារ​, ប្រទេស​ឡាវ និង ប្រទេស​ថៃ ដែល​នឹងត្រូវ​ហូរ​កាត់​តាម​ស្ទឹងសែន ទើប​ជាការ​បារម្ភ​របស់ខ្ញុំ​។ ពីព្រោះ ក្នុង​តំបន់​ខេត្ត​នេះ​យើង​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​ប្រសិនបើ​ទឹកធ្លាក់​មកពី​តំបន់​ខាងលើ យើង​មិនអាច​ដឹង​មុន​ទេ​។ ចំណុច​នេះ​ដែល​ខ្ញុំ​បារម្ភ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​»​។​

​ដ្បិតថា កម្ពស់​ទឹកស្ទឹង​សែន ឡើងដល់​កម្ពស់ ១២.៨៩​ម៉ែត្រ​ក្ដី ប៉ុន្តែ​កម្ពស់​ទឹក​ដែល​ត្រូវ ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន គឺ​នៅ​១៣.៥០​ម៉ែត្រ គឺអាច​នៅ​ជាង​០.៥០​ម៉ែត្រ​ទើបត្រូវ​ប្រកាស​។

​បន្ថែម​ពីនេះ​ប្រធាន​មន្ទី​រូបនេះ បាន​បញ្ជាក់ថា ប្រសិនបើ​ស្ថានភាព​ទឹក ឡើងដល់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន តំបន់​ដែល​ប៉ះពាល់​មុនគេ គឺ​នៅក្នុង​ក្រុង​ស្ទឹងសែន​តែម្ដង ហើយនឹង បណ្ដា​ស្រុក​ផ្នែក​ខាងក្រោម ជាពិសេស​ស្រុក​កំពង់ស្វាយ ដែលជា​តំបន់​ទំនាប​។ ដោយឡែក បណ្ដា​ស្រុក​ផ្នែក​ខាងលើ ដូចជា​ស្រុក​សន្ទុក ស្រុក​បារាយណ៍ ស្រុក​ស្ទោង ស្រុក​ប្រាសាទ​សំបូរ ជាដើម​ប្រជាកសិករ​នៅ​ត្រូវការ​ទឹក​ដើម្បី​ផ្គត់​ផ្គង​ដំណាំ​ស្រូវ​នៅឡើយ​។

​ប៉ុន្តែ​ទោះជា​យ៉ាងណា លោក យូ ឡា ចាត់ទុកថា​នេះ​ជាការ​ជូនដំណឹង​ទុកជាមុន ដើម្បី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ បង្កើន​ការប្រុងប្រយ័ត្ន ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹងសែន​៕


Tag:
 ​កំពង់ធំ​
  ស្ទឹងសែន​
© រក្សាសិទ្ធិដោយ thmeythmey.com